បឹងកេត ជាមួយ វិសាខា នឹងត្រូវប្រកួតក្នុងពាន AFC Cup 2021 តែមួយជើងនៅឆ្នាំក្រោយ

មាស សុផាណារ៉ុង December 2, 2020


 

អាស៊ី៖ ការប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី ( 2021 AFC Cup)  ដែលនឹងមានក្រុមតំណាងកម្ពុជា ចំនួន ២ចូលរួម (បឹងកេត វគ្គចែកពូល និងវិសាខា វគ្គជម្រុះ) សម្រាប់ឆ្នាំ២០២១ នឹងមានការកែប្រែកម្មវិធីប្រកួត ដោយធ្វើតែ ១ជើងប៉ុណ្ណោះ ចាប់តាំងពីវគ្គជម្រុះ ដល់វគ្គចែកពូល។

ការដែលបន្ថយការប្រកួតបែបនេះ គឺដោយសារការការពារហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ទៅលើគ្រប់ក្រុមដែលចូលរួម ទាំងកីឡាករ និងគ្រូបង្វឹក ជាមួយនឹងការយកទីតាំងប្រទេសណាមួយដែលមានសុវត្ថិភាពជាងគេធ្វើជាម្ចាស់ផ្ទះ ទទួលក្រុម៣ បូកទាំងខ្លួនឯងសរុប ៤ក្រុមប្រចាំពូលនីមួយៗ និងធ្វើការប្រកួតម្នាក់ចំនួន ៣ប្រកួតប៉ុណ្ណោះដើម្បីរកក្រុមឡើងវគ្គបន្ត។

ខុសប្លែកពីរាល់ដង ការប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី ( 2021 AFC Cup) គឺគេធ្វើឡើងចំនួន ២ជើង បានសេចក្ដីផ្លាស់ប្ដូរទឹកដីគ្នាទៅវិញទៅមក ចាប់តាំងពីជម្រុះ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ហើយប្រកួតរំលងសប្ដាហ៍ (អាចថា ១សប្ដាហ៍ម្ដង ឬ ២សប្ដាហ៍ម្ដង ក្នុងអំឡុងពេល ២ ទៅ៣ខែ) ខណៈវគ្គដែលក្រុមពីកម្ពុជា តែងតែបង្ហាញមុខ វគ្គជម្រុះ (មាន ២ប្រកួត) វគ្គជម្រុះក្នុងពូល (មាន ៦ប្រកួត)។

ដូច្នេះ ក្លិបវិសាខា ដែលត្រូវប្រកួតក្នុងវគ្គជម្រុះ នឹងប្រកួតតែ ១ជើងប៉ុណ្ណោះ (ទីតាំងពុំទាន់បង្ហាញឲ្យដឹង) ខណៈបឹងកេត ឬវិសាខា ផងដែរ (ករណីវិសាខា ឆ្លងផុតវគ្គជម្រុះ) ត្រូវឡើងទៅប្រកួតក្នុងវគ្គចែកពូល នឹងត្រូវប្រកួតតែ ៣ប្រកួតប៉ុណ្ណោះ ហើយប្រើពេលប្រកួតតែ ១សប្ដាហ៍ប៉ុណ្ណោះ ស្របពេលដែលគម្រោងនៃការប្រកួតវគ្គជម្រុះ ក្នុងតំបន់អាស៊ីអាគ្នេយ៍ គ្រោងធ្វើនៅថ្ងៃទី១៨ និង១៩ ខែឧសភា ឆ្នាំ២០២១ និងវគ្គចែកពូលនៅអំឡុងថ្ងៃទី២២ ដល់២៨ ខែមិថុនា ឆ្នាំ២០២១។

សូមរំឭកថា វិសាខា និងរួមគ្នាជាមួយ បឹងកេត ដើម្បីតំណាងឲ្យក្រុមមកពីកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ២០២១ ដោយ វិសាខា (ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន) ត្រូវប្រកួតជម្រុះជាមុនសិន ដើម្បីរកជ័យជម្នះឡើងទៅវគ្គចែកពូល ខណៈបឹងកេត (ជើងឯកលីគកំពូលកម្ពុជា) នឹងបានកៅអីទៅវគ្គចែកពូលដោយផ្ទាល់ និងមិនចាំបាច់ប្រកួតជម្រុះឡើយ៕

មតិយោបល់