យុវជនថ្មី ២នាក់ ត្រូវបានបញ្ចូលក្នុងបញ្ជី ហ្វឹកហាត់ដំណាក់កាលទី៤ នៃក្រុម U-19 កម្ពុជា

មាស សុផាណារ៉ុង January 7, 2021


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានបង្ហាញបញ្ជីឈ្មោះកីឡាករ ៣៤នាក់ នៃក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ដើម្បីប្រមូលផ្ដុំធ្វើតេស្ត និងហ្វឹកហាត់ដំណាក់កាលទី៤ ត្រៀមប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) នៅប្រទេសអ៊ូបេគីស្ថាន នាខែមីនា ខាងមុខ។

យុវជនទាំងនោះត្រូវបានស្គាល់ថាមកពីយុវជនសាលាបាល់ទាត់ជាតិបាទី, មកពីក្លិបបាល់ទាត់វិសាខា, ណាហ្គាវើលដ៍, បឹងកេត, នគរបាលជាតិ, អគ្គិសនីកម្ពុជា, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ និងព្រះខ័នរាជស្វាយរៀង។​ ចំពោះកាលបរិច្ឆេទនៃថ្ងៃចូលធ្វើតេស្ត សហព័ន្ធពុំបានបញ្ជាក់ឲ្យដឹងឡើយ។

សមាសភាពកីឡាករវិញ គឺមានការប្រែប្រួលបន្តិចបន្តួច ដោយមានបន្ថែមកីឡាករថ្មី ២នាក់ លើកីឡាករ ៣២នាក់ដែលបន្តជាប់ពីការធ្វើតសេ្តដំណាក់កាលទី៣ ពោលគឺកីឡាករ ហេង សុវណ្ណបញ្ញា មកពីសាលាបាល់ទាត់ជាតិបាទី (កោះហៅលើកដំបូង) និងកីឡាករ សារ ទី របស់អគ្គិសនីកម្ពុជា (កោះហៅជាលើកទី២ ក្រោយខកខាននៅដំណាក់កាលទី២ និងទី៣)។

ដូច្នេះសរុបកីឡាករទាំង ៣៤នាក់មានមកពី ក្រុមសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ (១០នាក់), បឹងកេត (៨នាក់), ខេត្តព្រៃវែង (៧នាក់), ភ្នំពេញក្រោន (២នាក់), អគ្គិសនីកម្ពុជា (២នាក់), អង្គរថាយហ្គឺរ (១នាក់), ណាហ្គាវើលដ៍ (១នាក់), នគរបាលជាតិ (១នាក់), វិសាខា (១នាក់) និងព្រះខ័នរាជស្វាយរៀង (១នាក់)។

សូមបញ្ជាក់ថា នេះគឺជាការកោះហៅចូលធ្វើតេស្តលើកទី៤ បន្ទាប់ពីលើកដំបូងបានធ្វើឡើងកាលពីពាក់កណ្ដាលខែកក្កដា ដោយមានកីឡាករក្នុងបញ្ជីដំបូង ៣៨នាក់ និងក្រោយមកបន្ថែមរហូតដល់កើនឡើងជាង ៤០នាក់បានចូលរួមធ្វើតេស្តចំនួន ៣សប្ដាហ៍, លើកទី២ នៅដើមខែកញ្ញា ធ្វើតេស្តចំនួន ៣សប្ដាហ៍ដូចគ្នា ជាមួយសមាសភាពកីឡាករ ៣២នាក់ និងលើកទី៣ នៅពាក់កណ្ដាលខែតុលា ធ្វើតេស្តចំនួន ៣ដង ជាមួយសមាសភាពកីឡាករ ៣២នាក់ដដែល។

ចំពោះបេសកកម្មចូលរួមប្រកួតពានរង្វាន់ (2020 AFC U-19 Championship) U-19 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 ឥណ្ឌូនេស៊ី និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ ហើយការប្រកួតគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី០៤ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅលើទឹកដីនៃប្រទេសអ៊ូបេគីស្ថាន បន្ទាប់ពីបានលើកពេលម្ដងកាលពីខែតុលា ឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-១៩៕

 

អានផងដែរ៖ ដំណាក់កាលទី១

អានផងដែរ៖ ដំណាក់កាលទី២

អានផងដែរ៖ ដំណាក់កាលទី៣

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់