ណាហ្គា ជាក្លិបទី៧ ក្នុងលីគកំពូលកម្ពុជា មាននាយកបច្ចេកទេសដើម្បីរួមចំណែកកែតម្រូវចំណុចខ្វះខាតរបស់ក្រុម

មាស សុផាណារ៉ុង December 21, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់ណាហ្គាវើលដ៍ កាលពីចុងសប្ដាហ៍កន្លងទៅបានធ្វើការប្រកាសតែងតាំងនាយកបច្ចេកទេស ដែលជាតួនាទីទើបតែមានលើកដំបូងសម្រាប់ក្លិប​ ហើយក៏នាំឲ្យក្លិបដែលត្រៀមតាំងមូលដ្ឋានក្នុងទីរួមខេត្តកំពង់ស្ពឺ មួយនេះក្លាយជាក្លិបទី៧ ក្នុងលីគកំពូលកម្ពុជា មាននាយកបច្ចេកទេស។

នាយកបច្ចេកទេសដំបូងរបស់ណាហ្គាវើលដ៍ គឺលោក Jose Alves Borges មានសញ្ជាតិប្រេស៊ីល វ័យ ៦២ឆ្នាំ។ ក្លិបបានបញ្ជាក់ទៀតថា លោក Jose មានបទពិសោធន៍ជាង ២៤ឆ្នាំក្នុងការបង្វឹកនៅប្រទេសប្រេស៊ីល និងអាស៊ី រួមមាន Sao Paulo (Brazil), Yadannarbon (Myanmar), Tobacco Monopoly, P.E.A., Rajpracha, BB CU, BEC Tero, PTT Rayong និង Chiang Rai United (Thailand) និងធ្លាប់ជានាយកបច្ចេកទេសនៅក្លិបយក្សពីរនៅថៃ Muangthong រួមទាំង Buriram ថែមទៀតផង។

ចំពោះតួនាទីរបស់លោកនៅក្លិបបាល់ទាត់ណាហ្គាវើលដ៍ នឹងត្រូវត្រួតពិនិត្យមើលទៅលើសាលាបាល់ទាត់ណាហ្គាវើលដ៍កំពង់ស្ពឺ ក៏ដូចជាផ្តល់ការអប់រំដល់គ្រូបង្វឹកណាហ្គាវើលដ៍ទាំងអស់។ លោកក៏នឹងផ្តល់ការណែនាំដល់គ្រូបង្គោលណាហ្គាវើលដ៍ គឺលោក មាស ចាន់ណា។

ដោយឡែក ការចូលមកកាន់តួនាទីរបស់លោកធ្វើឲ្យក្លិបណាហ្គាវើលដ៍ ក្លាយជាក្លិបទី៧ ក្នុងលីគកំពូលកម្ពុជា មាននាយកបច្ចេកទេស នៅរដូវកាលនេះ ក៏ដូចជាពីមុនៗមក បន្ទាប់ពីក្លិបអង្គរថាយហ្គឺរ, បឹងកេត, អគ្គិសនីកម្ពុជា, នគរបាលជាតិ, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង និងវិសាខា។

អង្គរថាយហ្គឺរ មានទីប្រឹក្សាក្លិប គឺលោក Naotake Hanyu ដែលមានតួនាទីស្រដៀងគ្នាទៅនឹងនាយកបច្ចកេទេស និងទើបតែត្រូវបានក្លិបប្រកាសតែងតាំងកាលពីពេលថ្មីៗនេះផងដែរ។

បឹងកេត ក៏ធ្លាប់មាននាយកបច្ចេកទេសដូចគ្នាកាលពីរដូវកាលមុន ពោលគឺ លោក គឹម ភក្ដី តែចាប់តាំងពីលោកចូលមកកាន់ការងារជាគ្រូបង្វឹកបណ្ដោះអាសន្ន រហូតដល់ទទួលបានលទ្ធផលគាប់ប្រសើរ បច្ចុប្បន្នលោកបានក្លាយជាគ្រូបង្វឹកពេញសិទ្ធិ និងនាំឲ្យតំណែងនាយកបច្ចេកទេសនេះស្ថិតក្នុងភាពទំនេរនៅឡើយ។ ចំពោះលោក ហៅ សុជាតិ ក្លិបបានបញ្ជាក់ថាលោកមានតួនាទីជា នាយកបណ្តុះបណ្តាលយុវជនក្លិប។

អគ្គិសនីកម្ពុជា កាលពីរដូវកាលមុនមានទីប្រឹក្សាបច្ចេកទេស ដែលដូចគ្នាទៅនឹងនាយកបច្ចេកទេសផងដែរ គឺ លោក សោម សារ៉ន។

ចំពោះក្លិបនគរបាលជាតិ វិញកាលពីរដូវកាលមុនមានឪពុកបង្កើតរបស់កីឡាករ ប្រាក់ មុន្នីឧត្តម និងប្រាក់ មុន្នីភារុណ គឺលោក ប្រាក់ សុមុន្នី បានដើរតួនាទីជានាយកបច្ចេកទេស។

ភ្នំពេញក្រោន កាលពីពេលថ្មីៗនេះ ទើបតែប្រកាសតែងតាំងអតីតគ្រូបង្គោល លោក ស៊ុំ វណ្ណា ឲ្យក្លាយទៅជានាយកបច្ចេកទេសក្លិប បន្ទាប់ពីក្លិបខ្វះខាតតួនាទីនេះ ២រដូវកាលរួចមក។

ក្លិបព្រះខ័នរាជស្វាយរៀង មាននាយកបច្ចេកទេស គឺលោក រិទ្ធ ឌីកា ដែលធ្លាប់ជាគ្រូបង្វឹក និងជាអ្នកចាត់ការទូទៅ របស់ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះផងដែរ។

ចំពោះក្លិបវិសាខា គឺមាន លោក Arran James Horton ដើរតួនាទីជានាយកបច្ចកេទេស ដោយលោកបានចូលមកកាន់ការងារតាំងពីដើមរដូវកាល២០១៩ កន្លងទៅថ្មីៗនេះ។

មតិយោបល់