ភ្នំពេញក្រោន​​ សហការរៀបចំការប្រកួតបាល់ទាត់មនុស្សធម៌មួយដ៏ធំនៅចុងសប្តាហ៍នេះ

មាស សុផាណារ៉ុង November 7, 2020


 

ភ្នំពេញ​៖ កីឡដ្ឋានស្មាតអរអេសអិន (Smart RSN)  របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ​នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់មិត្តភាពមនុស្សធម៌មួយដើម្បីចូលរួមចំណែកក្នុងការប្រមូលធនធានសម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់​ អតីតយុទ្ធជន​ យោធិនពិការ និងក្រុមគ្រួសារយោធិនដែលមានជីវភាពខ្វះខាតជាដើម។

យោងតាមការប្រកាសរបស់ក្លឹបបានឲ្យដឹងថា កម្មវិធីនេះរៀបចំឡើងដោយ​ក្រុមអ្នកដឹកនាំជំនាន់ទី៨​​ (LP8) ដែលមានឧកញ៉ា​ ឬទ្ធី​ ​សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាសមាជិកផងនោះរួមជាមួយក្រុមនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត (អមត៦​ ឬ AMT) ដោយសហការជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនផងដែរ។​​

តាមការបញ្ជាក់ គិតមកទល់ពេលនេះមានសប្បុរសចូលរួមជាអង្ករប្រមាណជា ២០តោនហើយ ចំណែកចំនួនថវិកានឹងត្រូវប្រកាសនាថ្ងៃកម្មវិធីតែម្តង។

សូមបញ្ជាក់ថា​​ ក្នុងព្រឹត្តិការណ៍នេះនឹងមានអ្នកចូលរួមជាច្រើនរយនាក់ដោយរួមមានទាំងក្រុមនិស្សិត​ ក្រុមកីឡាករ កីឡាការិនីគ្រប់ឈុត និងក្រុមបាល់ទាត់សហគមន៍របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន​ ថែមទៀត​ ដោយការប្រកួតនឹងចាប់ផ្តើមនាវេលាម៉ោង ៤:០០ល្ងាចតទៅ៕

មតិយោបល់