សមាជិកជម្រើសជាតិអ៊ីរ់ង់ ចង់ឃើញសហព័ន្ធខ្លួនរៀបចំប្រកួតឲ្យកាន់តែច្រើនដើម្បីរកចំណុចខ្លាំង និងខ្សោយ

មាស សុផាណារ៉ុង November 16, 2020


 

អ៊ីរ៉ង់៖ ក្រុមជម្រើសជាតិអ៊ីរ៉ង់ បានបំបាក់ក្រុមជម្រើសជាតិបូស្នៀ ២-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំកាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយនៃការត្រៀមរៀបចំខ្លួនសម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ( 2022 FIFA World Cup) ឆ្នាំ២០២២។

ជាមួយគ្នានោះ កីឡាករ Saeid Ezatolahi ដែលបានផ្លាស់ប្ដូរចូលក្នុងនាមជាកីឡាករបម្រុង នៅនាទី៧៦ បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមកីឡាករ Mehdi Ghaedi រកគ្រាប់បាល់ចុងម៉ោង។

ក្រោយចប់ការប្រកួតកីឡាករ Vejle Boldklub បាននិយាយថា៖ “ការប្រកួតកម្តៅសាច់ដុំទាំងនេះអាចជួយឱ្យគ្រូបង្វឹកស្គាល់កីឡាករបានកាន់តែច្រើន បន្ទាប់ពីវគ្គជម្រុះអាស៊ីត្រូវបានពន្យារពេលដល់ឆ្នាំ២០២១ ដោយសារជំងឺរាតត្បាតកូវីដ-១៩។” 

កីឡាកររូបនេះបានបន្ថែមថា៖ “ខ្ញុំសង្ឃឹមថាសហព័ន្ធអាចរៀបចំការប្រកួតមិត្តភាពឲ្យបានបានច្រើនជាង ព្រោះវាអាចជួយគ្រូបង្វឹកឱ្យដឹងពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់យើង។”

“យើងមានកិច្ចការដ៏លំបាកនៅចំពោះមុខមួយដើម្បីឈានទៅប្រកួត World Cup ឆ្នាំ២០២២ ប៉ុន្តែខ្ញុំជឿជាក់ថាយើងអាចសម្រេចបាននូវអ្វីគ្រប់យ៉ាងដោយមានការប្តេជ្ញាចិត្ត និងធ្វើឱ្យប្រជាជនរបស់យើងរីករាយ។ ខ្ញុំគិតថាការហ្វឹកហាត់ និងការប្រកួតមិត្តភាពទាំងនេះអាចជួយយើងឱ្យសម្រេចបាននូវភាពល្អប្រសើរបន្ថែមទៀត។”

គួររំឭកថា ជំងឺកូវីដ-១៩ (COVID-19) ដែលបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ បាននាំឲ្យការប្រកួតបាល់ទាត់ស្ទើរជុំវិញពិភពលោក ទាំងក្នុងស្រុក និងក្រៅស្រុកបានសម្រេចផ្អាក ក៏ដូចជាពន្យាពេលជាបន្តបន្ទាប់ ដើម្បីបង្ការការរីករាលដាលនៃវីរុសនេះ​។

ចំពោះការប្រកួតជុំទី២ វគ្គជម្រុះបាល់ទាត់ពិភពលោក ត្រូវបានពន្យាពេល ២លើករួចមកហើយ ដោយលើកដំបូងគឺនៅខែមីនា និងមិថុនា គម្រោងលើកទៅប្រកួតខែតុលា និងវិច្ឆិកា តែក្រោយមកទៀតក៏សម្រេចលើកក្នុងអំឡុងខែតុលា និងវិច្ឆិកា សារជាថ្មីក្នុងស្ថានភាពដូចគ្នាដោយសារជំងឺកូវីដ-១៩ ខណៈក្រុមគោព្រៃកម្ពុជា នៅសល់ ៣ប្រកួតក្នុងដៃ ហើយត្រូវជួបក្រុមជម្រើសជាតិបារ៉ែន បន្ទាប់មកត្រូវទទួលអ៊ីរ៉ង់ នេះផ្ទាល់នៅពហុកីឡដ្ឋានជាតិ និងប្រកួតចុងក្រោយរបស់កម្ពុជា គឺត្រូវឡើងទៅជួប អ៊ីរ៉ាក់ ដែលគ្រោងធ្វើឡើងវិញនៅខែមីនា និងខែមិថុនា៕

 

ប្រភពព័ត៌មាន៖ tehrantimes.com

មតិយោបល់