លីគទី២ កម្ពុជា នឹងប្រើពេល ១៩ថ្ងៃ ដើម្បីស្វែងរកក្រុមឡើងមកលីគកំពូលកម្ពុជា រដូវកាលក្រោយ

មាស សុផាណារ៉ុង January 6, 2021


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ នឹងប្រើពេល ១៩ថ្ងៃ ដើម្បីស្វែងរកក្រុមឡើងមកលីគកំពូលកម្ពុជា រដូវកាលក្រោយ។

យោងតាមកម្មវិធីប្រកួតថ្មី ‘លីគលំដាប់ទី២ កម្ពុជា’ នឹងត្រលប់មកវិញនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១​​ ហើយនឹងបញ្ចប់នៅថ្ងៃទី៣០ ខែដដែល ពោលគឺនឹងប្រើរយៈពេលត្រឹមតែ ១៩ថ្ងៃប៉ុណ្ណោះ ដែលស្មើនឹង ១៨ប្រកួត (នៅសល់ ៣សប្ដាហ៍វគ្គវិលជុំសន្សំពិន្ទុ និងនៅសល់ ៣ប្រកួត វគ្គដណ្ដើមជើងឯក) ដើម្បីប្រកួតរកក្រុមដែលល្អដាច់គេ។

កម្មវិធីប្រកួតថ្មីដដែល សម្រាប់ ៣សប្ដាហ៍វគ្គវិលជុំសន្សំពិន្ទុ គឺនឹងចាប់ផ្ដើមប្រកួតនៅថ្ងៃអង្គារ៍ ទី១២ បន្ទាប់មកនៅថ្ងៃសៅរ៍ ទី១៦ និងចុងក្រោយនៅថ្ងៃអង្គារ៍ ទី១៩។ ដោយឡែកចូលដល់វគ្គដណ្ដើមជើងឯក ដែលមាន ៤ក្រុមត្រូវប្រកួតប្រជែងគ្នា (Top 4) នោះ លេខ៤ ប៉ះ លេខ៣ នៅថ្ងៃទី២៣ មករា បន្ទាប់មកក្រុមដែលឈ្នះឡើងទៅជួបក្រុមលេខ២ នៅថ្ងៃទី២៦ មករា និងក្រុមដែលឈ្នះឡើងទៅជួបក្រុមលេខ១ នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី៣០ ខែមករា។

លីគកំពូលកម្ពុជា រដូវកាល២០២១ គ្រោងចាប់ផ្ដើមពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ តទៅ ដែលការបញ្ចប់លឿនបែបនេះក៏ជាទុកពេលជាង ១ខែឲ្យក្រុមដែលទទួលបានឱកាសឡើងលីគកំពូល មានពេលវេលារៀបចំខ្លួនផងដែរ។

អានផងដែរ លីគលំដាប់ទី២ កម្ពុជា កំណត់យកតែក្រុមលេខ១ ឬលេខ២ ប៉ុណ្ណោះដើម្បីឡើងមកលីគកំពូលកម្ពុជា

សូមរំឭកថា គិតមមកទល់ពេលនេះពានរង្វាន់លីគលំដាប់ទី២ កម្ពុជា ប្រកួតបាន ៦សប្ដាហ៍រួចមកហើយ ដោយ ខេត្តព្រៃវែង កំពុងនាំមុខក្នុងតារាង ជាមួយ U-21 ទ័ព ដោយខុសគ្នាត្រង់គ្រាប់បាល់ចំណេញ និងជាបន្តបន្ទាប់ដូចតារាងខាងក្រោម៖

 

រូបភាព៖ Cambodian League 2

មតិយោបល់