លីគទី២ កម្ពុជា៖ កីឡាករ ៥រូប ផុតពិន័យពីការព្យួរមិនឲ្យប្រកួត ៣ខែ ដោយសារការប្រើហិង្សានៅលើទីលាន កាលពីពេលថ្មី

មាស សុផាណារ៉ុង January 12, 2021


 

ភ្នំពេញ៖ កីឡាករចំនួន ៥រូប របស់ក្លិបបាល់ទាត់ខេត្តព្រៃវែង (៤នាក់) និង ក្រុមបាល់ទាត់ U-21 របស់ក្លិបភ្នំពេញក្រោន (១នាក់) ដែលធ្លាប់ត្រូវបានគណៈកម្មការវិន័យ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចដាក់ទណ្ឌកម្មបន្ទាប់បានធ្វើឲ្យមានការប៉ះទង្គិចគ្នានៅលើទីលាន ឈានទៅដល់ការប្រើហិង្សា កាលពីដើមខែវិច្ឆិកា ក្នុងពានរង្វាន់លីគលំដាប់ទី២ កម្ពុជា ដោយភាគច្រើនរយៈពេល ៣ខែនោះ ត្រូវបានដឹងថា បានរួចផុតពីបម្រាម និងអាចចូលរួមប្រកួតបានវិញ ចាប់ពីសប្ដាហ៍នេះតទៅ។

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក្នុងជំនួបសប្ដាហ៍ទី៤ នៃពានរង្វាន់លីគលំដាប់ទី២ កម្ពុជា រវាងក្រុមទាំងពីរ នៅទឹកដីកីឡដ្ឋានខេត្តព្រៃវែង មានការប៉ះទង្គិចគ្នានៅលើទីលាន ឈានទៅដល់ការប្រើហិង្សា  ដោយហេតុការណ៍នៃការប៉ះទង្គិចគ្នាបានកើតឡើងនៅចុងវគ្គទី១ បន្ទាប់ពីកីឡាករ វឿន វ៉ា (ព្រៃវែង) បានព្យាយាមយកជើងទៅទាត់បាល់ពីដៃអ្នកចាំទី គឹម ចាន់ធី (U-21 ភ្នំពេញក្រោន) ដែលជាហេតុនាំឲ្យមានការប្រទុះសារ៉ាយគ្នា រហូតឈានដល់មានការវាយតបគ្នា។

ក្នុងនោះមានអ្នកពាក់ព័ន្ធជាច្រើននាក់ ដូចជាកីឡាកររបស់ព្រៃវែង ៥នាក់ រួមមាន គី រីណា, វុធ តុលា, ពៅ ចាន់ថេត, លីន តារាវិទ្យ និង វឿន វ៉ា, ភ្នំពេញក្រោន មាន ២នាក់ គឺ គឹម ចាន់ធី និង មន រួង ហើយជាការសម្រេចចិត្តភ្លាមៗ កីឡាករ ២នាក់នៃក្រុមទាំងសងខាង បានទទួលកាតក្រហមម្នាក់មួយសន្លឹក គឺកីឡាករ វុធ តុលា (ព្រៃវែង) និង គឹម ចាន់ធី (U-21 ភ្នំពេញក្រោន) បន្ទាប់មកគណៈកម្មការវិន័យ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចដាក់ទណ្ឌកម្មលើកីឡាករចំនួន ៧រូប ក្លិបបាល់ទាត់ខេត្តព្រៃវែង (៥រូប) និង ក្រុមបាល់ទាត់ U-21 របស់ក្លិបភ្នំពេញក្រោន (២រូប) នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពិនិត្យលើរបាយការណ៍។

ចំពោះទណ្ឌកម្ម កីឡាករទាំង ៧រូបដែលរងទណ្ឌកម្មមកពីក្លិបបាល់ទាត់ខេត្តព្រៃវែង មានដូចជា៖ គី រីណា, វុធ តុលា, ពៅ ចាន់ថេត និង លីន តារាវិទ្យ រងទណ្ឌកម្មព្យួរមិនឲ្យប្រកួតរយៈពេល ៣ខែ និងពិន័យជាប្រាក់ ២៥០,០០០រៀល លើកំហុសចូលរួមជម្លោះវាយតប ខណៈ វឿន វ៉ា រងទណ្ឌកម្មព្យួរមិនឲ្យប្រកួតចំនួន ២ប្រកួត លើកំហុសជនបង្កហេតុ។ ដោយឡែកកីឡាករ ២រូបរបស់ U-21 ភ្នំពេញក្រោន វិញរួមមានអ្នកចាំទី គឹម ចាន់ធី ជាមួយកីឡាករ មន រួង រងទណ្ឌកម្មព្យួរមិនឲ្យប្រកួតរយៈពេល ៣ខែ និងពិន័យជាប្រាក់ ២៥០,០០០រៀល លើកំហុសចូលរួមជម្លោះវាយតបដូចគ្នាផងដែរ។ ដែលជាហេតុនាំឲ្យកីឡាករទាំង ៦រូបនេះ នឹងពុំមានវត្តមានជាមួយក្រុមរបស់គេរៀងៗខ្លួនប្រកួតក្នុងលីគទី២ រហូតដល់ចប់រដូវកាល២០២០ នេះ។

យ៉ាងណាមិញ ក្រោយមកមានសេចក្ដីរាយការណ៍ឲ្យដឹងថា មានការប្ដឹងតវ៉ា ហើយគណៈកម្មការវិន័យ សម្រេចកាត់បន្ថយពិន័យ និងសម្រួលមកនៅត្រឹម ១ខែ ចំពោះកីឡាករចំនួន ៥រូប ដែលមកទល់ពេលនេះអាចចូលប្រកួតវិញបាន រួមមាន ព្រៃវែង (៤នាក់) វឿន វ៉ា, គី រីណា, វុធ តុលា និង លីន តារាវិទ្យ ខណៈភ្នំពេញក្រោន (១នាក់) គឺកីឡាករ មន រួង ស្របពេលដែល ពៅ ចាន់ថេត (របស់ព្រៃវែង) និង គឹម ចាន់ធី (របស់ U-21 ភ្នំពេញក្រោន) មិនទាន់រួចផុតបម្រាមឡើយ។

គួរបញ្ជាក់ថា លីគលំដាប់ទី២ កម្ពុជា នៅសល់​ ៣ប្រកួតទៀតនឹងបញ្ចប់ក្នុងវគ្គសន្សំពិន្ទុ ខណៈទាំង ព្រៃវែង និង U-21 ភ្នំពេញក្រោន សុទ្ធសឹងតែជាបេក្ខភាពក្រុមដែលអាចមានភាគរយបន្តទៅវគ្គ ដណ្ដើមជើងឯក ក្នុងតំបន់ (Top 4) ដូចគ្នាផងដែរ៕

មតិយោបល់