ឯកឧត្តមឧកញ៉ា កុក អាន ស្ថាបនិកក្លឹបភ្នំពេញក្រោន បរិច្ចាគ ១លានដុល្លារជូនសម្តេចតេជោដើម្បីទិញវ៉ាក់សាំងកូវីដ១៩

មាស សុផាណារ៉ុង December 8, 2020


 

ភ្នំពេញ៖ នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នេះ ឯកឧត្តមឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន ព្រមទាំងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ១លានដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។

ការបរិច្ចាគរបស់ឯកឧត្តមឧកញ៉ា បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

គួររំឭកដែរថា កាលអំឡុងខែមីនា ឆ្នាំ២០២០ កន្លងមក ឯកឧត្តមឧកញ៉ា កុក អាន ក៏បានរួមចំណែកបរិច្ចាគចំនួន ១០មុឺនដុល្លារដើម្បីប្រើប្រាស់សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា ខណៈដែល ឧកញ៉ា ឬទ្ធី សំណាង ក៏បានចូលរួមចំនួន ៨០លានរៀលផងដែរ។

សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌ផ្សារភ្ជាប់វិស័យកីឡាដោយថ្នាក់ដឹកនាំក្លឹបបាល់ទាត់ភ្នំពេញតែងចូលរួមយ៉ាងសកម្មជាក់ស្តែងក្រៅពីការបណ្តុះបណ្តាលថ្នាលយុវជន ក្រុមបាល់ទាត់នារី និងក្រុមសហគមន៍ហើយនោះ នាពេលកន្លងមក ឧកញ៉ា ឬទ្ធី សំណាង ជាប្រធានក្លឹបគៀងគរបានថវិកាសរុបជាង ៣០មុឺនដុល្លារបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងទើបតែចូលរួមឧបត្ថម្ភ ៥០លានរៀលពីការឈ្នះចំណាត់ថ្នាក់លេខ៣ លីគកំពូលកម្ពុជា សម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់ជាង ៨ពាន់គ្រួសារនៅខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ជាមួយនឹងមូលនិធិដែលទទួលបានពីការប្រកួតបាល់ទាត់មិត្តភាពនៅកីឡដ្ឋាន Smart RSN កាលពីពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ៕

មតិយោបល់