ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន រំពឹងសកម្មភាពក្នុងតំបន់ត្រលប់មកវិញឆាប់ៗ ក្រោយមានដំណឹងល្អអំពីវ៉ាក់សាំង

មាស សុផាណារ៉ុង November 25, 2020


 

ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Football Federation – AFF) ឯកឧត្តមឧត្តមសេនីយ៍ឯក ខៀវ សាម៉េត បានរំពឹងសកម្មភាពក្នុងតំបន់ត្រលប់មកវិញឆាប់ៗ ក្រោយមានដំណឹងល្អអំពីវ៉ាក់សាំង ថែមទាំងកោតសរសើរ សហព័ន្ធដែលជាសមាជិក ចំនួន ១២ប្រទេស របស់ AFF និងលេខាធិការដ្ឋាន AFF ដែលបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងភាពរីករាលដាលនៃជំងឺកូវីដ-១៩។

ថ្លែងនៅក្នុងសន្និបាត AFF តាមប្រព័ន្ធអនឡាញ លើកទី១ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍​ ខៀវ សាម៉េត បានអត្ថាធិប្បាយថា៖ “ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ AFF បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធដែលជាសមាជិករបស់យើង ដើម្បីបង្កើនការត្រៀមខ្លួន និងសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់នឹងការរំខានខាងផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងយុទ្ធសាស្ត្រ។ យើងបានបង្កើតសៀវភៅណែនាំ Covid-19 ដើម្បីជួយសមាជិករបស់យើងកាត់បន្ថយបញ្ហាជាក់ស្តែង ឬបញ្ហាចំបងនៅក្នុងប្រទេសរបស់ពួកគេ។”

“ខ្ញុំសុំសរសើរដល់សមាជិករបស់យើង រួមជាមួយលេខាធិការដ្ឋាន AFF ដែលបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងចាត់វិធានការចាំបាច់ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ។ ទាំងនេះជាពេលវេលាដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែខ្ញុំមានទំនុកចិត្តថាយើងនឹងទប់ទល់នឹងព្យុះនេះ និងអាចឈ្នះវាបាន។”

ជំងឺរាតត្បាតបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់តំបន់ ដោយសមាជិកសហព័ន្ធបានរៀបចំពេលវេលាឡើងវិញ ឬលុបចោលនូវលីគ និងសកម្មភាពជាតិរបស់ពួកគេ។ AFF ក៏រងផលប៉ះពាល់ផងដែរដោយសារតែការប្រកួតទាំងអស់នៅឆ្នាំនេះត្រូវបានលុបចោល ខណៈដែលពានរង្វាន់ AFF Suzuki Cup ក៏ត្រូវបានរៀបចំឡើងវិញនៅខែមេសាឆ្នាំក្រោយ។

“យើងជឿជាក់ថាលក្ខខណ្ឌនឹងប្រសើរឡើងវិញឆាប់ៗនេះ ហើយយើងអាចវិលត្រឡប់មករៀបចំការប្រកួត និងសកម្មភាពម្តងទៀត។ សេចក្តីប្រកាសថ្មីៗស្តីពីវ៉ាក់សាំងនេះ គឺជាដំណឹងដ៏អស្ចារ្យ និងផ្តល់ក្តីសង្ឃឹមថាយើងអាចនឹងឃើញការប្រកួតចាប់ផ្តើមឡើងវិញឆាប់ៗនេះ។” អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែររូបនេះបានសង្គត់ធ្ងន់។

គួររំឭកថា តំណាងទាំងអស់ រួមទាំងប្រធាន និងអគ្គលេខាធិការ បានចូលរួមនៅសន្និបាតសហព័ន្ធ (AFF Congress 2019) ដែលដឹកនាំដោយអគ្គលេខាធិការ AFF លោក Winston Lee។ នេះជាលើកទី១ ហើយក្នុងប្រវត្តិសាស្ត្ររបស់ AFF ដែលសន្និបាតសហព័ន្ធ ធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណេត៕

 

ប្រភព៖ aseanfootball.org

មតិយោបល់