Paulo Victor ចូលរួមជាមួយក្រុមជើងឯកលីគកំពូលបារ៉ែន ដែលទើបលើកពានរដូវកាល២០១៩-២០២០

មាស សុផាណារ៉ុង November 20, 2020


 

បារ៉ែន៖ អតីតខ្សែប្រយុទ្ធជួរមុខរបស់ក្លិបភ្នំពេញក្រោន កីឡាករ Paulo Victor ដែលទើបតែចាកចេញពីក្លិបកាលពីពេលថ្មីៗនេះ បានរកទ្រនំថ្មីឃើញហើយ គឺគេបានសម្រេចទៅចូលរួមជាមួយក្រុមជើងឯកលីគកំពូលបារ៉ែន។

យោងតាមការបញ្ជាក់ដោយ Paulo Victor គេបានចូលរួមជាមួយក្លិបម្ចាស់ជើងឯកលីគកំពូលបារ៉ែន Al-Hidd SCC ដែលទើបលើកពានរដូវកាល២០១៩-២០២០ បញ្ចប់ទៅកាលពីថ្មីៗនេះផងដែរ យ៉ាងណាមិញគេនៅរង់ចាំដំណាក់កាលផ្លូវការ ដែលប្រកាសដោយក្លិបផ្ទាល់ ខណៈបច្ចុប្បន្នកីឡាករសញ្ជាតិប្រស៊ីលរូបនេះ កំពុងស្ថិតនៅប្រទេសកំណើតនៅឡើយ។

មកទល់ពេលនេះ Paulo ក៏បានផ្លាស់ប្ដូររូបភាព Profile នៅលើគណនីអ៊ីនស្តាក្រាម (Instagram) ជាមួយនឹងការពាក់ឯកសណ្ឋានក្លិបថ្មីរបស់គេផងដែរ។

គណនី Instagram អ្នកគាំទ្ររបស់ក្លិប Al-Hidd

គួររំឭកថា Paulo Victor បានចូលរួមជាមួយភ្នំពេញក្រោន កាលពីចុងឆ្នាំ២០១៨ និងចាប់ផ្ដើមអាជីពនៅលីគកំពូលកម្ពុជា នារដូវកាល២០១៩ និង២០២០ បង្ហាញខ្លួនបាន ៣១ប្រកួត និងរកគ្រាប់បាល់បាន ២៥គ្រាប់ផងដែរ។

និយាយចំពោះក្លិប Al-Hidd គឺជាក្លិបដែលមានកំណើតតាំងពីឆ្នាំ១៩៤៥ ប៉ុន្តែទើបមានភាពជោគជ័យនៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺបានឈ្នះជើងឯកលីគកំពូលបារ៉ែន ២ដង (២០១៥-២០១៦ និងចុងក្រោយ ២០១៩-២០២០), Bahraini King’s Cup ១ដង (២០១៥), Bahraini FA Cup ២ដង (២០១៥ និង ២០១៧), Bahraini Super Cup ២ដង (២០១៥ និង ២០១៦)៕

មតិយោបល់