គ្រូណាហ្គាវើលដ៍ ចង់ចារប្រវត្តិសាស្ត្រជាមួយក្លិប ស្របពេលដែលគ្រូវិសាខា រំពឹងណាហ្គាវើលដ៍ នឹងលេងតាមរបៀបដែលបាល់ទាត់បច្ចុប្បន្នគេលេង

មាស សុផាណារ៉ុង November 6, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់ណាហ្គាវើលដ៍ នឹងត្រូវប្រកួតជាមួយ ក្លិបបាល់ទាត់វិសាខា នៅក្នុងវគ្គដណ្ដើមជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នាកីឡដ្ឋានជាតិ ខណៈមុនការប្រកួតមកដល់ គ្រូបង្វឹកនៃក្រុមទាំងពីរសុទ្ធតែបានលើកឡើងផងដែរ ដោយគ្រូណាហ្គាវើលដ៍ ចង់ចារប្រវត្តិសាស្ត្រដល់ក្លិប ស្របពេលដែលគ្រូវិសាខា រំពឹងណាហ្គាវើលដ៍ នឹងលេងតាមរបៀបដែលបាល់ទាត់បច្ចុប្បន្នគេលេង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់ លោក មាស ចាន់ណា បានលើកឡើងដូច្នេះថា៖ «ចំពោះខ្ញុំសប្បាយចិត្តមែនទែន ហើយក៏រំភើបដែរដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រនេះ ហើយខ្ញុំរំពឹងថាថ្ងៃស្អែកនេះ យើងនឹងធ្វើឲ្យការប្រកួតមួយនេះឲ្យអ្នកមើលនឹងរំភើប និងសប្បាយចិត្ត ដោយមើលឃើញការប្រកួតរវាងក្រុមទាំងពីរ មានភាពស្វិតស្វាញ ជឿថាបង្ហាញពីភាពរីកចម្រើន។»

«ភាពខកចិត្តសម្រាប់ខ្ញុំ តាំងពីនៅជាកីឡាកររហូតដល់មកធ្វើគ្រូវាច្រើនដងហើយនៅវគ្គនេះ អ៊ីចឹងយើងរំពឹងថាយើងមិនចង់ខកចិត្តម្ដងទៀតទេ តែអ្វីៗរង់ចាំតែមើលការប្រកួតថ្ងៃស្អែកនៅពេលបញ្ចប់ តែក្ដីរំពឹងរបស់ខ្ញុំ គឺខ្ញុំគិតថាខ្ញុំអត់ចង់ឲ្យបាត់បង់ឱកាសហ្នឹងម្ដងទៀតទេ ដោយសារយើងបាត់បង់ឱកាសហ្នឹងច្រើនលើកច្រើនសារហើយ មើលទៅណាហ្គា ឡើងដល់ Final នេះប្រហែលជា ៦ដងហើយ អ៊ីចឹងហើយជាក្ដីរំពឹងរបស់ខ្ញុំមួយដែលខ្ញុំគិតថាអាចនឹងចារប្រវត្តិសាស្ត្រមួយ សម្រាប់ណាហ្គានៅឆ្នាំ២០២០ នេះ នេះជាក្ដីរំពឹងរបស់ខ្ញុំ តែអ្វីៗទៀតរង់ចាំមើលដល់ ៩០នាទីសិន។» លោក មាស ចាន់ណា បានសង្គត់ធ្ងន់។

ចំពោះ លោក Colum Curtis គ្រូបង្គោលក្លិបវិសាខាវិញ បានលើកបន្ទាប់វិញថា៖ «សម្រាប់ការប្រកួយយើងពិតជារំភើប វាជាលើកដំបូងក្នុងប្រត្តិសាស្ត្ររបស់ក្លិបដែលយើងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ហើយកីឡាករយើងហ្វឹកហាត់យ៉ាងខ្លាំងនៅសប្ដាហ៍នេះ កីឡាករក៏ថាខ្ញុំសប្បាយចិត្តយ៉ាងណានៅក្នុងពេលហ្វឹកហាត់ ការរៀបចំការបានល្អ ដូច្នេះយើងដឹងថាអ្វីៗក៏អាចកើតឡើងនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ការសម្រេចដ៏ល្អ ឬក៏ការសម្រេចចិត្តដ៏អាក្រក់ គឺអាចស្ថិតនៅលើការពេញចិត្តរបស់អ្នក យើងលេងជាមួយព្រៃវែង ហើយមានឱកាសទាត់ក្បែរ ៣០ដង ប៉ុន្តែយើងរកបានតែ ១គ្រាប់។ យើងដឹងថាយើងមានឱកាស រាល់ពេលដែលយើងលេង យើងតែងតែមានឱកាស យើងសាកសមដែលបានឡើងមកវគ្គផ្ដាច់ព្រ័ត្រ ដូច្នេះខ្ញុំសង្ឃឹមថាវានឹងក្លាយជាការប្រកួតដ៏ល្អ។»

«ខ្ញុំសង្ឃឹមថា រដូវកាលនេះនឹងខុសគ្នាពីរដូវកាលមុន ពីព្រោះយើងចាញ់ ប៉ុន្តែកាលពីរដូវកាលមុនពេលខ្ញុំនៅជាមួយស្វាយរៀង យើងលេងបានល្អ ប៉ុន្តែជាអកុសលវាឈានដល់វគ្គ ១១ម៉ែត្រកាត់សេចក្ដី ខ្ញុំសង្ឃឹមថាណាហ្គា នឹងលេងខុសពីបឹងកេត ខ្ញុំសង្ឃឹមពួកគេនឹងមកដើម្បីលេងបាល់ទាល់ពិតប្រាកដ យើងដឹងច្បាស់ នៅក្នុងបាល់ទាត់វាមានផ្លូវច្បាស់លាស់ក្នុងការលេង យើងសម្លឹងឃើញការប្រយុទ្ធតាំងពីនាទីដំបូង យើងចង់រក្សាបាល់ ហើយខ្ញុំសង្ឃឹមណាហ្គាជាមួយនឹងកីឡាករដែលគេមាន គឺជាកីឡាករល្អខ្លាំងណាស់ ខ្ញុំសង្ឃឹមថាពួកគេនឹងធ្វើដូចយើងដែរ ប៉ុន្តែចាំមើលទាំងអស់គ្នា ប្រសិនបើគេធ្វើរឿងដូចគ្នា វានឹងក្លាយជាការប្រកួតដ៏អស្ចារ្យសម្រាប់អ្នករាល់គ្នាទស្សនាដោយរំភើប។» លោក Colum ជាមួយក្ដីរំពឹងថាការប្រកួតរវាងក្រុមទាំងពីរនឹងក្លាយជាការប្រកួតជក់ចិត្ត។

គួរបញ្ជាក់ថាការប្រកួតរវាង ណាហ្គាវើលដ៍ ជាមួយ វិសាខា ត្រូវជួបគ្នា នាវេលាម៉ោង ៦:០០នាទីល្ងាច ថ្ងៃទី០៧ ខែវិច្ឆិកា នេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ខណៈការប្រកួតនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់