គ្រូណាហ្គា ព្រួយបារម្ភកីឡាករចាស់វស្សាកាន់តែកើនវ័យ ខណៈកីឡាករក្មេងៗមានតិចនៅក្នុងក្រុម

មាស សុផាណារ៉ុង November 13, 2020


 

ភ្នំពេញ៖ គ្រូបង្វឹកនៃក្លិបបាល់ទាត់ណាហ្គាវើលដ៍ លោក មាស ចាន់ណា កាលពីពេលកន្លងទៅថ្មីៗ បានបង្ហើបពីការព្រួយបារម្ភជុំវិញបញ្ហាកីឡាករចាស់វស្សាកាន់តែកើនវ័យពីមួយឆ្នាំទៅមួយឆ្នាំ ខណៈកីឡាករក្មេងៗបច្ចុប្បន្នហាក់នៅមានតិចនៅក្នុងក្រុម។

ការលើកឡើងបែបនេះ គឺដោយសារក្លិបម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៣សម័យកាលមួយនេះ កំពុងសម្បូរទៅដោយកីឡាករចាស់វស្សា ហើយភាគច្រើនស្ថិតក្នុងជម្រើស ១១នាក់ដំបូង ខណៈកីឡាករយុវជននៅមានតិចនៅឡើយ គ្រាដែលក្រុមយុវជនថ្នាលទើបតែរៀបចំឲ្យមាន ដែលតម្រូវឲ្យត្រូវការពេលវេលាបន្ថែមទៀត។

ថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មានកាលពីសន្និសីតកាសែត​ ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លោក មាស ចាន់ណា បានបង្ហើបឲ្យដឹងដូច្នេះថា៖ «ខ្ញុំតែងតែគិតកន្លែងហ្នឹង មិនគិតតែត្រឹមថ្នាលយុវជនទេ ខ្ញុំគិតដល់អ្នកជំនួសខ្ញុំទៀត និយាយដោយស្មោះត្រង់ទៅ អ៊ីចឹងការងារកីឡាករមួយចំនួននៅក្នុងក្រុមគឺខ្ញុំបង្រៀនច្រើនមែនទែន សូម្បីតែផ្នែកកាត់វីដេអូវិភាគផ្សេងៗ ខ្ញុំបង្រៀនហើយអស់កីឡាករចាស់ៗ ខ្ញុំទុកផ្លូវដើរឲ្យពួកគាត់ឲ្យហើយ ជម្រុញឲ្យគាត់ទៅរៀន license ផ្សេៗទៀត។»

«…អ៊ីចឹងទាក់ទងជាមួយថ្នាលគឺជាក្ដីបារម្ភរបស់ខ្ញុំមួយដែរ ក៏ប៉ុន្តែខ្ញុំព្យាយាមយកមកជំនួសខ្លះៗ ព្រោះអីដឹងស្រាប់ហើយ យើងមិនមានថ្នាលដែលច្បាស់លាស់ដូចគេហ្វឹកហាត់ យើងមានតែនៅកំពង់ស្ពឺទើបនឹងចាប់ផ្ដើម អ៊ីចឹងជាការព្រួយបារម្ភរបស់ខ្ញុំ អ៊ីចឹងខ្ញុំមានតែសាកល្បងកីឡាករក្មេងៗបច្ចុប្បន្នម្ដងមួយៗ ហើយកន្លងមកឲ្យតែខ្ញុំសាកល្បងម្នាក់ ឬពីរនាក់ ការប្រកួតខ្ញុំនឹងចាញ់ហើយ។» គ្រូបង្វឹកវ័យ ៤០ឆ្នាំរូបនេះសង្កត់ធ្ងន់។

គួរបញ្ជាក់ថា កាលពីរដូវកាល២០២០ ណាហ្គាវើលដ៍ មានកីឡាករដែលមានអាយុលើស ២៧ឆ្នាំ ដល់ទៅ ១៥នាក់ ក្នុងចំណោមកីឡាករ ២៧នាក់នៃបញ្ជីឈ្មោះគិតចាប់ពីដើមរដូវកាលមក ខណៈកីឡាករក្រោម ២៥ឆ្នាំ​ មានចំនួន ១២នាក់។

ណាហ្គាវើលដ៍ រដូវកាលកន្លងទៅថ្មីៗនេះ បញ្ចប់ទៅដោយឈរនៅលេខ​៦ ក្នុងលីគកំពូលកម្ពុជា និងបានជើងឯករង (លេខ២) ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន៕

 

រូបភាព៖ ណាហ្គាវើលដ៍ – Naga World FC

មតិយោបល់