រកឃើញក្រុម២ ដែលអាចជួបក្លិបវិសាខា ក្នុងវគ្គជម្រុះ AFC Cup 2021 ខណៈមួយក្រុមទៀតកំពុងស្រពេចស្រពិល

មាស សុផាណារ៉ុង November 23, 2020


 

ភ្នំពេញ៖ គិតមកទល់ពេលនេះ គូប្រកួតរបស់ ក្លិបវិសាខា ក្នុងវគ្គជម្រុះពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី ( 2021 AFC Cup) ឆ្នាំ២០២១ បានរកឃើញក្រុមចំនួន ២ហើយ ដែលអាចប៉ះវិសាខា សម្រាប់ការប្រកួតជម្រុះនាពេលដ៏ខ្លីខាងមុខ។

យោងតាមលក្ខខណ្ឌរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រាប់ពានរង្វាន់នេះ​ នឹងមានការបែងចែកការប្រកួតវគ្គជម្រុះតាមតំបន់រៀងៗខ្លួន (អាស៊ីខាងលិច, កើត, ត្បូង, កណ្ដាល និងអាស៊ីអាគ្នេយ៍) ខណៈកម្ពុជា ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ (Qualifying play-off ASEAN) មាន ៦ក្រុមត្រូវប្រកួតជម្រុះ គឺមានវិសាខា ជាក្រុមតំណាងក្រោយបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០២០។

៦ក្រុមដែលត្រូវប្រកួតជម្រុះនោះរួមមាន កម្ពុជា ១ក្រុម (ជើងឯកខាប់ – ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន), ឡាវ ១ក្រុម​ (ជើងឯកលីគ), មីយ៉ាន់ម៉ា ១ក្រុម (ជើងឯករងលីគកំពូល), ទីម័រខាងកើត ១ក្រុម (ជើងឯកខាប់ – Copa FFTL) និងព្រុយណេ (ជើងឯកលីគ) ជាមួយ ឥណ្ឌូណេស៊ី (ជើងឯកខាប់ ឥណ្ឌូនេស៊ី) ម្នាក់ ១ក្រុមផងដែរ។

គិតមកទល់ពេលនេះ ប្រទេស៤​ បានរកឃើញក្រុមត្រូវតំណាងរួចរាល់ហើយ ដោយកម្ពុជា មានក្លិបវិសាខា, ឡាវ មានក្លិប Lao Toyota FC, មីយ៉ាន់ម៉ា មានក្លិប Hanthawaddy United និងទីម័រខាងកើត មានក្លិប Lalenok United ខណៈក្រុមមកពី ព្រុយណេ ជាមួយ ឥណ្ឌូណេស៊ី នៅមិនទាន់រកឃើញក្រុមតំណាងនៅឡើយ​ដោយសារលីគបាល់ទាត់ប្រទេសទាំងពីរនេះ ត្រូវបានលុបចោល​ (សម្រាប់ព្រុយណេ) និងពន្យាពេល (សម្រាប់ឥណ្ឌូនេស៊ី)។

ក្លិប Lao Toyota FC

ក្លិប Lalenok United

ចំពោះវគ្គជម្រុះពានរង្វាន់ដដែលនេះ គឺពុំមានការចាប់ឆ្នោតផ្គូរផ្គង់ឡើយ ហើយ វិសាខា មានភាគរយត្រូវជួបក្រុមមកពី ឡាវ (Lao Toyota) ក្រុមមកពីទីម័រខាងកើត (Lalenok United) និងក្រុមមកពីព្រុយណេ (ពុំទាន់រកឃើញ) ខណៈក្រុមមកពីមីយ៉ាន់ម៉ា (Hanthawaddy United) និងក្រុមមកពីឥណ្ឌូនេស៊ី (ពុំទាន់រកឃើញ) នឹងមិនអាចជួបក្រុមរបស់កម្ពុជា (វិសាខា) ឡើយ ដោយសារឈរនៅទីតាំងដែល ចំណាត់ថ្នាក់ប្រកួតប្រជែងសម្រាប់ក្លិបប្រចាំទ្វីបអាស៊ី (AFC Club Competitions Ranking) គឺនៅទីតាំង ៣ខាងលើដូចគ្នា ខណៈ ឡាវ, ព្រុយណេ និងទីម័រខាងកើត ឈរនៅពីក្រោម។

ករណីក្រុមរបស់ ព្រុយណេ គឺកំពុងស្ថិតក្នុងការសម្រេចពីសហព័ន្ធកីឡាបាល់ទាត់ព្រុយណេ នៅឡើយ ដោយគេគ្រោងប្រកួតខាប់មួយដើម្បីជ្រើសរើសយកក្រុមជើងឯក។

** អំពី AFC Club Competitions Ranking គេកំណត់ចំណាត់ថ្នាក់នេះផ្អែកលើលទ្ធផលនៃក្រុមដែលចូលរួមក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនៃពានរង្វាន់ AFC Champions League និង AFC Cup។ ចំណាត់ថ្នាក់នេះ ត្រូវបានប្រើជាការកំណត់ដើម្បីសំរេចថា ក្រុមណាលេងក្នុងជុំណាមួយនៃក្របខ័ណ្ឌទាំងពីរ។

បើគ្មានអ្វីប្រែប្រួល ការប្រកួតជម្រុះរបស់វិសាខា នឹងធ្វើឡើងនៅថ្ងៃទី១៩ ឬ២០ ខែមករា ឆ្នាំ២០២១ សម្រាប់ជើងទី១ និងជើងទី២ នៅថ្ងៃទី២៦ ឬ២៧ ខែមករា ឆ្នាំ២០២១ ប្រសិនបើវិសាខា ឈ្នះក្រុមលទ្ធផលសរុបទាំងពីរជើង នោះនឹងទទួលបានកៅអីទៅវគ្គចែកពូល ដែលមានក្រុម ១០ផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចគ្នាកំពុងរង់ចាំរួចជាស្រេច (មាន ក្លិបបឹងកេត ផងដែរ ប៉ុន្តែនឹងមិនស្ថិតនៅពូលរួមគ្នាឡើយ)។

សូមរំឭកថា វិសាខា និងរួមគ្នាជាមួយ បឹងកេត ដើម្បីតំណាងឲ្យក្រុមមកពីកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ២០២១ ដោយ វិសាខា ត្រូវប្រកួតជម្រុះជាមុនសិន ដើម្បីរកជ័យជម្នះឡើងទៅវគ្គចែកពូល ខណៈបឹងកេត នឹងបានកៅអីទៅវគ្គចែកពូលដោយផ្ទាល់ និងមិនចាំបាច់ប្រកួតជម្រុះឡើយ៕

មតិយោបល់