Persipura Jayapura មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត AFC Cup ឆ្នាំ២០២១
មាស សុផាណារ៉ុង December 23, 2020
ឥណ្ឌូនេស៊ី៖ ក្លិបបាល់ទាត់ Persipura Jayapura ដែលជាគូប្រកួតក្លិបរបស់កម្ពុជា វិសាខា អាចឡើងទៅជួបនៅវគ្គជម្រុះពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (2021 AFC Cup) ឆ្នាំ២០២១ បានបង្ហើបឲ្យដឹងថា មិនទាន់ត្រៀមខ្លួនសម្រាប់ការប្រកួតនៅឡើយ ដ្បិតកំពុងរង់ចាំលិខិតផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី។
ជំនួយការអ្នកចាត់ការក្លិប Persipura Jayapura លោក Bento Madubun បាននិយាយថា ក្រុមរបស់លោកមិនទាន់បានត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ AFC Cup ឆ្នាំ២០២១ នៅឡើយទេ។ បច្ចុប្បន្ននេះក្រុមកំពុងរង់ចាំការយល់ព្រមពីសហព័ន្ធបាល់ទាត់អាស៊ី (AFC)។
លោក Bento Madubun មានប្រសាសន៍ថា៖ “ឥឡូវនេះយើងមិនបានទទួលព័ត៌មានណាមួយទាក់ទងនឹងការរៀបចំនេះទេ។ យើងកំពុងរង់ចាំការលិខិតយល់ព្រមជាផ្លូវការពី AFC ជាមុនសិន។ បន្ទាប់ពីនោះយើងនឹងធ្វើការត្រៀមរៀបចំខ្លួន។”
“យើងក៏បានឭនៅលើបណ្តាញសង្គម អំពីគូប្រជែងដែលមានសក្តានុពលរបស់យើង។ ប៉ុន្តែយើងមិនបានគិតអំពីវាទេ។ យើងកំពុងរង់ចាំការបញ្ជាក់ផ្លូវការពី AFC។” លោក Bento Madudun បាននិយាយបន្ថែម។
សូមបញ្ជាក់ថា Persipura Jayapura មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតពានរង្វាន់ AFC Cup ឆ្នាំ២០២១ ក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ៣ លីគកំពូលឥណ្ឌូនេស៊ី ឆ្នាំ២០១៩ ដោយជំនួសកន្លែងរបស់ក្លិប PSM Makassar ក្នុងនាមជាជើងឯកខាប់ ឥណ្ឌូនេស៊ី ឆ្នាំ២០១៨-២០១៩ ដែលមិនគ្រប់លក្ខខណ្ឌក្លិបអាជីពរបស់ AFC ឬហៅថា (AFC Club Licensing)។
Persipura Jayapura នឹងត្រូវអង្គុយរង់ចាំការឈ្នះរវាងក្រុមរបស់កម្ពុជា (វិសាខា) ជាមួយ ទីម័រខាងកើត (Lalenok United) ដែលតតាំងគ្នាជាមុនសិនក្នុងវគ្គជម្រុះបឋម ជុំទី២ (Preliminary stage – Round 2)៕
ប្រភពព័ត៌មាន៖ Bola.com