ប្រែប្រួល !!! វិសាខា ត្រូវប្រកួតជម្រុះកើនដល់ ២វគ្គផ្សេងគ្នា ក្នុងពានរង្វាន់ AFC Cup

មាស សុផាណារ៉ុង December 17, 2020


 

អាស៊ី៖ ការប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី ( 2021 AFC Cup)  ដែលនឹងមានក្រុមតំណាងកម្ពុជា ចំនួន ២ចូលរួម (បឹងកេត វគ្គចែកពូល និងវិសាខា វគ្គជម្រុះ) សម្រាប់ឆ្នាំ២០២១ ខណៈមកទល់ពេលនេះគឺមានការកែប្រែលើការបែងចែកការប្រកួត ដោយវិសាខា ដើមឡើយត្រូវប្រកួតវគ្គជម្រុះតែ ១វគ្គ ពេលនេះត្រូវប្រកួតជម្រុះកើនដល់ ២វគ្គផ្សេងគ្នា។

យោងតាមលក្ខខណ្ឌរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រាប់ពានរង្វាន់នេះ​ បានធ្វើការការបែងចែកការប្រកួតវគ្គជម្រុះតាមតំបន់រៀងៗខ្លួន (អាស៊ីខាងលិច, កើត, ត្បូង, កណ្ដាល និងអាស៊ីអាគ្នេយ៍) ខណៈកម្ពុជា ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ (Qualifying play-off ASEAN) ដើមឡើយមាន ៦ក្រុមត្រូវប្រកួតជម្រុះ (Play-off stage) រួមមានមីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី, កម្ពុជា, ឡាវ, ព្រុយណេ និងទីម័រខាងកើត ប៉ុន្តែពេលនេះបានបែងចែកជា ២វគ្គផ្សេងគ្នា ដោយ​ក្រុមរបស់កម្ពុជា, ឡាវ, ព្រុយណេ និងទីម័រខាងកើត ត្រូវចាប់ផ្ដើមពីវគ្គជម្រុះបឋម (Preliminary stage – Round 2) ជុំទី២ រួចទៅសម្រេចរកក្រុមដែលឈ្នះឡើងទៅប្រកួតវគ្គជម្រុះ (Play-off stage) ដែលជាជុំចុងក្រោយ ជាមួយក្រុមរបស់ មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី។ នេះបើយោងតាមការគណនាដោយ វិបសាយ footyrankings ដែលជំនាញលើការគណនាតារាងចំណាត់ថ្នាក់បាល់ទាត់ ទាំងក្លិប និងជម្រើសជាតិ និងយោងតាមប្រតិទិនថ្មីប្រចាំឆ្នាំ២០២១ របស់ AFC។

គិតមកទល់ពេលនេះ ប្រទេស៥​ បានរកឃើញក្រុមត្រូវតំណាងរួចរាល់ហើយ ដោយកម្ពុជា មានក្លិបវិសាខា, ឡាវ មានក្លិប Lao Toyota FC, មីយ៉ាន់ម៉ា មានក្លិប Hanthawaddy United និងទីម័រខាងកើត មានក្លិប Lalenok United, ឥណ្ឌូណេស៊ី Persija Jakarta (ជើងឯករងខាប់ឥណ្ឌូនេស៊ី – Piala Indonesia 2018-2019 កាលពីឆ្នាំ២០១៩ ហើយដោយសារបច្ចុប្បន្នលីគឆ្នាំ២០២០ របស់ឥណ្ឌូនេស៊ី បានផ្អាកជាច្រើនលើកច្រើនសារ) ខណៈក្រុមមកពី ព្រុយណេ នៅមិនទាន់រកឃើញក្រុមតំណាងនៅឡើយ​ដោយសារលីគបាល់ទាត់ប្រទេសទាំងនេះ ត្រូវបានលុបចោល​។

គេក៏បានផ្គូរផ្គង់ផងដែរ ដោយ វិសាខា នឹងត្រូវជួបជាមួយក្រុមរបស់ ទីម័រខាងកើត គឺក្លិប Lalenok United ខណៈ ឡាវ Lao Toyota FC ជួបជាមួយក្រុមរបស់ ព្រុយណេ (មិនទាន់កំណត់ក្រុមចូលរួមនៅឡើយ) ហើយ ក្រុមរបស់មីយ៉ាន់ម៉ា (ក្លិប Hanthawaddy United) អង្គុយចាំការឈ្នះរវាងក្រុមរបស់ឡាវ ជាមួយ ព្រុយណេ និងក្រុមរបស់ឥណ្ឌូណេស៊ី (ក្លិប Persija Jakarta) អង្គុយចាំការឈ្នះរវាង​ក្រុមរបស់កម្ពុជា ជាមួយ ទីម័រខាងកើត។

ក្រុមដែលវិសាខា ត្រូវជួបដំបូង

កម្មវិធីប្រកួតងាយយល់ដូចខាងក្រោម៖

វគ្គជម្រុះបឋម (Preliminary stage – Round 2):

  • វិសាខា (កម្ពុជា) Vs Lalenok United (ទីម័រខាងកើត)
  • Lao Toyota FC (ឡាវ) Vs ក្រុមមកពីព្រុយណេ (ពុំទាន់រកឃើញ)

វគ្គជម្រុះ (Play-off stage) ជុំចុងក្រោយ:

  • Hanthawaddy United (មីយ៉ាន់ម៉ា) Vs ក្រុមឈ្នះរវាង Lao Toyota FC ឬក្រុមមកពីព្រុយណេ
  • Persija Jakarta (ឥណ្ឌូណេស៊ី) Vs ក្រុមឈ្នះរវាង វិសាខា (កម្ពុជា) ឬ Lalenok United (ទីម័រខាងកើត)

ជាមួយគ្នាផងដែរ សម្រាប់ឆ្នាំ២០២១ នឹងមានការកែប្រែកម្មវិធីប្រកួត ដោយធ្វើតែ ១ជើងប៉ុណ្ណោះ ចាប់តាំងពីវគ្គជម្រុះ ដល់វគ្គចែកពូល។ ដូច្នេះ វិសាខា នឹងត្រូវប្រកួតជម្រុះបឋម នៅថ្ងៃទី២៧ ឬ២៨ ខែមេសា ឆ្នាំ២០២១ ហើយប្រសិនបើឈ្នះនឹងលើងទៅប្រកួតវគ្គជម្រុះចុងក្រោយ នៅថ្ងៃទី១៨ ឬ១៩ ខែឧសភា ឆ្នាំ២០២១។

ប្រតិទិនថ្មី កំណត់យ៉ាងដូច្នេះ៖

ត្រង់ខែមេសា ថ្ងៃទី២៧, ២៨ (A PS បានន័យថា​ ASEAN Preliminary stage) បន្ទាប់មកនៅថ្ងៃទី១៨ ឬ១៩ ខែឧសភា (A PO បានន័យថា Play-off)

សូមរំឭកជាថ្មីថា វិសាខា និងរួមគ្នាជាមួយ បឹងកេត ដើម្បីតំណាងឲ្យក្រុមមកពីកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ២០២១ ដោយ វិសាខា (ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន) ត្រូវប្រកួតជម្រុះ ២វគ្គផ្សេងគ្នាជាមុនសិន ដើម្បីរកជ័យជម្នះឡើងទៅវគ្គចែកពូល ខណៈបឹងកេត (ជើងឯកលីគកំពូលកម្ពុជា) នឹងបានកៅអីទៅវគ្គចែកពូលដោយផ្ទាល់ និងមិនចាំបាច់ប្រកួតជម្រុះឡើយ៕

មតិយោបល់