វិសាខា នឹងជម្រុះ AFC Cup នៅលើទឹកដីកណ្ដាលដែលធ្វើឡើងតែ ១ជើង

មាស សុផាណារ៉ុង December 23, 2020


 

អាស៊ី៖ ក្លិបបាល់ទាត់វិសាខា នឹងត្រូវប្រកួតជម្រុះពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (2021 AFC Cup) ឆ្នាំ២០២១ នៅលើទឹកដីកណ្ដាល ហើយនឹងធ្វើឡើងតែ ១ជើង ដោយសារតែវិបត្តិកូវីដ-១៩ ដែលនាំឲ្យមានការកែសម្រួលកម្មវិធីប្រកួត។

យោងតាមកម្មវិធីប្រកួតដែលកំណត់ដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានឲ្យដឹងថា នៅក្នុងការប្រកួតជម្រុះនីមួយៗ (ពីវគ្គជម្រុះបឋម ជុំទី១ ជុំទី២ និងជុំចុងក្រោយ) នឹងត្រូវលេងនៅលើទឹកដីកណ្តាល ហើយការប្រើប្រាស់ម៉ោងបន្ថែម និងការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី នឹងត្រូវប្រើដើម្បីសំរេចអ្នកឈ្នះប្រសិនបើមានករណីចាំបាច់។

យ៉ាងណាមិញ អំពីការកំណត់ទីតាំង ទឹកដីកណ្ដាលដែលត្រូវបម្រើដល់ការប្រកួតជម្រុះនេះ គឺមិនទាន់មានការសម្រេចនៅឡើយទេ ប៉ុន្តែពិតណាស់ ទឹកដីកណ្ដាលដែលបម្រើដល់ការប្រកួតនោះ គឺត្រូវតែជាទីតាំងដែលមានការមានករណីឆ្លងតិចតួច ហើយគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ បានល្អ។

សូមរំឭកថា វិសាខា នឹងត្រូវឆ្លងកាត់ការប្រកួតក្នុងវគ្គជម្រុះចំនួន ២វគ្គ ដើម្បីអាចបានកៅអីឡើងទៅវគ្គចែកពូល ដោយដំបូងត្រូវជួបជាមួយក្រុមរបស់ ទីម័រខាងកើត គឺក្លិប Lalenok United ក្នុងវគ្គជម្រុះបឋម – ជុំទី២ (Preliminary stage – Round 2) ហើយបើសិនជាឈ្នះទើបឡើងទៅជួបក្រុមរបស់ឥណ្ឌូនេស៊ី Persipura Jayapura ក្នុងវគ្គជម្រុះជុំចុងក្រោយ (Play-off stage)។

កម្មវិធីប្រកួតងាយយល់ដូចខាងក្រោម៖

វគ្គជម្រុះបឋម (Preliminary stage – Round 2):

  • វិសាខា (កម្ពុជា) Vs Lalenok United (ទីម័រខាងកើត)
  • Lao Toyota FC (ឡាវ) Vs ក្រុមមកពីព្រុយណេ (ពុំទាន់រកឃើញ)

វគ្គជម្រុះ (Play-off stage) ជុំចុងក្រោយ:

  • Hanthawaddy United (មីយ៉ាន់ម៉ា) Vs ក្រុមឈ្នះរវាង Lao Toyota FC ឬក្រុមមកពីព្រុយណេ
  • Persipura Jayapura (ឥណ្ឌូណេស៊ី) Vs ក្រុមឈ្នះរវាង វិសាខា (កម្ពុជា) ឬ Lalenok United (ទីម័រខាងកើត)

វិសាខា នឹងត្រូវប្រកួតជម្រុះបឋម នៅថ្ងៃទី២៧ ឬ២៨ ខែមេសា ឆ្នាំ២០២១ ហើយប្រសិនបើឈ្នះនឹងលើងទៅប្រកួតវគ្គជម្រុះចុងក្រោយ នៅថ្ងៃទី១៨ ឬ១៩ ខែឧសភា ឆ្នាំ២០២១។

សូមរំឭកជាថ្មីថា វិសាខា និងរួមគ្នាជាមួយ បឹងកេត ដើម្បីតំណាងឲ្យក្រុមមកពីកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ២០២១ ដោយ វិសាខា (ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន) ត្រូវប្រកួតជម្រុះ ២វគ្គផ្សេងគ្នាជាមុនសិន ដើម្បីរកជ័យជម្នះឡើងទៅវគ្គចែកពូល ខណៈបឹងកេត (ជើងឯកលីគកំពូលកម្ពុជា) នឹងបានកៅអីទៅវគ្គចែកពូលដោយផ្ទាល់ និងមិនចាំបាច់ប្រកួតជម្រុះឡើយ៕

មតិយោបល់