លីគទី២ កម្ពុជា រំពឹងរកឃើញជើងឯកមុនរដូវកាលថ្មីនៃលីគកំពូលមកដល់ ក្រោយត្រលប់មកប្រកួតវិញជាលើកទី២

មាស សុផាណារ៉ុង January 5, 2021


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់បាល់ទាត់ផ្លូវការ ក្នុងស្រុកចំនួន ៥ផ្សេងៗគ្នា នឹងត្រលប់មកធ្វើការជាធម្មតាវិញនៅសប្ដាហ៍ក្រោយ បន្ទាប់ពីត្រូវបានសម្រេចផ្អាកទាំងអស់កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោយកើតមានព្រឹត្តិការណ៍ សហគមន៍ ២៩វិច្ឆិកា។

ពានរង្វាន់ផ្លូវការទាំង ៥នោះរួមមាន លីគលំដាប់ទី២ កម្ពុជា, ពានរង្វាន់លីគបាល់ទាត់នារី, ពានរង្វាន់បាល់ទាត់ក្នុងសាល និងពានរង្វាន់ ជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងយុវជនអាយុក្រោម ១៨ឆ្នាំ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងនោះ ៤ ពានរង្វាន់មកវិញនៅចុងសប្ដាហ៍ក្រោយ និង ១ទៀតនៅពាក់កណ្ដាលសប្ដាហ៍ក្រោយ ពោលគឺលីគលំដាប់ទី២ កម្ពុជា ផ្ទាល់ដែលរំពឹងថានឹងឆាប់រកឃើញជើងឯក ដើម្បីឡើងមកលីគកំពូល នៅរដូវកាល២០២១ ដែលគ្រោងចាប់ផ្ដើមពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ តទៅ។

ប្រភពជិតស្និតបានបង្ហើបឲ្យដឹងទៀតថា លីគលំដាប់ទី២ កម្ពុជា នឹងសម្រុកប្រកួត ១សប្ដាហ៍ ចំនួន ២ប្រកួត ពោលគឺនៅពាក់កណ្ដាលសប្ដាហ៍ និងចុងសប្ដាហ៍ ដែលគិតមកទល់ពេលនេះ នៅសល់តែ ៣ប្រកួតទៀតប៉ុណ្ណោះសម្រាប់វគ្គវិលជុំសន្សំពិន្ទុ និងវគ្គដណ្ដើមជើងឯកនៅសល់ ៣ប្រកួតដូចគ្នា សរុប ៦ប្រកួត ដែលអាចនឹងបញ្ចប់នៅចុងខែមករា នេះផ្ទាល់តែម្ដង បើគ្មានអ្វីប្រែប្រួល។

ចំពោះការវិលត្រលប់មកវិញនៃពានរង្វាន់ទាំង៥ នៅសប្ដាហ៍ក្រោយ រួមមាន លីគលំដាប់ទី២ កម្ពុជា (ថ្ងៃទី១២ មករា ២០២១), ពានរង្វាន់លីគបាល់ទាត់នារី (ថ្ងៃទី១៧ មករា ២០២១), ពានរង្វាន់បាល់ទាត់ក្នុងសាល (ថ្ងៃទី១៦ មករា ២០២១) និងពានរង្វាន់ ជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ ជាមួយពានយុវជនអាយុក្រោម ១៨ឆ្នាំ គឺចាប់ផ្ដើមឡើងវិញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ដូចគ្នា។

សូមរំឭកថា ពានរង្វាន់ទាំង ៥ខាងលើបានផ្អាកចំនួន ២ដងរួចមកហើយ ដោយលើកដំបូងរយៈពេល ២សប្ដាហ៍ដោយសារការកើតឡើងក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា និងលើកទី២ រយៈពេលជាង ១ខែ ដោយសារការកើតឡើងក្នុងព្រឹត្តិការណ៍ សហគមន៍ ២៩វិច្ឆិកា។

គិតមមកទល់ពេលនេះពានរង្វាន់លីគបាល់ទាត់នារី បានដំណើរការប្រកួតបាន ៦សប្ដាហ៍រួចមកហើយ ខណៈលីគលំដាប់ទី២ កម្ពុជា ប្រកួតបាន ៦សប្ដាហ៍ដូចគ្នា ដោយឡែកពានរង្វាន់បាល់ទាត់ក្នុងសាល និងពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ គឺទើបតែចាប់ផ្ដើមដំណើរការប្រកួតបាន ១សប្ដាហ៍ប៉ុណ្ណោះ គ្រាដែលពានយុវជនអាយុក្រោម ១៥ឆ្នាំ មិនទាន់ដំណើរការប្រកួតនៅឡើយ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់