ក្រុមការងារគ្រូបង្វឹក U-19 អ៊ីរ៉ង់ បង្ហើបថាបានតេស្តអ្នកចាំទី ២៥នាក់ មុនរើសបាន ៦នាក់ជាទីពេញចិត្ត

មាស សុផាណារ៉ុង December 29, 2020


 

អ៊ីរ៉ង់៖ គ្រូបង្វឹកអ្នកចាំទី របស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ អាយុក្រោម១៩ឆ្នាំ បានសម្តែងការពេញចិត្តនឹងជំរំហ្វឹកហាត់របស់ក្រុម នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន ហើយជាពិសេសគឺពាក់ព័ន្ធជាមួយនឹងអ្នកចាំទី​ ដែលត្រូវបានជ្រើសរើសពីចំណោមកីឡាករចាំទី ២៥នាក់។

យោងតាមការចេញផ្សាយនៅវិបសាយផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ គ្រូអ្នកចាំទី លោក Mohammad Ali Yahyawi បាននិយាយអំពីស្ថានភាពចុងក្រោយរបស់អ្នកចាំទីក្រុមយុវជនជម្រើសជាតិថា៖ «សំណាងណាស់ ដែលយើងបានធ្វើជំរំហ្វឹកហាត់ដែលមានប្រយោជន៍ខ្លាំងនៅតាហ្ស៊ីគីស្ថាន ហើយយើងបាននាំអ្នកចាំទីទាំង ៣នាក់ មកទីនេះ។ ប៉ុន្តែអ្នកចាំទីម្នាក់ក្នុងចំណោមពួកគេបានរងរបួស។ ខ្ញុំពេញចិត្តនឹងការបង្ហាញទម្រង់លេងរបស់ពួកគេ ហើយខ្ញុំគិតថាពួកគេលេងបានល្អ…។»

ទាក់ទងនឹងដំណើរការនៃការជ្រើសរើសក្រុមយុវជនជម្រើសជាតិ លោក Yahyawi បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថាយើងបានសាកល្បងអ្នកចាំទីជាង ២៥នាក់ចាប់តាំងពីខ្ញុំបានចូលរួមជាមួយបុគ្គលិកបច្ចេកទេសរបស់ក្រុមនេះ ហើយក្នុងចំណោមអ្នកទាំងនោះ យើងបានឈានដល់ជម្រើសចុងក្រោយ ចំនួន ៦នាក់ ដែលទាំងអស់នេះសុទ្ធតែមានសមត្ថភាព។ ក្នុងពេលនេះយើងជ្រើសរើសបាន ៣នាក់ សម្រាប់ការបោះជំរំហ្វឹកហាត់នៅតាហ្ស៊ីគីស្ថាន។ ដំណើរការនៃការពិនិត្យឡើងវិញនូវលក្ខខណ្ឌរបស់អ្នកចាំទីនឹងបន្ត ហើយប្រសិនបើលក្ខខណ្ឌនៃជម្រើសណាមួយមានភាពប្រសើរឡើងយើងនឹងពិចារណាលើជម្រើសនោះ ហើយមិនមានបញ្ហានៅក្នុងការជ្រើសរើសនេះទេ។»

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ អាយុក្រោម ១៩ឆ្នាំ ទើបតែបានបញ្ចប់យុទ្ធនាការបោះជំរំហ្វឹកហាត់ និងប្រកួតមិត្តភាពកម្ដៅសាច់ដុំរបស់ខ្លួនរយៈពេល ១ខែហើយ នៅក្នុងប្រទេសតាជីគីស្ថាន ដោយបន្សល់ទុកលទ្ធផល ចាញ់១ ស្មើ១ ផងដែរ ក្នុងអំឡុងការប្រកួតកម្ដៅសាច់ដុំ។

ក្រុមនេះនៅសល់ពេលច្រើនខែទៀតផងដែរ​ ដើម្បីត្រៀមចូលរួមប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (2020 AFC U-19 Championship) ដែលស្ថិតនៅពូល A ជាមួយ U-19 អ៊ូបេគីស្ថាន, U-19 ឥណ្ឌូនេស៊ី និង U-19 កម្ពុជា ហើយកាលបរិច្ឆេទថ្មីនៃការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី០៤ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅលើទឹកដីនៃប្រទេសអ៊ូបេគីស្ថាន បន្ទាប់ពីបានលើកពេលម្ដងកាលពីខែតុលា ឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-១៩៕

 

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់អ៊ីរ់ង់ – ffiri.ir

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់