គ្រូព្រៃវែង នៅតែទុកជំនួបលេខ៣ ជារឿងសំខាន់ ខណៈអ្នកចាត់ការភ្នំពេញក្រោន មិនហ៊ានមើលស្រាលគូប្រកួត

មាស សុផាណារ៉ុង November 6, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយ សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង នៅក្នុងវគ្គដណ្ដើមចំណាត់ថ្នាក់លេខ៣ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នាកីឡដ្ឋានជាតិ ខណៈមុនការប្រកួតមកដល់ គ្រូបង្វឹកនៃក្រុមទាំងពីរសុទ្ធតែបានលើកឡើងផ្សេងៗពីគ្នា ដោយអ្នកចាត់ការក្លិបភ្នំពេញក្រោន បានបញ្ជាក់ក្រុមខ្លួនត្រៀមខ្លួនរួចជាស្រេច តែក៏មិនហ៊ានមើលស្រាលគូប្រកួត ស្របពេលដែលគ្រូព្រៃវែង នៅតែទុកការប្រកួតថ្ងៃស្អែកជាការប្រកួតសំខាន់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់ លោក កែវ សុខង៉ន អ្នកចាត់ការទូទៅ តំណាងឲ្យគ្រូបង្វឹក លោក ស៊ុំ វណ្ណា ដែលជាប់បម្រាមដោយការពិន័យនៅវគ្គ ៨ក្រុមចុងក្រោយ បានលើកឡើងយ៉ាងដូច្នេះថា៖ «សម្រាប់អារម្មណ៍ថ្ងៃស្អែកយើងធ្វើការប្រកួតនៅម៉ោង៣ ជាមួយក្រុមមកពីខេត្តព្រៃវែង សម្រាប់ការប្រកួតនេះយើងដឹងស្រាប់ហើយ យើងចាញ់វគ្គ semi final ជាមួយណាហ្គា យើងលេងយកលេខ៣ លេខ៤ ជាមួយព្រៃវែង អ៊ីចឹងការប្រកួតហ្នឹងក្រុមរបស់ខ្ញុំបានត្រៀមខ្លួនរួចរាល់ជាស្រេចផងដែរ សម្រាប់បង្ហាញខ្លួននៅលើទីលានស្អែក។»

ជុំវិញថាតើនឹងសម្ពាធដែលឬទេ ពេលឃើញក្រុមនេះធ្វើបានល្អផលល្អពេលប៉ះក្រុមនៅលីគកំពូលកម្ពុជា លោក កែវ សុខង៉ន បានបញ្ជាក់ថា៖ «ការពិតទៅល្អមែនទែន ដូចយើងឃើញស្រាប់ហើយយុវជនគាត់មានការអភិវឌ្ឍន៍ល្អមែនទែនដែលគាត់បានទម្លាក់ក្រុមល្អៗជាច្រើននៅក្នុងលីគ ដូចជាថាយហ្គឺរ, ទ័ព ហើយក៏គាត់បង្ហាញសមត្ថភាពដ៏អស្ចារ្យផងដែរជាមួយវិសាខា រហូតដល់វគ្គប៉េណាល់ទី សម្រាប់ក្លិបភ្នំពេញក្រោន ក៏យើងមានយុវជនដែរ ប៉ុន្តែដោយសារយុវជនយើង ឥលូវបានយើងនិយាយថាប្រហែលជាអាចលែងហៅយុវជនហើយ គាត់អភិវឌ្ឍន៍ខ្លួនទៅឈុតធំហើយ ខ្ញុំគិតថាការប្រកួតយើងមិនអាចមើលស្រាលក្មេងៗដែរ យើងឃើញសមត្ថភាពរបស់គាត់ ការតាំងចិត្តរបស់គាត់ខ្ពស់ ពួកយើងក៏លេងដោយមានទំនុកចិត្តដូចគ្នា ហើយយើងក៏មិនមើលងាយគូប្រកួត ហើយសង្ឃឹមថាស្អែក ខ្ញុំគិតថាល្អមើល។»

ដោយឡែក លោក ឡុច សុភា គ្រូបង្វឹកនៃសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង បានលើកឡើងផងដែរថា៖ «ចំពោះការប្រកួតនៅថ្ងៃស្អែក ខ្ញុំគិតថាគឺជាការប្រកួតមួយដ៏សំខាន់សម្រាប់ក្រុមខេត្តព្រៃវែង ទោះបីការប្រកួតនេះលេងដណ្ដើមចំណាត់ថ្នាក់លេខ៣ ឬលេខ៤ ក៏ដោយ តែគឺជាការប្រកួតសំខាន់ ពួកខ្ញុំនឹងខិតខំប្រឹងលេងឲ្យអស់ពីសមត្ថភាព។»

នៅពេលចោទសួរថា តើក្រុមលោកអាចនឹងមានគុណសម្បត្តិច្រើនជាងដែលលេងម៉ោង ៣រសៀល បើប្រៀបធៀបទៅនឹងគូប្រកួតភាគច្រើនលេងម៉ោង ៦ល្ងាចយ៉ាងណានោះ? គ្រូបង្វឹកដដែលរូបនេះបានឆ្លើយតបថា៖ «និយាយរួមភាគច្រើនលេងម៉ោង៣ តែនៅពេលដែលយើងលេងម៉ោង៣ ខាងគេលេងម៉ោង៣ ដូចគ្នា អ៊ីចឹងការហ្វឹកហាត់គឺដូចគ្នា គេត្រៀមដូចយើងដូចគ្នា អ៊ីចឹងយើងត្រូវប្រឹងថែមទៀតដើម្បីថ្ងៃស្អែក។»

គួរបញ្ជាក់ថាការប្រកួតរវាង ភ្នំពេញក្រោន ជាមួយ ខេត្តព្រៃវែង ត្រូវជួបគ្នា នាវេលាម៉ោង ៣:០០នាទីរសៀល ថ្ងៃទី០៧ ខែវិច្ឆិកា ស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ខណៈការប្រកួតនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់