កំពង់ស្ពឺ ស្វាយរៀង ឫទ្ធីសែន និងកោះកុង អស់ឱកាសប្រជែងវគ្គ៤ក្រុមចុងក្រោយ នៃលីគទី២ កម្ពុជា

មាស សុផាណារ៉ុង January 13, 2021


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី៧ ត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ខណៈបានរកឃើញ ៤ក្រុមអស់ឱកាសប្រជែងក្នុងវគ្គ៤ក្រុមចុងក្រោយ។

ការប្រកួតដ៏ជក់ចិត្តចំនួន ៥គូ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ និងទាំងស្មើ ជាពិសេសមានគ្រាប់បាល់ ២១គ្រាប់ កើតឡើង ដូចខាងក្រោម៖

ជ័យជម្នះដែលត្រូវបានចាត់ទុកថាធំធេងជាងគេ គឺក្នុងការប្រកួតរវាង ត្បូងឃ្មុំ ជាមួយ ស្វាយរៀង ពោលគឺមានដល់ទៅ ១១គ្រាប់សម្រាប់ក្រុមទាំងសងខាង គ្រាដែលការប្រកួតរវាង សៀមរាប ជាមួយ កំពង់ស្ពឺ ក៏បានបន្សល់ទុកគ្រាប់បាល់ច្រើនគ្រាប់ផងដែរ។

ក្រុមដែលទទួលការចាប់អារម្មណ៍ ក៏ដូចជាចាត់ទុកថាជាបេក្ខភាពមានភាគរយប្រជែងកៅអីឡើងមកលីគកំពូលដូចជា ខេត្តព្រៃវែង បូករួមជាមួយក្រុមដែលមិនអាចឡើងមកលីគកំពូលកម្ពុជា រដូវកាលក្រោយ កងយោធពលខេមរភូមិន្ទ U-21 ក៏ធ្វើបានល្អដោយមិនទាន់ចាញ់ដូចគ្នាផងដែរ បន្ទាប់ពីក្រុមទាំង ២ស្មើគ្នា ១ទល់១។

តារាងចំណាត់ថ្នាក់សរុបសប្ដាហ៍ទី៧៖

លទ្ធផលនៅសប្ដាហ៍ទី៧ នេះ បានសម្រេចឲ្យរកឃើញ ៤ក្រុមដែលអស់ឱកាសប្រជែងកៅអីឡើងមកលីគកំពូលកម្ពុជា​ រដូវកាល២០២០១​ ផងដែរ ពោលគឺ ខេត្តកំពង់ស្ពឺ, ស្វាយរៀង, ឫទ្ធីសែន និងកោះកុង បន្ទាប់ពីត្រូវបានក្រុមចំណាត់ថ្នាក់លេខ៤ (ចំណាត់ថ្នាក់ត្រូវប្រកួតប្រជែងក្នុងវគ្គ៤ក្រុមចុងក្រោយ) ដល់ទៅ ៧ពិន្ទុ ខណៈការប្រកួតនៅសល់តែ ២ប្រកួតទៀតនឹងបញ្ចប់។

ដោយឡែក សៀមរាប, ត្បុងឃ្មុំ និងអាយអេសអាយ ដង្កោរសែនជ័យ រួមទាំង ខេត្តព្រៃវែង នៅតែជាបេក្ខភាពដែលអាចប្រជែងឱកាសឡើងមកលីគកំពូលកម្ពុជា ត្បិតកំពុងមានពិន្ទុប្រដេញគ្នានៅឡើយ។

សូមបញ្ជាក់ជាថ្មីថា ពានរង្វាន់ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះគឺបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទីទី០៣ ខែតុលា ហើយប្រកួតតែមួយជើងប៉ុណ្ណោះ ដោយចំណាយពេលប្រកួត ៩សប្ដាហ៍ ស្មើនឹង ៤៥ប្រកួត មុននឹងបន្តទៅវគ្គប្រជែងជើងឯកសម្រាប់ក្រុមខ្លាំងទាំង៤ (Top 4) ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ខាខងមុខ។

ក្រុមតែមួយប៉ុណ្ណោះដែលឈ្នះជើងឯកក្នុងវគ្គប្រជែងជើងឯក នឹងទទួលបានកៅអីឡើងមកលីគកំពូលកម្ពុជា នារដូវកាល២០២១ ខណៈ ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ មិនអាចឡើងមកលីគកំពូលបានឡើយ ទោះជាឈ្នះជើងឯក ឬបានលេខ២ ព្រោះពួកគេជាក្រុមឧបសម្ព័ន្ធរបស់ក្លិបភ្នំពេញក្រោន និង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ដែលកំពុងលេងនៅលីគកំពូលស្រាប់៕

 

រូបភាព៖ Cambodian League 2

មតិយោបល់