មកស្គាល់ក្រុម៣ ដែលរួមចំណែកឲ្យកម្ពុជា រកបានពិន្ទុ MA Ranking របស់ទ្វីបអាស៊ី ក្នុងពាន AFC Cup

មាស សុផាណារ៉ុង December 15, 2020


 

អាស៊ី៖ ពានរង្វាន់ AFC Cup ត្រូវបានគេស្គាល់ថាជាពានលំដាប់ទី២ សម្រាប់បណ្ដាក្លិបបាល់ទាត់ដែលជាសមាជិកសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បន្ទាប់ពីពាន AFC Champions League ដែលមានតម្លៃធំជាង ខណៈពាន AFC Cup ក្រុមតំណាងកម្ពុជា ក៏ទទួលបានកៅអីចូលរួមប្រកួតផងដែរ។

យោងតាមឯកសាររបស់សហព័ន្ធ ពានរង្វាន់ AFC Cup គឺត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ និយាយជារួម ប៉ុន្តែបើនិយាយដោយឡែកក្រុមតំណាងកម្ពុជា ទើបតែទទួលបានឱកាសចូលរួមលើកដំបូងនៅឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះប៉ុណ្ណោះ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍រាល់ការបង្ហាញខ្លួន និងការប្រកួតនីមួយៗនៃពាននេះគឺតែងតែទទួលបានការផ្ដល់ពិន្ទុពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ដើម្បីកំណត់ចំណាត់ថ្នាក់ប្រកួតប្រជែងសម្រាប់ក្លិបប្រចាំទ្វីបអាស៊ី (AFC Club Competitions Ranking ឬ MA ranking) នៅរដូវកាលបន្តបន្ទាប់ ស្របពេលដែលគិតត្រឹមឆ្នាំ២០២០ នេះបឹងកេត រួមចំណែកឲ្យកម្ពុជា បានពិន្ទុ MA Ranking ច្រើនជាងគេ ក្នុងចំណោមក្រុមដទៃទៀត ដូចជា ភ្នំពេញក្រោន, ណាហ្គាវើលដ៍ និងព្រះខ័នរាជស្វាយរៀង (ករណីព្រះខ័នរាជស្វាយរៀង នឹងបកស្រាយនៅខាងក្រោម) ដែលធ្លាប់បានបង្ហាញខ្លួនក្នុងពាននេះដូចគ្នា។

ការគណនារូបមន្តដើម្បីផ្ដល់ពិន្ទុ AFC បានកំណត់ដូចតទៅ៖

  • បានចូលរួមប្រកួតវគ្គជម្រុះ = ០,១
  • ឈ្នះក្នុងវគ្គជម្រុះ = ០,១
  • ស្មើក្នុងវគ្គជម្រុះ = ០,០៥
  • ឈ្នះក្នុងវគ្គចែកពូល = ១
  • ស្មើក្នុងវគ្គចែកពូល = ០,៣៣
  • បានឆ្លងផុតវគ្គចែកពូល = ១
  • ឈ្នះក្នុងវគ្គចាញ់ធ្លាក់ (Knockout stage) = ០,៨៩
  • ស្មើក្នុងវគ្គចាញ់ធ្លាក់ (Knockout stage) = ០,៣

* ឆ្នាំ២០១៧៖

ក្រុមតំណាងកម្ពុជា ចាប់ផ្ដើមចូលរួមដំបូងគឺ មាន ៣ក្រុម ក្នុងនោះណាហ្គាវើលដ៍ ប្រកួតវគ្គជម្រុះបឋម (ពុំគិតពិន្ទុ) និងភ្នំពេញក្រោន (វគ្គជម្រុះ) ជាមួយ បឹងកេត (វគ្គជម្រុះ រួចឈានចូលវគ្គចែកពូល) ជាលទ្ធផលនៅឆ្នាំ២០១៧ កម្ពុជា រកបាន ១,៦៨ពិន្ទុ ពោលគឺ ភ្នំពេញក្រោន (បានចូលរួមក្នុងវគ្គជម្រុះ ចាញ់ទាំង២ប្រកួត), បឹងកេត (បានចូលរួមក្នុងវគ្គជម្រុះ, ឈ្នះ១ ស្មើ១, ឡើងវគ្គចែកពូល ប្រកួត ៦ដង ឈ្នះ១ ស្មើ១ និងចាញ់៤)៖

បឹងកេត៖

  • ចូលរួមបាន ០,១
  • ឈ្នះវគ្គជម្រុះ ០,១
  • ស្មើវគ្គជម្រុះ ០,០៥
  • ឈ្នះវគ្គចែកពូល ១ដង (១)
  • ស្មើវគ្គចែកពូល ០,៣៣

ភ្នំពេញក្រោន៖

  • ចូលរួមបាន ០,១

សរុប = ១,៦៨

** បញ្ជាក់ថា ភ្នំពេញក្រោន ដែលដើមឡើយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៥ ត្រូវប្រកួតក្នុងពាន AFC Cup នៅឆ្នាំ២០១៦ ក្នុងវគ្គជម្រុះ ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានដាក់បម្រាមដោយសាររកឃើញកំហុសនៃការរៀបចំលទ្ធផលទុកជាមុន តែក្រោយមកក្លិបបានដាក់ពាក្យប្ដឹងទៅតុលាការកីឡាអន្តរជាតិ ដោយសារជាកំហុសរបស់កីឡាករផ្ទាល់ មិនពាក់ព័ន្ធនឹងក្លិបជាអ្នកចាត់តាំងបញ្ជា រហូតឈ្នះក្ដីវិញ និងទទួលបានកៅអីសងមកប្រកួតនៅឆ្នាំ២០១៧ គ្រាដែលឆ្នាំ២០១៦ បឹងកេត ជាជើងឯកលីគកំពូលកម្ពុជា។
ណាហ្គាវើលដ៍ វិញ គឺដើមឡើយត្រូវជំនួសតំណែង ភ្នំពេញក្រោន ដែលពីដំបូងជាប់ពិន័យ ក្នុងនាមគេជាជើងឯករងលីគកំពូលកម្ពុជា ឆ្នាំ២០១៥ តែមានសិទ្ធិប្រកួតចាប់ពីវគ្គជម្រុះបឋម (Preliminary round) ហើយក៏រងបរាជ័យត្រឹមវគ្គនោះ។

* ឆ្នាំ២០១៨៖

បឹងកេត ជាថ្មីម្ដងទៀតបានកៅអីប្រកួតក្នុងពានរង្វាន់ដដែលនេះ ក្រោយគ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ដោយចាប់ផ្ដើមពីវគ្គជម្រុះមក ជាលទ្ធផលគេរកបាន ២,៥៥ពិន្ទុ ពោលគឺ បានចូលរួមក្នុងវគ្គជម្រុះ, ឈ្នះវគ្គជម្រុះ ១លើក និងស្មើ ១លើក, ឡើងវគ្គចែកពូលប្រកួត ៦ដង ឈ្នះ ២លើក ស្មើ០ និងចាញ់ ៤លើក៖

  • ចូលរួមបាន ០,១
  • ឈ្នះវគ្គជម្រុះ ០,១
  • ស្មើវគ្គជម្រុះ ០,០៥
  • ឈ្នះវគ្គចែកពូល ២ដង (២)

សរុប = ២,៥៥

* ឆ្នាំ២០១៩៖

គឺណាហ្គាវើលដ៍ បានកៅអីប្រកួតក្នុងពានរង្វាន់នេះវិញម្ដង ក្នុងនាមជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ហើយក៏ជាឆ្នាំដែលពិសេសសម្រាប់គេផងដែរ​ ដោយមិនចាំបាច់ឆ្លងកាត់ការប្រកួតជម្រុះ ពោលគឺបានឡើងទៅវគ្គចែកពូលផ្ទាល់ និងប្រកួត ៦ដង ឈ្នះ ១លើក មិនដែលស្មើ និងចាញ់ ៥ដង សរុបរកបាន ១,០០ពិន្ទុ។

  • ឈ្នះវគ្គចែកពូល ១ដង (១)
  • សរុប = ១,០០

ឆ្នាំ២០២០ គឺត្រូវបានតំណាងដោយក្លិបព្រះខ័នរាជស្វាយរៀង ដែលជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ទើបសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រេចលុបចោលពានរង្វាន់ AFC Cup បន្ទាប់ពីទើបតែប្រកួតបាន ៣ប្រកួត ដូច្នេះពិន្ទុរាល់ពិន្ទុទាំងអស់ពុំត្រូវបានរាប់បញ្ចូលឡើយ។

ដូច្នេះគិតសរុបមកទល់បច្ចុប្បន្ន កម្ពុជា មានពិន្ទុក្លិប ៤,៩៣៣ ពិន្ទុ ហើយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) កំណត់ឲ្យកម្ពុជា ទទួលបានពិន្ទុសរុបចំនួន ៦,៧៧ ពិន្ទុ ឈរលេខរៀងទី៣១ ក្នុងចំណោម ៤៦ប្រទេសជាសមាជិក។

ការណ៍នេះបានធ្វើឲ្យនៅឆ្នាំ២០២១ ខាងមុខនេះកម្ពុជា ទទួលបាន ១កៅអីកន្លះ ជាលើកដំបូង (បានសេចក្ដីថាមាន ២ក្រុម ១ឡើងវគ្គចែកពូល​ ១ទៀតត្រូវជម្រុះជាមុនសិន) ពោលគឺ បឹងកេត និងរួមគ្នាជាមួយ វិសាខា ដើម្បីតំណាងឲ្យក្រុមមកពីកម្ពុជា ដោយបឹងកេត (ជើងឯកលីគកំពូលកម្ពុជា) នឹងបានកៅអីទៅវគ្គចែកពូលដោយផ្ទាល់ និងមិនចាំបាច់ប្រកួតជម្រុះឡើយ ខណៈវិសាខា (ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន) ត្រូវប្រកួតជម្រុះជាមុនសិន ដើម្បីរកជ័យជម្នះឡើងទៅវគ្គចែកពូល៕

មតិយោបល់