Keisuke Honda ក្លាយជាកីឡាករបង្ហោះលើបណ្ដាញសង្គម Twitter ច្រើនជាងគេនៅជប៉ុន

មាស សុផាណារ៉ុង December 10, 2020


 

ជប៉ុន៖ ថ្មីៗនេះគណនី Twitter ផ្លូវការរបស់ជប៉ុន បានប្រកាសចំណាត់ថ្នាក់ផ្សេងៗគ្នា ដូចជាក្រុមមនុស្សដែលធ្វីការបង្ហោះសារ និងរូបភាពច្រើនជាងគេ នៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំនេះ ខណៈលើប្រភេទកីឡា ចំពោះអត្តពលិក គឺកីឡាករ Keisuke Honda របស់ក្លិប Botafogo និងដែលស្គាល់ថាជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ដូចអ្វីដែលលោកធ្លាប់បានធ្វើកាលពីឆ្នាំមុន។

Keisuke Honda កំពុងក្លាយជាមនុស្សសកម្មនៅលើបណ្ដាញសង្គម រួមទាំងប្រធានបទផ្សេងទៀតក្រៅពីបាល់ទាត់។

គណនី Twitter ផ្លូវការរបស់លោកបានក្លាយជាគណនីរបស់អត្តពលិកក្នុងស្រុកដែលត្រូវបានបង្ហោះរឿងរ៉ាវច្រើនបំផុតក្នុងអំឡុងពេលពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាំឲ្យ Honda បានជាប់ចំណាត់ថ្នាក់លេខ១ ដែលជាចំណាត់ថ្នាក់ដូចគ្នាកាលពីឆ្នាំមុន។

បន្ទាប់ពី Keisuke Honda គឺកីឡាបេស្បល Yu Darvish ជាមួយ Shohei Ohtani ឈរនៅលេខ២ និងលេខ៣ ខណៈកីឡាកររបស់ Real Madrid, Takefusa Kubo បច្ចុប្បន្នខ្ចីជើងទៅ Villarreal ស្ថិតនៅលំដាប់ទី៤។ Yuto Nagatomo ស្ថិតក្នុងលំដាប់ទី៧, Kengo Nakamura ស្ថិតក្នុងលំដាប់ទី៨ ហើយ Hiroki Sakai ស្ថិតក្នុងលំដាប់ទី៩ ដោយឆ្នាំនេះមានកីឡាករបាល់ទាត់ ៥រូប ស្ថិតក្នុងចំណោម ១០នាក់ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេ។

 

ប្រភព៖ footballchannel.jp

មតិយោបល់