ពានវ័យចាស់មួយ បង្កើតពានប៉េណាល់ទីថ្មីស្រឡាង សម្រាប់រដូវកាលទី៥

មាស សុផាណារ៉ុង November 27, 2020


 

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់វ័យចាស់ ៧មករា តេជោសន្ដិភាព ឆ្នាំ២០២១ ដែលរៀបចំដោយក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាព បានបង្កើតជាពានប៉េណាងទីថ្មីមួយទៀត ដែលកម្ពុជាមិនដែលធ្លាប់មាន និងមិនដែលមាននៅក្នុងការប្រកួតនេះឡើយ។

ថ្លែងនៅក្នុងសន្និសិទការសែត កាលពីព្រឹកមិញនេះ លោក អ៊ុច ពិសាល តំណាងលោក ជុំ កុសល ប្រធានកិត្តិយសសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាព បានមានប្រសាសន៍ថា៖ «ពានប៉េណាល់ទី (១១ម៉ែត្រ) គឺជាពានដាច់ដោយឡែក មានន័យក្រោយចប់រាល់ការប្រកួត ក្រុមនីមួយៗ ត្រូវជ្រើសរើសកីឡាករមានវ័យ ៤៦ឆ្នាំឡើង ដើម្បីទាត់ប៉េណាល់ទី និងសន្សំពិន្ទុ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ នឹងបានឡើងវគ្គបន្ដ រហូតរកឃើញក្រុមជ័យលាភី។ ចំពោះប្រាក់រង្វាន់ សម្រាប់ពានធំ លេខ១ ទទួលបាន ៨លានរៀល, លេខ២ ទទួលបាន ៤លានរៀល។ រីឯពានប៉េណាល់ទី លេខ១ ទទួលបាន ៤លានរៀល និងលេខ២ ទទួលបាន ៣លានរៀល។»

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់វ័យចាស់ ៧មករា តេជោសន្ដិភាព ឆ្នាំ២០២១ ដែលរៀបចំដោយក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាព ក្រោមប្រធានបទ សារៈសំខាន់នៃប្រាក់រៀលសម្រាប់កម្ពុជា នេះ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ចំពោះរូបមន្ដប្រកួតវិញ ក្នុងចំណោម ១០ក្រុមចូលរួម គឺបែងចែកជា ២ពូល រួមមានពូល A គឺមានក្រុមកងយោធពលខេមរភូមិន្ទ, TN Kandal, សម្ព័ន្ធយុវជនស្រលាញ់សន្ដិភាពខេត្តរតនគិរី, CCCCFC និងក្រុម Seven Clean Football Team ។ រីឯពូល B គឺមានក្រុម Khmer United, មហាហង្សវ័យចាស់, សម្ព័ន្ធយុវជនស្រលាញ់សន្ដិភាព, CCMP FC និងក្រុម 7NG។ គោលបំណងការប្រកួតនេះ គឺដើម្បីអបអរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤២ ផង និងលើកកម្ពស់ការលេងកីឡា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងសុខភាពផង ៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់