លីគទី២ កម្ពុជា មានការប្រកួត ១គូនៅរសៀលនេះ ជាជំនួបបង្រ្គប់សប្ដាហ៍

មាស សុផាណារ៉ុង November 25, 2020


 

កំពង់ស្ពឺ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ នឹងមានការប្រកួត នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា នេះ សម្រាប់ជំនួបសប្ដាហ៍ទី៥ គឺជាការប្រកួតបង្រ្គប់សប្ដាហ៍។

ការប្រកួតគឺជាការជួបគ្នារវាងម្ចាស់ផ្ទះ មន្ទីរអ.យ.ក ខេត្តកំពង់ស្ពឺ ត្រូវទទួលស្វាគមន៍​ សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ធ្វើឡើងនាវេលាម៉ោង ៣:០០នាទីរសៀល នាទីលានវិទ្យាល័យកំពង់ស្ពឺ បន្ទាប់ពីការប្រកួតរវាងក្រុមទាំងពីរត្រុវបានលើកពេលដោយសារ ព្រៃវែង ចាប់ប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែវិច្ឆិកា កន្លងទៅថ្មីៗ និងគាប់ជួនចំថ្ងៃប្រកួតសប្ដាហ៍ទី៥ នៃលីគលំដាប់ទី២ កម្ពុជា ទើបគណៈកម្មការរៀបចំការប្រកួតសម្រេចលើកពេល រហូតមកប្រកួតនៅថ្ងៃនេះ។

ការប្រកួតនេះគេឃើញ ព្រៃវែង មានប្រៀបជាង កំពង់ស្ពឺ បើធៀបចំណាត់ថ្នាក់​ និងពិន្ទុដែលក្រុមទាំងពីររកបាន ជាក់ស្ដែង ព្រៃវែង កំពុងឈរនៅលេខ២ មាន ១០ពិន្ទុ បន្ទាប់ពីប្រកួត ៤ដង ឈ្នះ៣ ស្មើ១ មិនដែលចាញ់ ខណៈកំពង់ស្ពឺ ស្ថិតនៅបាតតារាង មាន ០ពិន្ទុ ក្រោយប្រកួត ៤ដង មិនដែលឈ្នះ មិនដែលស្មើ និងចាញ់ទាំង ៤ប្រកួត។

សូមបញ្ជាក់ថា ពានរង្វាន់ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះគឺបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី០៣ ខែតុលា ប្រកួតតែមួយជើងប៉ុណ្ណោះ ដោយចំណាយពេលប្រកួត ៩សប្ដាហ៍ ស្មើនឹង ៤៥ប្រកួត មុននឹងបន្តទៅវគ្គប្រជែងជើងឯកសម្រាប់ក្រុមខ្លាំងទាំង៤ (Top 4) ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។

ក្រុមតែមួយប៉ុណ្ណោះដែលឈ្នះជើងឯកក្នុងវគ្គប្រជែងជើងឯក នឹងទទួលបានកៅអីឡើងមកលីគកំពូលកម្ពុជា នារដូវកាល២០២១ ខណៈ ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ មិនអាចឡើងមកលីគកំពូលបានឡើយ ទោះជាឈ្នះជើងឯក ឬបានលេខ២ ព្រោះពួកគេជាក្រុមឧបសម្ព័ន្ធរបស់ក្លិបភ្នំពេញក្រោន និង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ដែលកំពុងលេងនៅលីគកំពូលស្រាប់៕

 

រូបភាព៖ Cambodian League 2

មតិយោបល់