អ៊ីរ៉ាក់ ប្រកួតមិត្តភាពជាមួយ អារ៉ាប់រួម ត្រៀមខ្លួនមុនជម្រុះ World Cup ត្រលប់មកវិញ

មាស សុផាណារ៉ុង January 4, 2021


 

អ៊ីរ៉ាក់៖ គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ាក់ លោក Srecko Katanec បានកោះហៅកីឡាករ ២៤នាក់សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិទល់នឹង ក្រុមជម្រើសជាតិអារ៉ាប់រួម នៅទីក្រុងឌូបៃ នាថ្ងៃទី១២ ខែមករា ខាងមុខនេះ ដើម្បីត្រៀមបន្តការប្រកួតជម្រុះជើងឯកអាស៊ី (AFC Asian Cup) និងជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup)។

ការប្រកួតលើកនេះ ក៏នឹងមានការប្រែប្រួលសមាសភាពកីឡាករខ្លះៗផងដែរសម្រាប់ អ៊ីរ៉ាក់ ដ្បិតកីឡាករសំខាន់ៗមួយចំនួនមិនអាចមកចូលរួមបានដោយសារការប្រកួតនេះនៅក្រៅប្រតិទិនប្រកួតដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ឬគេហៅថាថ្ងៃ FIFA Day។ នេះក៏ជាការប្រកួតលើកទី២ របស់អ៊ីរ៉ាក់ ផងដែរក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ដែលធ្វើឡើងក្នុងអំឡុងវិបត្តជំងឺសាកលកូវីដ-១៩ បន្ទាប់ពីបានប្រកួតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ទល់នឹង ហ៊្សកដានី បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០ទល់០។

អ៊ីរ៉ាក់ គឺជាក្រុមនាំមុខគេក្នុងពូល ក្រោយប្រកួត ៥ដង មិន ១១ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បារ៉ែន ចំនួន ២ពិន្ទុ​ (មាន ៩ពិន្ទុក្នុងដៃ) ខណៈអ៊ីរ៉ង់ ឈរនៅលេខ៣ មាន ៦ពិន្ទុ ប៉ុន្តែសល់ ១ប្រកួតក្នុងដៃ ខណៈ ហុងកុង (លេខ៤) កម្ពុជា (លេខ៥) ដែលអស់ឱកាសឡើងទៅជុំទី៣ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup) ទៅហើយនោះ នៅសល់ត្រឹមតែឱកាសប្រជែងធ្វើយ៉ាងណាឲ្យរួចផុតពីការប្រកួតជម្រុះពីវគ្គដំបូង (play-off round) ក្នុងពានជើងឯកអាស៊ី (AFC Asian Cup) ដើម្បីបានកៅអីមិនបាច់ជម្រុះ (បានចូលទៅវគ្គចែកពូល) តែប៉ុណ្ណោះ។

ចំពោះការប្រកួតជុំទី២ វគ្គជម្រុះបាល់ទាត់ពិភពលោក ត្រូវបានពន្យាពេល ២លើករួចមកហើយ ដោយលើកដំបូងគឺនៅខែមីនា និងមិថុនា ឆ្នាំ២០២០ គម្រោងលើកទៅប្រកួតខែតុលា និងវិច្ឆិកា ឆ្នាំ២០២០ តែក្រោយមកទៀតក៏សម្រេចលើកក្នុងអំឡុងខែតុលា និងវិច្ឆិកា សារជាថ្មីមកប្រកួតនៅក្នុងអំឡុងខែមីនា និងមិថុនា ឆ្នាំ២០២១ ក្នុងស្ថានភាពដូចគ្នាដោយសារវិបត្តិជំងឺកូវីដ-១៩។

ក្រុមគោព្រៃកម្ពុជា នៅសល់ ៣ប្រកួតក្នុងដៃ ហើយត្រូវជួបក្រុមជម្រើសជាតិបារ៉ែន បន្ទាប់មកត្រូវទទួលអ៊ីរ៉ង់ នៅពហុកីឡដ្ឋានជាតិ និងប្រកួតចុងក្រោយរបស់កម្ពុជា គឺត្រូវឡើងទៅជួប អ៊ីរ៉ាក់ នេះផ្ទាល់ ដែលគ្រោងធ្វើឡើងវិញនៅខែមីនា និងខែមិថុនា៕

មតិយោបល់