សហព័ន្ធកែប្រែកម្មវិធីប្រកួតពានរង្វាន់ លីគនារី និងយុវជន ដោយមានតែ ២កម្មវិធីចាប់ផ្ដើមសប្ដាហ៍នេះ
មាស សុផាណារ៉ុង November 24, 2020
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចកែប្រែកម្មវិធីប្រកួតពានរង្វាន់ លីគនារី និងយុវជនអាយុក្រោម ១៥ឆ្នាំ និង ១៨ឆ្នាំ ដោយមានតែ ២កម្មវិធីប៉ុណ្ណោះ ចាប់ផ្ដើមក្នុងសប្ដាហ៍នេះ បន្ទាប់ពីគម្រោងដើម គ្រោងចាប់ផ្ដើមឡើងវិញទាំងអស់នៅសប្ដាហ៍នេះ ក្រោយផ្អាកទាំងអស់កាលពី ២សប្ដាហ៍មុន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោយករណីព្រឹត្តិការណ៍ ៣ វិច្ឆិកា។
យោងតាមកាលវិភាគថ្មី នៅសប្ដាហ៍នេះមានតែ ២កម្មវិធីប៉ុណ្ណោះ នោះគឺ ជម្រើសជើងឯកជាតិលីគ២ នឹងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្អែកនេះ (មាន ១ប្រកួត ជាការប្រកួតបង្រ្គប់សប្ដាហ៍) រួចបន្តការប្រកួតជាប់ៗគ្នា ២ដងក្នុង ១សប្ដាហ៍ (ប្រកួតពាក់កណ្ដាលសប្ដាហ៍ និងចុងសប្ដាហ៍) និងមួយកម្មវិធីទៀត គឺពានរង្វាន់បាល់ទាត់ក្នុងសាល ចាប់ផ្ដើមពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ចុងសប្ដាហ៍នេះ។
ដោយឡែកកម្មវិធីដែលសម្រួលនោះគឺ ជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ លើកទៅប្រកួតនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ និងពានយុវជនអាយុក្រោម១៨ឆ្នាំ ចាប់ផ្ដើមនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ និងពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារី ចាប់ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។
សូមរំឭកថា គិតមមកទល់ពេលនេះពានរង្វាន់លីគបាល់ទាត់នារី បានដំណើរការប្រកួតបាន ៦សប្ដាហ៍រួចមកហើយ ខណៈលីគលំដាប់ទី២ កម្ពុជា ប្រកួតបាន ៥សប្ដាហ៍ ដោយឡែកពានរង្វាន់បាល់ទាត់ក្នុងសាល និងពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ គឺទើបតែចាប់ផ្ដើមដំណើរការប្រកួតបាន ១សប្ដាហ៍ប៉ុណ្ណោះ គ្រាដែលពានយុវជនអាយុក្រោម ១៥ឆ្នាំ មិនទាន់ដំណើរការប្រកួតនៅឡើយ៕
រូបភាព៖ Cambodian League 2