ហេតុផលដែលសហព័ន្ធកីឡាបាល់ទាត់អាស៊ាន លើកពាន AFF Suzuki Cup ទៅខែធ្នូ ឆ្នាំ២០២១

មាស សុផាណារ៉ុង December 8, 2020


 

អាស៊ីអាគ្នេយ៍៖ សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (អាស៊ាន – AFF) បានប្រកាសកាលពីម្សិលមិញថា ការប្រកួតពានរង្វាន់ដ៏លេចធ្លោរបស់ខ្លួនគឺព្រឹត្តិការណ៍ AFF Suzuki Cup ដែលកាលវិភាគដើមគ្រោងនឹងចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២០ នឹងត្រូវធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២១។ ការសម្រេចចិត្តនេះគឺឆ្លុះបញ្ចាំងពីការបន្តអាទិភាពរបស់ AFF ទៅលើសុខភាព និងសុវត្ថិភាពរបស់មនុស្សគ្រប់រូប ហើយក៏ត្រូវបានធ្វើឡើងដើម្បីផ្តល់នូវភាពប្រាកដប្រជាដល់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ទាំងអស់រួមមាន សមាជិកសហព័ន្ធ (AFF), ក្រុម, កីឡាករ, មន្ត្រី,​ ដៃគូ និងអ្នកគាំទ្រ។

លោកឧត្តមសេនីយ៍ឯក ខៀវ សាម៉េត ប្រធានសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា៖ “ជានិច្ចកាលអាទិភាពទីមួយរបស់យើងគឺសុខភាព និងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា ដែលជាប់ទាក់ទងនឹងព្រឹត្តិការណ៍នេះ។ ដូចនេះយើងបានឃ្លាំមើលការវិវត្តរបស់កូវីដ-១៩ ទាំងនៅក្នុងអាស៊ាន និងនៅលើពិភពលោកទាំងមូលដោយឈរលើមូលដ្ឋានជាបន្តបន្ទាប់។ ខណៈពេលដែលមានលទ្ធផលលើកទឹកចិត្តក្នុងការអភិវឌ្ឍវ៉ាក់សាំង យើងដឹងថាដំណើរការនៃការអនុម័តវ៉ាក់សាំងក៏ដូចជាភាពជាក់ស្តែងនៃការចែកចាយ និងការអនុវត្តកម្មវិធីវ៉ាក់សាំងនៅទូទាំងពិភពលោករួមទាំងអាស៊ាន នឹងត្រូវការពេលវេលាខ្លះ។”

លោកបានបន្ថែមទៀតថា៖ “ក្រឡេកមើលកម្មវិធីប្រកួតបាល់ទាត់ដែលមានភាពមមាញឹកសម្រាប់ឆ្នាំ២០២១ រួមទាំងព្រឹត្តិការណ៍អន្តរជាតិ និងព្រឹត្តិការណ៍ក្នុងស្រុកដែលបានរៀបចំឡើងចាប់ពីឆ្នាំ២០២០ ក៏ធ្វើឱ្យការប្រកួតរបស់យើងនៅក្នុងខែធ្នូ គឺជាពេលវេលាដ៏ល្អមួយ។ កាលបរិច្ឆេទថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែធ្នូ រហូតដល់ថ្ងៃទី០១ ខែមករាឆ្នាំ ២០២២ នឹងផ្តល់នូវឱកាសដ៏ល្អបំផុតសម្រាប់ព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើងជាទ្រង់ទ្រាយពេញលេញជាមួយនឹងការប្រកួតក្នុងផ្ទះ និងក្រៅផ្ទះ ទាំងវគ្គជម្រុះតាមពូល និងវគ្គខ្វែង និងជាមួយកីឡដ្ឋានដែលពោរពេញទៅដោយអ្នកគាំទ្រ។ លើកទឹកចិត្ត និងអបអរក្រុមរបស់ពួកគេ។”

គួររំឮកថាថ្មីៗកន្លងទៅនេះ សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ គ្រោងនឹងធ្វើការប្រកួតពានរង្វាន់ដដែលនេះឡើងវិញនៅខែមេសា ដល់ខែឧសភា ឆ្នាំ២០២១ ប៉ុន្តែត្រូវបានសម្រេចកែប្រែកាលពីថ្ងៃទី០៧ ខែធ្នូ ម្សិលមិញនេះផ្ទាល់តែម្ដង។

គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup គឺជាការប្រកួតកីឡាបាល់ទាត់ធំជាងគេ និងមានកិត្យានុភាពបំផុតនៅអាស៊ីអាគ្នេយ៍ ហើយគម្រោងដើមសម្រាប់ការប្រកួតនៅឆ្នាំ២០២០​ គឺគ្រោងធ្វើនៅចន្លោះពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមរូបបមន្តប្រកួត ២ដងក្រៅដី និង ២ដងក្នុងដី ប៉ុន្តែវាត្រូវបានរារាំងដោយជំងឺកូវីដ-១៩៕

 

ប្រភព៖ aseanfootball.org

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់