ឆ្នាំ២០២១ ក្លិបបាល់ទាត់កម្ពុជា ចំនួន៥ ដែលបានអាជ្ញាប័ណ្ណទទួលស្គាល់ពី AFC សម្រាប់ AFC Cup

មាស សុផាណារ៉ុង December 16, 2020


 

អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( The AFC ) នៅថ្ងៃនេះបានធ្វើការបង្ហាញបញ្ជីក្លិបដែលទទួលបានអាជ្ញាប័ណ្ណ ( AFC Club Licensing ) ក្នុងពានកម្រិតទី២ ប្រចាំទ្វីប ( AFC Cup 2021 ) សម្រាប់ឆ្នាំ២០២១ ដោយសម្រាប់ប្រទេសកម្ពុជាមាន ៥ក្លិបប៉ុណ្ណោះដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ពីសហព័ន្ធដែលមានសមាជិក ៤៧ប្រទេសនេះ។

កាលពីឆ្នាំ២០២០ ក្លិបបាល់ទាត់ដែលប្រកបអាជីពនៅលីគកំពូលកម្ពុជាមានចំនួន៣ ប៉ុណ្ណោះ ដែលទទួលបានអាជ្ញាប័ណ្ណពី AFC ខណៈឆ្នាំ២០២១ បានកើនមក ៥ក្លិបវិញ នេះបើយោងតាមការបង្ហាញបញ្ជីដោយសហព័ន្ធប្រចាំទ្វីបដដែលលើគេហទំព័រ ( the-afc )។ ក្លិបទាំង៥ នោះរួមមាន ក្លិបបាល់ទាត់បឹងកេត, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា និងអង្គរថាយហ្គឺរ ទទួលបានពេញលេញ។

សម្រាប់ការទទួលបានអាជ្ញាប័ណ្ណពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីនេះគឺបានសេចក្ដីថា ក្លិបនោះនឹងទទួលបានឱកាសចូលរួមប្រកួតក្នុងកម្មវិធីដែលរៀបចំដោយសហព័ន្ធតំណាងប្រទេសរៀងៗខ្លួន ដូចជា ពានកម្រិតទី១ AFC Champions League និងពានម្រិតទី២ AFC Cup ជាដើមដែលធ្វើឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ក្លិបកម្ពុជា គឺបានត្រឹមតែពានម្រិតទី២ AFC Cup ប៉ុណ្ណោះ។

សូមបញ្ជាក់ថា អាជ្ញាប័ណ្ណក្លិបដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC Club Licensing ) ត្រូវមានលក្ខណៈពិសេសមួយចំនួនដើម្បីទទួលបានដូចជា (គ្រូបង្វឹកក្រុមធំ ដែលមានអាជ្ញាប័ណ្ណគ្រូ “A License”) (មានយុវជនយ៉ាងតិច ២ក្រុម ហើយចូលរួមក្នុងលីគយុវជន ជាមួយនឹងគ្រូដែលកាន់អាជ្ញាប័ណ្ណគ្រូ “C License”) (មានក្រុមគ្រូពេទ្យប្រចាំក្លិប) (មានកិច្ចសន្យាត្រឹមត្រូវរវាងក្លិបជាមួយកីឡាករ) (មានកម្មវិធីអភិវឌ្ឍន៍យុវជន) (មានកីឡដ្ឋានស្តង់ដា) (ទីលានហ្វឹកហាត់) (ការិយាល័យក្លឹប) និង (មន្ត្រីរដ្ឋបាល ដូចជាអគ្គលេខាធិការក្លិប, ហិរញ្ញឹក, សន្តិសុខ និងក្រុមមន្ត្រីព័ត៌មាន) (រចនាសម្ព័ន្ធក្លិប) (កញ្ចប់ហិរញ្ញវត្ថុរបស់ក្លិប) ជាដើម៕

 

ប្រភព៖ the-afc

អត្ថបទ៖ ណារ៉ុង

មតិយោបល់