យុវជន ៤រូបទៀត ចាកចេញពីមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ក្រោយបញ្ចប់រដូវកាល២០២០
មាស សុផាណារ៉ុង January 6, 2021
តាកែវ៖ សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា បានប្រកាសឲ្យដឹង នៅដើមឆ្នាំ២០២១ នេះ សមាជិកនៃក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ចំនួន ៤រូបផ្សេងទៀត បានចាកចេញពីក្រុម បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាកីឡាបាល់ទាត់ជាតិដែលមានមូលដ្ឋាននៅក្នុងខេត្តតាកែវ មួយនេះ បន្ទាប់ពីចុងរដូវកាល២០២០ មានការចាកចេញកីឡាករ ៨រូបរួចមក។
កីឡាករទាំង ៤រូបនឹងបញ្ចប់ការសិក្សា និងហ្វឹកហាត់ ហើយត្រូវរំសាយទៅកាន់ក្លិប ឬសមាគមដើមរបស់គេ ក្នុងអំឡុងវិសម្សកាលឆ្នាំ២០១៩-២០២០ បន្ទាប់ពីពួកគេបានទទួលការបណ្ដុះបណ្ដាលអស់រយៈពេលជាច្រើនឆ្នាំ។
យុវជនទាំង ៤រូបនោះរួមមាន៖
គួរបញ្ជាក់ថា នេះជាការត្រៀមរំសាយយុវជនដែលដល់សុពលភាពនៃកិច្ចសន្យា ជាមួយ មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ដែលជាសាលាបាល់ទាត់ស្ដង់ដារបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី៤ ហើយបន្ទាប់ពី លើកទី១ កាលពីឆ្នាំ២០១៨ រំសាយយុវជន ១៦រូប និងនៅឆ្នាំ២០១៩ កន្លងទៅរំសាយយុវជន ៥រូប និងលើកទី៣ កាលពីពេលថ្មីៗនេះចំនួន ៨រូប ហើយភាគច្រើននៃពួកគេកំពុងប្រកបអាជីពនៅក្លិបនានានៃលីគកំពូលកម្ពុជា ផងដែរ។
មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី បានបើកឲ្យដំណើរការកាលពីឆ្នាំ២០១៣ ហើយបានប្រមូលកីឡាករក្មេងៗល្អៗជាច្រើន ដើម្បីធ្វើការបណ្ដុះបណ្ដាលសមត្ថភាពផ្នែកកីឡាបាល់ទាត់ នឹងត្រូវយកមកមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទីនេះ ហើយពួកគេបានទទួលការសិក្សាទាំងភាសាខ្មែរ (ចំណេះដឹងទូទៅ) រួមជាមួយភាសាអង់គ្លេស ការស្នាក់នៅប្រកបដោយផាសុខភាព និងការបំប៉នអាហារ ថែរក្សាសុខភាព គ្រប់បែបយ៉ាងទាំងអស់។
រចនាសម្ព័ន្ធសំណង់នៃមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី មានអាគារចំនួន១៣ ធ្វើពីបេតុងដែលក្នុងនោះមាន អាគារធំសម្រាប់កីឡាករជម្រើសជាតិចំនួន៣, អាគារអាហារដ្ឋាន១, អាគារផ្លាស់ប្តូរសម្លៀកបំពាក់២, អគារស្នាក់នៅសម្រាប់កីឡាករថ្នាលវ័យក្មេង ចំនួន៦ ដែលអាគារនីមួយៗមានកម្ពស់ ២ជាន់ និង ៤បន្ទប់ ព្រមទាំងមានអាគាររដ្ឋបាលកម្ពស់ ២ជាន់១ខ្នងហើយក្រៅពីនោះ មានទីលានលេងបាល់ទាត់ធំៗចំនួន៤ និងអាងចម្រោះទឹកស្អាត១ ផងដែរ៕
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា