មកស្គាល់ជើងឯកលីគប្រចាំប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទើបរកឃើញថ្មីៗនេះ

មាស សុផាណារ៉ុង November 12, 2020


 

អាស៊ីអាគ្នេយ៍៖ លីគបាល់ទាត់ក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) បានបញ្ចប់ និងរកឃើញជើងឯកតាមប្រទេសមួយចំនួនភាគច្រើនហើយ សម្រាប់រដូវកាល២០២០ ដែលជារដូវកាលមួយត្រូវបានគេចាត់ទុកថាពោរពេញទៅដោយការអូសបន្លាយ ដោយសារវិបត្តិជំងឺរាតត្បាតជាសាកល កូវីដ-១៩ ខណៈនៅសល់តែលីគថៃ, ឥណ្ឌូនេស៊ី និងសិង្ហបុរី ពុំទាន់រកឃើញជើងឯកលីគ។

គិតមកទល់ពេលនេះ លីគកំពូលមីយ៉ាន់ម៉ា, ឡាវ, ម៉ាឡេស៊ី, កម្ពុជា, វៀតណាម និងហ្វីលីពីន បានបញ្ចប់ និងរកឃើញជើងឯកជាផ្លូវការ បន្ទាប់ពីមានលីគខ្លះត្រូវបានផ្អាកម្ដងជាពីរដង ដោយសារការកម្រើកឡើងវិញជារឿយៗនៃជំងឺរាតត្បាតកូវីដ-១៩។

  • លីគកំពូលមីយ៉ាន់ម៉ា៖

មីយ៉ាន់ម៉ា ម្ចាស់ជើងឯកលីគគឺត្រូវបានគ្រប់គ្រងដោយ Shan United បន្ទាប់ពីប្រកួតបញ្ចប់រដូវកាលឈ្នះពិន្ទុដាច់ក្រុមលេខ២ Hantharwady United ចំនួន ៤ពិន្ទុ ក្រោយប្រកួត ១៨សប្ដាហ៍ដ៏តានតឹង។ ឈ្នះពានក្នុងរដូវកាល២០២០ នេះ គឺជាលើកទី៣ សម្រាប់ប្រវត្តិសាស្ត្ររបស់ក្លិប និងការពារតំណែងជើងឯកបានដោយជោគជ័យផងដែរ។

  • លីគកំពូលឡាវ៖

ប្រកួតដោយមានពុំមានការរារាំងពីវិបត្តិកូវីដ-១៩ ជើងឯកលីគកំពូលឡាវគឺបានទៅ Lao Toyota FC ជាលើកទី៥ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប បន្ទាប់ពីដាច់ពិន្ទុក្រុមលេខ២ ចំនួន ៧ពិន្ទុ ខណៈការឈ្នះជើងឯករដូវកាល ២០២០ នេះ ក៏ជាលើកទី៤ ជាប់ៗគ្នាផងដែរសម្រាប់ Lao Toyota។

  • លីគកំពូលម៉ាឡេស៊ី៖

ជាថ្មីម្ដងទៀត ក្លិបអ្នកមាន Johor Darul Ta’zim បានគ្រងជើងឯកលីគកំពូលម៉ាឡេស៊ី ឆ្នាំ២០២០ ក្រោយប្រកួត ១១ដង ឈ្នះ៩ ស្មើ២ និងមិនដែលចាញ់ មាន ២៩ពិន្ទុ ជាហេតុនាំឲ្យក្លិបឈ្នះជើងឯកលីគជាលើកទី៧ ជាប់ៗគ្នា និងមានតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ នាមជាក្រុមឈ្នះលីគជាប់ៗគ្នាបានយូរជាងគេ។

  • លីគកំពូលកម្ពុជា៖

លីគកំពូលកម្ពុជា ដែលដំណើរការប្រកួតបានពាក់កណ្ដាលទីក៏ត្រូវបានផ្អាកដោយសារបញ្ហាកូវីដ-១៩ និងត្រលប់មកវិញដោយកាត់បន្ថយការប្រកួតនោះ បានរកឃើញជើងឯកលីគជាផ្លូវការផងដែរ គឺបានទៅ បឹងកេត ក្រោយប្រកួត ១៧ដង ឈ្នះ១២ ស្មើ៥ និងមិនដែលចាញ់ទាល់តែសោះ ប្រមូលបាន ៤១ពិន្ទុ ស្មើគ្នាជាមួយក្រុមរងការពារតំណែងជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង ប៉ុន្តែឈ្នះលើរូបមន្តជំនួបជួបគ្នារវាងក្រុមទាំងពីរ (Head to Head)។

ឈ្នះជើងឯកលើកនេះ គឺជាលើកទី៤ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបផងដែរ បន្ទាប់ពីធ្លាប់ធ្វើបានសម្រេចកាលពីឆ្នាំ២០១២, ២០១៦ និង ២០១៧។

  • លីគកំពូលវៀតណាម៖

លីគកំពូលវៀតណាម ដែលជួបរឿងពិបាកជាងគេ ផ្អាកប្រកួតលីគដល់ទៅ ២ដងនោះ ទីបំផុតបានសម្រេចទៅរកឃើញជើងឯកទាល់តែបានសម្រេចក្នុងអំឡុងវិបត្តិកូវីដ-១៩ ពោលគឺបានទៅក្រុម Viettel FC បន្ទាប់ធ្វើបានយ៉ាងល្អនៅជុំទី២ (ជុំប្រកួតដណ្ដើមជើងឯករវាងក្រុមកំពូលចំនួន ៨ – Top 8) ប្រកួត ៧ដង ឈ្នះ៦ និងស្មើ១ ខណៈសរុបមួយរដូវកាលគិតពីជើងទី១ ឈ្នះ១២ ស្មើ៥​និងចាញ់៣។

វាគឺជាការឈ្នះដ៏ភ្ញាក់ផ្អើល បន្ទាប់បីក្រុមនេះទើបតែឡើងមកលីគកំពូលនៅឆ្នាំ២០១៩ ចាប់តាមងពីលេងនៅលីគទី២ ដល់តៅ ៣រដូវកាលជាប់ៗគ្នា ពីឆ្នាំ២០១៦-២០១៨។ យ៉ាងណាមិញក្លិបនេះត្រូវបានចាត់ទុកជាក្លិបជោគជ័យ ដោយគិតចាប់តាំងពីឆ្នាំ១៩៥៦ ធ្លាប់ឈ្នះជើងឯក ១៩ដង ទាំងដែលពេលខ្លះមិនទាន់ប្រើប្រាស់ជារូបមន្តលីគវិលជុំនៅឡើយ។

  • លីគកំពូលហ្វីលីពីន៖

ហ្វីលីពីន ដែលមានក្រុមចំនួន៦ ចូលរួមប្រកួតលីគ ហើយពន្យាពេលចាប់ផ្ដើមជាច្រើនលើកច្រើនសារ  ទីបំផុតបានរកឃើញជើងឯកផងដែរ គឺបានក្លិបដែលទើបប្ដូររចនាសម្ព័ន្ធ Ceres Negros ទៅជា United City បន្ទាប់ពីប្រកួត ៥ដងប៉ុណ្ណោះ ឈ្នះ៤ មិនដែលស្មើ និងចាញ់១ នាំឲ្យក្លិបឈ្នះជើងឯកលីគជាលើកទី៤ ផងដែរ។

ជុំវិញលីគបាល់ទាត់នៃប្រទេសមួយចំនួនទៀតក៏បានដំណើរការឡើងវិញមានដូចជា៖

  • ថៃ៖ កំពុងដំណើរការប្រកួត (ចូលសប្ដាហ៍ទី១៣)
  • ឥណ្ឌូនេស៊ី៖ គ្រោងដំណើរការឡើងវិញ ក្នុងអំឡុងនៅដើមឆ្នាំ២០២១ (ប្រកួតបាន ៣សប្ដាហ៍)
  • សិង្ហបុរី៖ កំពុងដំណើរការប្រកួត (ចូលសប្ដាហ៍ទី១០)
  • ព្រុយណេ៖ លុបចោល
  • ទីម័រខាងកើត៖ ពុំមានការបញ្ជាក់ច្បាស់ (ពុំទាន់ចាប់ផ្ដើមនៅឡើយ)

គួរបញ្ជាក់ថា រដូវកាល២០២០ នេះ បាល់ទាត់នៅជុំវិញពិភពលោក បាននឹងកំពុងស្ថិតក្នុងស្ថានភាពអាក្រក់បំផុត និងពុំដែលជួបប្រទះដោយសារតែការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បណ្ដាលមកពីវីរុសកូរ៉ូណា បង្ខំឲ្យលីគបាល់ទាត់ប្រទេសជាច្រើនផ្អាក និងពន្យាពេលជាច្រើនលើកច្រើនសារ និងមានលីគខ្លះឈានទៅដល់លុបចោល (ដូចជាករណីនៅអាស៊ាន លីគកំពូលព្រុយណេ បានលុបចោល) ចាប់តាំងពីអំឡុងខែមីនា មក បន្ទាប់ជំងឺនេះរីករាលដាលខ្លាំង៕

មតិយោបល់