សូលទីឡូអង្គរ នាំចូលសមាជិកថ្មីប្លែកមុខជាច្រើនរូប ត្រៀមរដូវកាល២០២១

មាស សុផាណារ៉ុង December 29, 2020


 

សៀមរាប៖ ក្លិបបាល់ទាត់មានមូលដ្ឋានក្នុងខេត្តសៀមរាប ‘សូលទីឡូអង្គរ’ នៅក្នុងសប្ដាហ៍នេះ បានធ្វើការប្រកាសនាំចូលសមាជិកថ្មីប្លែកមុខជាច្រើនរូប ដើម្បីត្រៀមរដូវកាល២០២១ នៃលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

យោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបនៅព្រឹកនេះ បានបង្ហាញមុខកីឡាករថ្មីចំនួន ៥រូប ក្នុងនោះភាគច្រើនគឺជាកីឡាករយុវជន និងមកពីក្លិបពាក់កណ្ដាលអាជីពក្នុងខេត្តសៀមរាបផ្ទាល់។

ក្រៅតែពីការនាំចូលកីឡាករថ្មី សូលទីឡូអង្គរ ក៏បានប្រកាសបន្តកិច្ចសន្យាកីឡាករ ២រូបបន្ថែមទៀតផងដែរ ពោលគឺអ្នកចាំទី នាង ផានិត និងកីឡាករដែលរួមរស់ជាមួយក្លិបរយៈពេលយូរ កីឡាករ កែវ សុផល ខណៈមុននេះប៉ុន្មានថ្ងៃក៏មានកីឡាករ ២រូបបានផុតកិច្ចសន្យាជាមួយក្លិបគឹកីឡាករ លី មូស្លីម​ និងកីឡាករ ប៊ុន វិច្ឆិកា។

រំឭកផងដែរ ក្រោយចប់រដូវកាលភ្លាមៗ កីឡាករបរទេស និងជាតួសំខាន់ដល់ទៅ ៤រូបរបស់សូលទីឡូអង្គរ បានចាកចេញពីក្លិបរួមមាន Kenta Fujihara, Fumiya Kogure, Kota Motoyama និង Matheus Souza ដោយឡែកមានតែកីឡាករ Tomoyuki Unno ដែលសម្រេចបន្តរួមរស់ជាមួយក្លិប។

សូមបញ្ជាក់ថា សូលទីឡូអង្គរ រដូវកាលមុនបានបញ្ចប់ទៅដោយឈរនៅលេខ១១ ក្នុងលីគ ក្រោយប្រកួត ១៨ដង ឈ្នះ៣ ស្មើ២ និងចាញ់ ១៣ដង រួចផុតពីការកាត់ចេញទៅលីគទី២៕

 

រូបភាព៖ សូលទីឡូអង្គរ – Soltilo Angkor FC

មតិយោបល់