លោក Oleg Starynskyi ក្លាយជាគ្រូបង្វឹករបស់ភ្នំពេញក្រោន ជាលើកទី២

មាស សុផាណារ៉ុង November 18, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចតែងតាំង លោក Oleg Starynskyi  ដែលជាអតីតគ្រូបង្វឹកក្រុមថ្នាលយុវជន និងជាគ្រូបង្គោលរបស់ក្លិបម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦ សម័យកាលនេះ ទៅជាគ្រូបង្គោល ឬគ្រូធំរបស់ក្លិបជាថ្មីម្ដងទៀត ជំនួសលោក ស៊ុំ វណ្ណា ដែលទៅកាន់តួនាទីជានាយកបច្ចេកទេសវិញ។

លោក Oleg Starynskyi ធ្លាប់បានចូលរួមជាមួយភ្នំពេញក្រោន កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៦ ដឹកនាំក្រុម U-19 ភ្នំពេញក្រោន ហើយបានបង្ហាញស្នាដៃជាបន្តបន្ទាប់ដោយធ្លាប់បានដឹកនាំក្រុមលើកពាន Smart RSN Youth Competition 2016 និងធ្លាប់បានចូលរួមភារកិច្ចជាគ្រូជំនួយក្រុម U-19 កម្ពុជា សម្រាប់ការប្រកួត (AFF U-19 Championship 2016) កាលពីពេលឆ្នាំ២០១៦ នោះផងដែរ រហូតដល់ចុងឆ្នាំ២០១៦ នៅពេលដែល លោក សែម សំណាង ត្រូវបានក្លិបផ្លាស់តួនាទីទៅជានាយកបច្ចេកទេស លោកក៏ត្រូវបានក្លិបផ្ដល់សេចក្ដីទុកចិត្តឲ្យដឹកនាំក្រុមនៅរដូវកាល២០១៧។

ក្នុងរដូវកាល២០១៧ នោះ លោកបានដឹកនាំក្រុមដោយបញ្ចប់ទៅនៅលេខ៦ ក្រោយប្រកួត ២២ដង ឈ្នះ១២ ស្មើ៦ និងចាញ់៤ តាមពីក្រោយក្រុមម្ចាស់ជើងឯក ៦ពិន្ទុ។

លោកបានចាប់កំណើតនៅតំបន់ Bila Tserkva ជិតរដ្ឋធានី Kiev របស់ប្រទេសអ៊ុយក្រែន និងធ្លាប់លេងឲ្យក្រុមយុវជន FC Arsenal-Kyiv ផងដែរ មុននឹងចាប់ផ្តើមអាជីពជាគ្រូបង្វឹក នៅវ័យ ២៥ឆ្នាំ និងធ្វើការឲ្យ Kyiv Regional Federation ព្រមទាំងជាគ្រូបង្គោលក្រុមយុវជន FC Arsenal-Kyiv រួចទើបចាប់ផ្តើមរៀនវគ្គគ្រូបង្វឹកនៅ Goal Academy ក្នុងប្រទេសម៉ាឡេស៊ីសម្រាប់រយៈពេល ៣ ឆ្នាំផងដែរ។ បច្ចុប្បន្នលោកមានសញ្ញាបត្រ UEFA A-license ជាមួយនឹង Coerver Coaching Youth Diploma ថែមទៀតផង។

ប៉ុន្មានឆ្នាំចុងក្រោយ បន្ទាប់ពីចាកចេញពីភ្នំពេញក្រោន លោកបានធ្វើជានាយកបច្ចេកទេសជាមួយក្រុមយុវជនមួយ Destiny Football Development Centre (Malaysia) មួយរយៈនៅប្រទេសម៉ាឡេស៊ី បន្ទាប់មកត្រលប់ទៅប្រទេសកំណើត ធ្វើការជាមួយ ក្លិប Shakhtar Donetsk ជាគ្រូជំនួយក្រុម U-19 និងក្រោយមកក្លាយជាប្រធានផ្នែកវិភាគវីដេអូប្រកួត របស់ក្លិបថែមទៀតផង៕

 

រូបភាព៖ ភ្នំពេញក្រោន – Phnom Penh Crown FC

មតិយោបល់