អ្នកចាត់ការទូទៅក្លិបវិសាខា បង្ហើបគម្រោងបន្ថែមកីឡាករបរទេស ដើម្បីធ្វើឲ្យបានល្អនៅ AFC Cup 2021

មាស សុផាណារ៉ុង November 10, 2020


 

ភ្នំពេញ៖ អ្នកចាត់ការទូទៅនៃក្លិបបាល់ទាត់វិសាខា លោក ហុក សុចិត្រា បានបង្ហើបឲ្យដឹងពីផែនការនាំចូលបន្ថែមនូវកីឡាករបរទេស ដើម្បីចូលរួមប្រកួត និងធ្វើឲ្យបានល្អក្នុងពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំក្រោយ ឆ្នាំ២០២១។

ការលើកឡើងបែបនេះគឺបន្ទាប់ពីក្លិបវិសាខា បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០២០ កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ ក្រោយយកឈ្នះ ណាហ្គាវើលដ៍ នៅវគ្គផ្ដាច់ព្រ័ត្រ និងទទួលបានកៅអីតំណាងឲ្យក្រុមមកពីកម្ពុជា ប្រកួតក្នុងពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) នៅវគ្គជម្រុះ។

បង្ហើបប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះ លោក ហុក សុចិត្រា បានឲ្យដឹងថា៖ «មុននឹងចូលមកដល់វគ្គនេះ គឺពួកយើងបានត្រៀមខ្លួនរួចជាស្រេច គឺយើងគិតថា ទោះបីយ៉ាងណាក៏ដោយយើងធ្វើឲ្យទៅដល់ទិសដៅមួយដែលយើងបានកំណត់ទុកនៅក្នុងខ្លួន ក្នុងក្រុម នៅក្នុងយុទ្ធសាស្ត្ររបស់ក្លិប គឺត្រូវតែទៅស្វែងរកការប្រកួតអន្តរជាតិ ការប្រកួត AFC Cup នេះឲ្យខានតែបាន អ៊ីចឹងពួកយើងបានត្រៀមខ្លួនរួចស្រេចសម្រាប់ការប្រកួត AFC ទាំងកីឡាករ ទាំងថ្នាក់ដឹកនាំ ទាំងគ្រូបង្វឹក គឺយើងបានត្រៀមខ្លួនជាមុនរួចស្រេច ចំពោះហើយដល់ថ្ងៃនេះ គោលដៅរបស់គឺយើងបានទៅដល់ហើយ អ៊ីចឹងយើងបានត្រៀមខ្លួនរួចជាស្រេចហើយ ចំពោះការប្រកួត AFC ទោះបីយ៉ាងណាគឺយើងត្រូវធ្វើឲ្យបានល្អសម្រាប់ការប្រកួតនៅក្នុងដំណាក់កាលដំបូងរបស់ក្លិប។»

«ជាធម្មតា យើងឃើញនូវកំហុសខុសឆ្គង ទាំងការលេង ទាំងការអីរបស់កីឡាករមួយចំនួន អ៊ីចឹងទោះបីយ៉ាងណាក៏ដោយគឺក្លិបបានរៀបចំរួចរាល់សម្រាប់ការត្រៀមការប្រកួត AFC ដូចខ្ញុំបានជម្រាប គឺយើងត្រៀមរួចរាល់អស់ហើយ។» អតីតកីឡាករជម្រើសជាតិកម្ពុជា ដដែលរូបនេះបានសង្គត់ធ្ងន់។

នៅពេលសួរនាំអំពីគម្រោងបន្ថែមសមាជិកថ្មីជាកីឡាករបរទេស ក្នុងអំឡុងវិបត្តិកូវីដ-១៩ ដែលពិបាកក្នុងការនាំយកកីឡាករបរទេសពីប្រទេសក្រៅមកកម្ពុជា តើអាចនឹងកើតឡើងដែរឬទេ? លោក ហុក សុចិត្រា បានបង្ហើបថា៖ «បាទ នឹងមាន។ យើងធ្វើទៅតាមច្បាប់របស់រាជរដ្ឋាភិបាល​ ប៉ុន្តែចាំបាច់យើងត្រូវតែមាន ដើម្បីលទ្ធផល ដើម្បីជោគជ័យយើងត្រូវតែមានផែនការនេះ។»

សូមរំឭកថា វិសាខា និងរួមគ្នាជាមួយ បឹងកេត ដើម្បីតំណាងឲ្យក្រុមមកពីកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ២០២១ ដោយ វិសាខា ត្រូវប្រកួតជម្រុះជាមុនសិន ដើម្បីរកជ័យជម្នះឡើងទៅវគ្គចែកពូល ខណៈបឹងកេត នឹងបានកៅអីទៅវគ្គចែកពូលដោយផ្ទាល់ និងមិនចាំបាច់ប្រកួតជម្រុះឡើយ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់