U-19 អ៊ីរ៉ង់ ប្រកួតចាញ់១ ស្មើ១ ក្នុងជំនួបមិត្តភាពជាមួយ U-19 តាជីគីស្ថាន ក្រោមកំទិចព្រិល

មាស សុផាណារ៉ុង December 28, 2020


 

តាជីគីស្ថាន៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ អាយុក្រោម ១៩ឆ្នាំ បានបញ្ចប់យុទ្ធនាការបោះជំរំហ្វឹកហាត់ និងប្រកួតមិត្តភាពកម្ដៅសាច់ដុំរបស់ខ្លួនរយៈពេល ១ខែហើយ នៅក្នុងប្រទេសតាជីគីស្ថាន ដោយបន្សល់ទុកលទ្ធផល ចាញ់១ ស្មើ១ ផងដែរ ក្នុងអំឡុងការប្រកួតកម្ដៅសាច់ដុំ។

U-19 អ៊ីរ៉ង់ ត្រូវបានដឹងថាបានចាកចេញពីទឹកដីរបស់ខ្លួន កាលពីដើមខែធ្នូ ចុងឆ្នាំ២០២០ នេះ ដើម្បីបោះជំរំហ្វឹកហាត់រយៈពេល ១ខែ នៅប្រទេសតាជីគីស្ថាន ដោយបូករួមមានការប្រកួតមិត្តភាពកម្ដៅសាច់ដុំ ជាមួយប្រទេសម្ចាស់ផ្ទះ U-19 តាជីគីស្ថាន ចំនួន ២ប្រកួតផងដែរ ដើម្បីជាការសាកល្បង ក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មី។

គ្រូបង្វឹកថ្មី និងជាគ្រូទី៣ ដែលមានការពាក់ព័ន្ធនឹង U-19 អ៊ីរ់ង់ ក្នុងរយៈពេល ៤ខែ នាអំឡុងពេលត្រៀមប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (2020 AFC U19 Championship) ឆ្នាំ២០២០ ដែលលើកទៅលេងនៅឆ្នាំក្រោយ លោក Davoud Mahabadi (៤៧ឆ្នាំ) បានដឹកនាំក្រុមប្រកួតដំបូងចាញ់ U-19 តាជីគីស្ថាន ២ទល់១ កាលពីថ្ងៃទី២៤ ខែធ្នូ ក្រោយហ្វឹកហាត់បាន ១ខែ និងបន្ទាប់មកនៅថ្ងៃទី២៧ ម្សិលមិញនេះ បានធ្វើការប្រកួតម្ដងទៀត តែទទួលបានលទ្ធផលស្មើគ្នា ១ទល់១ ក្រោមកំទិចព្រិល។

គិតមកទល់ពេលនេះ U-19 អ៊ីរ់ង់ បានប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នាបានច្រើនជាង ១ខែរួចមកហើយចាប់តាំងពីលោក Davoud Mahabadi ចូលមកដឹកនាំជាផ្លូវការ កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ ខណៈក្រុមរហស្សនាម ខ្លារខិនពែរក្ស មួយនេះក៏ធ្លាប់បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ជារឿយៗជាមួយគ្រូបង្វឹកចាស់មុនៗផងដែរ។

បញ្ជាក់ជាថ្មីម្ដងទៀតថា ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ អាយុក្រោម១៩ឆ្នាំ នេះត្រូវស្ថិតនៅពូល A នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) ជាមួយ U-19 អ៊ូបេគីស្ថាន, U-19 ឥណ្ឌូនេស៊ី និង U-19 កម្ពុជា ហើយកាលបរិច្ឆេទថ្មីនៃការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី០៤ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅលើទឹកដីនៃប្រទេសអ៊ូបេគីស្ថាន បន្ទាប់ពីបានលើកពេលម្ដងកាលពីខែតុលា ឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-១៩៕

 

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់អ៊ីរ់ង់ – ffiri.ir

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់