ក្លិបរបស់ឥណ្ឌូនេស៊ី Persija Jakarta ត្រូវបានដកសិទ្ធិពី AFC Cup ជំនួសដោយក្រុមផ្សេង

មាស សុផាណារ៉ុង December 21, 2020


 

អាស៊ី៖ ក្លិប Persija Jakarta ដែលត្រូវបានកំណត់ដោយសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ឲ្យចូលរួមតំណាងប្រទេសរបស់ខ្លួន ក្នុងការប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី ( 2021 AFC Cup) ត្រូវបានដកសិទ្ធិពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) និងជំនួសដោយក្រុមផ្សេង បន្ទាប់ពីពុំទាន់គ្រប់លក្ខខណ្ឌរបស់សហព័ន្ធ។

ក្រុមនេះដើមឡើយគឺជាគូប្រកួតរបស់ក្លិបវិសាខា ក្នុងវគ្គជម្រុះជុំចុងក្រោយ (ប្រសិនបើវិសាខា ឈ្នះវគ្គជម្រុះបឋម) សម្រាប់ឆ្នាំ២០២១ ពានរង្វាន់ដដែលខាងលើ ខណៈមកទល់ពេលនេះគឺមានការកែប្រែដោយការផ្លាស់ប្ដូរគូប្រកួតដែលអាចវិសាខា ឡើងទៅជួបនៅវគ្គជម្រុះ (Play-off stage) ដែលជាជុំចុងក្រោយ ពីក្លិបកំពូល Persija Jakarta ជំនួសមកវិញដោយ ក្លិប Persipura Jayapura។

ចំពោះមូលហេតុគឺដោយសារសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ចង់បានកៅអីនេះពីក្រុមជើងឯកខាប់ (Piala Indonesia 2018-2019) ប៉ុន្តែក្លិប PSM Makassar ដែលជាក្រុមជើងឯកពុំមាន អាជ្ញាប័ណ្ណទទួលស្គាល់ពី AFC ដូច្នេះសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី សម្រេចឲ្យទៅក្រុមជើងឯករងជើងឯក Persija Jakarta នេះឯង ទើបចុងក្រោយ AFC បដិសេធ ហើយសម្រេចផ្ដល់ឲ្យទៅក្រុម Persipura Jayapura វិញ ដែលជាក្រុមលេខ៣ លីគកំពូលឥណ្ឌូនេស៊ី ឆ្នាំ២០១៩ បន្ទាប់ពីក្រុមរងជើងឯកលីគ Persebaya​ ពុំអាជ្ញាប័ណ្ណទទួលស្គាល់ពី AFC។

គួររំឭកថា យោងតាមលក្ខខណ្ឌរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រាប់ពានរង្វាន់នេះ​ បានធ្វើការការបែងចែកការប្រកួតវគ្គជម្រុះតាមតំបន់រៀងៗខ្លួន (អាស៊ីខាងលិច, កើត, ត្បូង, កណ្ដាល និងអាស៊ីអាគ្នេយ៍) ខណៈកម្ពុជា ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ (Qualifying play-off ASEAN) ដើមឡើយមាន ៦ក្រុមត្រូវប្រកួតជម្រុះ (Play-off stage) រួមមានមីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី, កម្ពុជា, ឡាវ, ព្រុយណេ និងទីម័រខាងកើត ប៉ុន្តែពេលនេះបានបែងចែកជា ២វគ្គផ្សេងគ្នា ដោយ​ក្រុមរបស់កម្ពុជា, ឡាវ, ព្រុយណេ និងទីម័រខាងកើត ត្រូវចាប់ផ្ដើមពីវគ្គជម្រុះបឋម (Preliminary stage – Round 2) ជុំទី២ រួចទៅសម្រេចរកក្រុមដែលឈ្នះឡើងទៅប្រកួតវគ្គជម្រុះ (Play-off stage) ដែលជាជុំចុងក្រោយ ជាមួយក្រុមរបស់ មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី។ នេះបើយោងតាមប្រតិទិនថ្មីប្រចាំឆ្នាំ២០២១ របស់ AFC។

គិតមកទល់ពេលនេះ ប្រទេស៥​ បានរកឃើញក្រុមត្រូវតំណាងរួចរាល់ហើយ ដោយកម្ពុជា មានក្លិបវិសាខា, ឡាវ មានក្លិប Lao Toyota FC, មីយ៉ាន់ម៉ា មានក្លិប Hanthawaddy United និងទីម័រខាងកើត មានក្លិប Lalenok United, ឥណ្ឌូណេស៊ី Persipura Jayapura (លេខ៣ លីគកំពូលឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៩ ដោយសារបច្ចុប្បន្នលីគឆ្នាំ២០២០ របស់ឥណ្ឌូនេស៊ី ស្ថិតក្នុងការផ្អាកនៅឡើយ) ខណៈក្រុមមកពី ព្រុយណេ នៅមិនទាន់រកឃើញក្រុមតំណាងនៅឡើយ​ដោយសារលីគបាល់ទាត់ប្រទេសទាំងនេះ ត្រូវបានលុបចោល​។

កម្មវិធីប្រកួតងាយយល់ដូចខាងក្រោម៖

វគ្គជម្រុះបឋម (Preliminary stage – Round 2):

  • វិសាខា (កម្ពុជា) Vs Lalenok United (ទីម័រខាងកើត)
  • Lao Toyota FC (ឡាវ) Vs ក្រុមមកពីព្រុយណេ (ពុំទាន់រកឃើញ)

វគ្គជម្រុះ (Play-off stage) ជុំចុងក្រោយ:

  • Hanthawaddy United (មីយ៉ាន់ម៉ា) Vs ក្រុមឈ្នះរវាង Lao Toyota FC ឬក្រុមមកពីព្រុយណេ
  • Persipura Jayapura (ឥណ្ឌូណេស៊ី) Vs ក្រុមឈ្នះរវាង វិសាខា (កម្ពុជា) ឬ Lalenok United (ទីម័រខាងកើត)

ជាមួយគ្នាផងដែរ សម្រាប់ឆ្នាំ២០២១ នឹងមានការកែប្រែកម្មវិធីប្រកួត ដោយធ្វើតែ ១ជើងប៉ុណ្ណោះ ចាប់តាំងពីវគ្គជម្រុះ ដល់វគ្គចែកពូល។ ដូច្នេះ វិសាខា នឹងត្រូវប្រកួតជម្រុះបឋម នៅថ្ងៃទី២៧ ឬ២៨ ខែមេសា ឆ្នាំ២០២១ ហើយប្រសិនបើឈ្នះនឹងលើងទៅប្រកួតវគ្គជម្រុះចុងក្រោយ នៅថ្ងៃទី១៨ ឬ១៩ ខែឧសភា ឆ្នាំ២០២១។

សូមរំឭកជាថ្មីថា វិសាខា និងរួមគ្នាជាមួយ បឹងកេត ដើម្បីតំណាងឲ្យក្រុមមកពីកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ២០២១ ដោយ វិសាខា (ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន) ត្រូវប្រកួតជម្រុះ ២វគ្គផ្សេងគ្នាជាមុនសិន ដើម្បីរកជ័យជម្នះឡើងទៅវគ្គចែកពូល ខណៈបឹងកេត (ជើងឯកលីគកំពូលកម្ពុជា) នឹងបានកៅអីទៅវគ្គចែកពូលដោយផ្ទាល់ និងមិនចាំបាច់ប្រកួតជម្រុះឡើយ៕

មតិយោបល់