ជំនួបភ្នំពេញក្រោន ជាមួយ បឹងកេត កាលពីប៉ុន្មានសប្ដាហ៍មុនបន្សល់ទុកការពិន័យទាំងក្លិប ទាំងអគ្គលេខាធិការ គ្រូជំនួយ និងកីឡាករ

មាស សុផាណារ៉ុង November 11, 2020


 

ភ្នំពេញ៖ គណៈកម្មការវិន័យ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចដាក់ទណ្ឌកម្មលើក្លិបភ្នំពេញក្រោន និងបឹងកេត ក៏ដូចជាមន្ត្រីរបស់ក្លិបបឹងកេត និងកីឡាករភ្នំពេញក្រោន បន្ទាប់បានធ្វើឲ្យមានសកម្មភាពអសកម្មនៅលើទីលាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ក្នុងជំនួបសប្ដាហ៍ចុងក្រោយ នៃលីគកំពូលកម្ពុជា។

យោងតាមលិខិតដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដដែលបានសម្រេច ពិន័យក្លិបបាល់ទាត់ភ្នំពេញក្រោន ជាមួយក្លិបបាល់ទាត់បឹងកេត ពាក់ព័ន្ធជាមួយអ្នកគាំទ្រ ពោលគឺ ពិន័យក្លិបភ្នំពេញក្រោន មិនឲ្យមានអ្នកគាំទ្រចូលទស្សនាការប្រកួតដែលលេងក្នុងដីរបស់ខ្លួនចំនួន ២ប្រកួត និងពិន័យជាប្រាក់ ២លានរៀល លើកំហុសអសន្តិសុខនៅពេលប្រកួត នាំឲ្យមានការគប់ផ្សែងកាំជ្រួជចូលទីលាន និងការគំរាមគំហែងអាជ្ញាកណ្ដាល ខណៈក្លិបបឹងកេត ត្រូវពិន័យស្រដៀងគ្នាផងដែរ ដោយមិនអនុញ្ញាតឲ្យមានអ្នកចូលទស្សនាការប្រកួតដែលខ្លួនធ្វើជាម្ចាស់ផ្ទះ ១ប្រកួត និងពិន័យជាប្រាក់ ១លានរៀល លើកំហុស អ្នកគាំទ្ររត់ចូលទីលានអោបកីឡាករអបអរគ្រាប់បាល់ទាត់បញ្ចូលទី។

ដោយឡែកការពិន័យជាបុគ្គលវិញ អគ្គលេខាធិការក្លិបបឹងកេត លោក បែ មករា ត្រូវគណៈកម្មការវិន័យសម្រេចព្យួរមិនឲ្យចូលរួមការប្រកួតលីគកំពូលកម្ពុជា នៅឆ្នាំ២០២១ រយៈពេល ៣ខែ (គិតចាប់ពីថ្ងៃបើរដូវកាលថ្មី) និងពិន័យជាប្រាក់ ៥០ម៊ឺនរៀល លើកំហុសវាយតប់លើកីឡាករគូប្រកួត ដូចគ្នាផងដែរ លោក លី រ៉ាវី គ្រូជំនួយបឹងកេត ក៏ត្រូវបានគណៈកម្មការវិន័យសម្រេចព្យួរមិនឲ្យចូលរួមការប្រកួតលីគកំពូលកម្ពុជា នៅឆ្នាំ២០២១ រយៈពេល ៣ខែ (គិតចាប់ពីថ្ងៃបើរដូវកាលថ្មី) និងពិន័យជាប្រាក់ ៥០ម៊ឺនរៀល លើកំហុសវាយតប់លើកីឡាករគូប្រកួត ខណៈកីឡាករ Paulo Victor របស់ក្លិបភ្នំពេញក្រោន​ ត្រូវគណៈកម្មការវិន័យសម្រេចព្យួរមិនឲ្យចូលរួមការប្រកួតលីគកំពូលកម្ពុជា នៅឆ្នាំ២០២១ ចំនួន ៥ប្រកួត និងពិន័យជាប្រាក់ ៦០ម៊ឺនរៀល លើកំហុស ប្រឆាំងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល និងចូលរួមជម្លោះវាយតប់។

គួររំឭកថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ក្នុងជំនួបសប្ដាហ៍ចុងក្រោយ នៃពានរង្វាន់លីគកំពូលកម្ពុជា នៅទឹកដីកីឡដ្ឋានស្មាតអរអេសអិន នៅចុងវគ្គទី២ បន្ទាប់ពីកីឡាករបឹងកេត បានរកគ្រាប់បាល់តាមស្មើ សកម្មភាពអសកម្មក៏បានកើតឡើង ជាមួយនឹងការតវ៉ាពីការសម្រេចិត្តរបស់អាជ្ញាកណ្ដាលបីសំណាក់អ្នកគាំទ្រភ្នំពេញក្រោន បន្ទាប់មកកីឡាករ Paulo Victor ទៅលើមន្ត្រីអាជ្ញាកណ្ដាល និងការនាំឲ្យមានហិង្សាពីអគ្គលេខាធិការក្លិបបឹងកេត លោក បែ មករា រួមទាំងគ្រូជំនួយ លោក លី រ៉ាវី ផងដែរ៕

 

រូបភាព៖ Metfone Cambodian League 

មតិយោបល់