ពានរង្វាន់ក្លិបបាល់ទាត់អាស៊ាន (ACC) សម្រេចលើកទៅប្រកួតនៅឆ្នាំ២០២២

មាស សុផាណារ៉ុង November 27, 2020


 

គួឡាឡាំពួរ៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Football Federation – AFF) សម្រេចលើកការប្រកួតពានរង្វាន់ពានក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ាន (Asean Club Championship – ACC) ទៅប្រកួតនៅឆ្នាំ២០២២ វិញ បន្ទាប់ពីមានគម្រោងរៀបចំនៅឆ្នាំ២០២០ នេះ តែបរាជ័យដោយសារវិបត្តិកូវីដ-១៩។

តាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ជាមួយនឹងការប្រមើលមើលប្រតិទិននៃការប្រកួតដែលមានការកកស្ទះនៅឆ្នាំក្រោយ សហព័ន្ធបានសម្រេចចិត្តផ្លាស់ប្តូរការបើកសម្ពោធព្រឹត្តិការណ៍ក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ាន ទៅដល់ឆ្នាំ២០២២។

ប្រតិទិនអន្តរជាតិ តំបន់ និងក្នុងស្រុក ក្នុងឆ្នាំ២០២១ នឹងត្រូវមមាញឹកខ្លាំងដោយសារការរៀបចំការប្រកួតឡើងវិញនៅឆ្នាំនេះ ក្នុងនោះមាន FIFA World Cup Qualifiers, AFC និង AFF Suzuki Cup។ បន្ថែមលើការសម្រួលដល់ការប្រកួតអន្តរជាតិ ក្លិប និងកីឡាករមានកាតព្វកិច្ចក្នុងស្រុកត្រូវបំពេញនៅឆ្នាំក្រោយ ដោយទុកឱ្យពួកគេមានពេលវេលាកំណត់សម្រាប់ការប្រកួត។ ទោះបីមានការពន្យាពេលដែលមិនអាចចៀសផុតបានក៏ដោយ ក៏ AFF នឹងបន្តការរៀបចំ ហើយឆាប់ៗនេះនឹងបង្ហាញរូបសញ្ញា និងរូបរាងរបស់ពានផងដែរ។

AFF ក៏ទន្ទឹងរង់ចាំបើកព្រឹត្តិការណ៍បាល់ទាត់សម្រាប់ក្លិបរបស់អាស៊ាន នៅឆ្នាំ២០២២ ជាមួយក្រុមមកពីលីគតាមបណ្ដាប្រទេសនីមួយៗ។ ការធ្វើបច្ចុប្បន្នភាពបន្ថែមទៀតទាក់ទងនឹង ACC នឹងត្រូវបានផ្តល់ជូននៅពេលដែលប្រតិទិនបាល់ទាត់ពិភពលោក រួមជាមួយកម្មវិធីប្រកួតលីគក្នុងស្រុក និងកម្មវិធីប្រកួតបាល់ទាត់សម្រាប់ឆ្នាំ ២០២១/២០២២ ត្រូវបានបញ្ចប់។

គួររំឭកថា កាលពីចុងឆ្នាំ២០១៩ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ គ្រោងរៀបចំឲ្យមានព្រឹត្តិការណ៍ជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាការប្រកួតប្រជែង មានក្លិបចំនួន ១២ជាសមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ចូលរួម ធ្វើឡើងនៅឆ្នាំ២០២០ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ពានរង្វាន់ដដែលនេះក៏លើកទៅឆ្នាំ២០២១ និងចុងក្រោយនេះគឺសម្រេចជាផ្លូវការលើកទៅឆ្នាំ២០២២ វិញ៕

 

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ – AFF

មតិយោបល់