លោក Lee Tae Hoon កំពុងស្ថិតក្នុងការសង្ស័យខ្ពស់ថាអាចនឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ភ្នំពេញក្រោន ក្រោយកៅអីគ្រូធំកំពុងបើកជំហរ

មាស សុផាណារ៉ុង November 18, 2020


 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសផ្លាស់ប្ដូរតួនាទីគ្រូបង្វឹក លោក ស៊ុំ វណ្ណា ទៅជានាយកបច្ចេកទេសក្លិប បន្ទាប់ពីដឹកនាំក្រុមរហស្សនាម សឹង្ហក្រហម មួយនេះ ១ឆ្នាំកន្លះរួចមក។

ការផ្លាស់ប្ដូរតួនាទីនេះផងដែរ នឹងធ្វើឲ្យក្លិបភ្នំពេញក្រោន ត្រូវការគ្រូបង្វឹកថ្មីមកជំនួសតំណែងលោក ស៊ុំ វណ្ណា ចាដាច់ខាតដើម្បីដឹកនាំក្រុមនៅរដូវកាលក្រោយ២០២១ ទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ខណៈបើក្រឡេកមកមើលស្ថានភាពគ្រូបង្វឹកដែលទំនេរនាពេលបច្ចុប្បន្នហាក់មានច្រើនគួរសម ដែលក្លិបអាចនឹងកំពុងពិចារណា ក្នុងការយកមកដឹកនាំក្រុមបន្ត ជាពិសេសអតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Lee Tae Hoon កំពុងក្លាយជាមុខព្រួញរបស់អ្នកតាមដានវិស័យបាល់ទាត់កម្ពុជា ដោយភាគច្រើនបានដាក់ការសង្ស័យថា លោកអាចនឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹបជើងចាស់ភ្នំពេញក្រោន ខណៈដែលរូបលោកផ្ទាល់កំពុងស្ថិតនៅក្នុងភាពស្ងប់ស្ងាត់នៅឡើយ។

លោក Lee Tae Hoon៖

អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជារូបនេះ បានក្លាយជាទីចាប់អារម្មណ៍ជាងគេក្នុងស្រទាប់អ្នកស្រលាញ់វិស័យបាល់ទាត់ជាតិ ក្រោយកាលពីពេលថ្មីៗនេះទើបតែបញ្ចប់កិច្ចសន្យាជាមួយក្លិបវៀតណាម Hoang Anh Gia Lai – HAGL និងបានវិលត្រឡប់មករកក្រុមគ្រួសាររបស់លោកដែលកំពុងស្នាក់នៅប្រទេសកម្ពុជាវិញ (កូនស្រីរបស់លោក កំពុងសិក្សានៅកម្ពុជា)។

លោកជាគ្រូមានបទពិសោធនៅកម្ពុជា ស្គាល់ច្បាស់ទាំងក្លិប និងកីឡាករស្ទើរមួយចំនួនធំ ព្រោះអំឡុងពេលដែលលោកធ្វើជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា លោកតែងតែចុះទៅសង្គេតមើលកីឡាករស្ទើរគ្រប់ក្លិបដើម្បីជ្រើសរើសចូលក្រុមជម្រើសជាតិ។

ដូច្នេះ លោក Lee Tae Hoon ត្រូវបានចាត់ទុកថាជាបេក្ខភាពដែលនាំមុខគេ អាចចូលមកដឹកនាំភ្នំពេញក្រោន។

លោក ប្រាក់ សុវណ្ណារ៉ា៖

អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជាដូចគ្នាផងដែររូបនេះ បច្ចុប្បន្នក៏កំពុងទំនេរពីវិស័យបាល់ទាត់បន្ទាប់ពីពុំត្រូវបានប្រទះឃើញលោកដឹកនាំ ក្លិបនគរបាលជាតិ នៅប៉ុន្មានប្រកួតចុងក្រោយនៃលីគកំពូលកម្ពុជា ២០២០។

លោក ប្រាក់ សុវណ្ណារ៉ា ក៏ជាគ្រូមានបទពិសោធនៅកម្ពុជា ជាពិសេសកីឡាករមួយចំនួនរបស់ភ្នំពេញក្រោន ក៏ធ្លាប់ត្រូវបានលោកកោះហៅចូលក្រុមជម្រើសជាតិកាលពេលដែលលោកនៅជាគ្រូបង្គោល ដែលអាចនិយាយបានថាលោកបានស្គាល់ច្បាស់ពីកីឡាករទាំងនោះ និងងាយស្រួលក្នុងរួមការងារជាមួយគ្នា។

លោក ភា សុភ័ក្ត្រា៖

លោក ភា សុភ័ក្ត្រា បច្ចុប្បន្នកំពុងកាន់ការងារជាអ្នកកាន់វីដេអូវិភាគប្រចាំ សមាគមកីឡាកងយោធពលខេមរភូមិន្ទ ប៉ុន្តែមិនស្ថិតក្នុងតួនាទីដឹកនាំក្រុមផ្ទាល់ឡើយ ដែលនេះអាចនិយាយបានថា ក៏ជាឱកាសដែល ភ្នំពេញក្រោន ឈានទៅចរចានាំមកកីឡដ្ឋានស្មាតអរអេសអិន (Smart RSN) ផងដែរ ពីព្រោះលោកគឺជាគ្រូបង្វឹកដែលមានបទពិសោធស្រដៀងគ្នាទៅនឹង លោក Lee Tae Hoon និង លោក ប្រាក់ សុវណ្ណារ៉ា ទាំងជាមួយក្រុមជម្រើសជាតិ និងជាពិសេសជាមួយក្លិប និងក្លិប។

លោកក៏ជាគ្រូបង្វឹកដែលត្រូវបានគេដឹងថាចូលចិត្តលើការអភិវឌ្ឍន៍យុវជនផងដែរ គ្រាដែលភ្នំពេញក្រោន ក៏ជាក្លិបដែលសំបូរទៅដោយកីឡាករយុវជនច្រើនដូចគ្នា។ ដូច្នេះលោកក៏មានភាគរយស្ថិតក្នុងការចូលមកដឹកនាំភ្នំពេញក្រោន ផងដែរ។

លោក ហុក សុជីវ័ន្ត៖

អតីតកីឡាកររបស់ភ្នំពេញក្រោន ផងដែររូបនេះបច្ចុប្បន្នក៏កំពុងទំនេរពីការងារគ្រូបង្វឹកផងដែរ បន្ទាប់ពីចាកចេញពីវិសាខា តាំងពីពាក់កណ្ដាលរដូវកាល២០១៩។

លោកក៏ត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកមានសក្ដានុពលដូចគ្នា បន្ទាប់ធ្លាប់ដឹកនាំក្រុមធំៗដូចជា អង្គរថាយហ្គឺរ និងវិសាខា ក្រៅពីនេះលោកក៏ធ្លាប់ធ្វើការជាមួយក្រុមយុវជន ដែលការណ៍ក៏ជាភាពអំណោយផលទៅនឹងភ្នំពេញក្រោន ដែលសំបូរតោដោយយុវជនដូចគ្នា។

លោក សែម សំណាង៖ (Sam Schweingruber)

អតីតគ្រូបង្វឹកររបស់ក្លិបភ្នំពេញក្រោនរូបនេះ ក៏ស្ថិតក្នុងរ៉ាដាក្លាយជាបេក្ខភាពគ្រូថ្មីផងដែរ ដ្បិតលោកស្គាល់ច្បាស់បំផុតពីវប្បធម៌ អត្តចរិករបស់កីឡាករភ្នំពេញក្រោន។

ភាពពិសេសមួយទៀតរបស់លោក គឺលោកត្រូវបានគេចាត់ទុកថា ជាបុរសតែម្នាក់គត់ដែលជួយឲ្យក្រុមរហស្សនាមសឹង្ហក្រហម មួយនេះ ឈ្នះពាន ២លើកចុងក្រោយ ដែលការណ៍នេះហើយអាចជាចំណុចដែលទាក់ទាញថ្នាក់ដឹកនាំក្លិបឲ្យនាំយករូបលោកត្រលប់មកវិញ។ ជាមួយគ្នាផងដែរ ក៏មានអ្នកគាំទ្រភ្នំពេញក្រោន មួយចំនួនតូចបានបង្ហើបនូវពាក្យ ស្វាគមន៍ការវិលត្រលប់មកវិញ ដែលនេះគឺជាមន្ទិលសង្ស័យមួយគួរឲ្យចាប់អារម្មណ៍ក្នុងន័យថាពួកគេបានដឹងថាគ្រូថ្មីគឺជានរណារួចទៅហើយ។

យ៉ាងណាក៏ដោយគិតមកទល់ពេលនេះមិនទាន់មានប្រភពជិតស្និទ្ធណាមួយជាមួយក្លឹបជើងឯក ៦សម័យកាលនេះ ចេញមកអះអាង ឬបញ្ជាក់ពីរឿងនេះឡើយ ស្របពេលដែលបេក្ខភាពគ្រូបង្វឹកថ្មីក៏កំពុងស្ថិតនៅជាអាថ៍កំបាំងផងដែរនោះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់