លីគទី២ កម្ពុជា៖ កីឡាករ ៧រូប រងការពិន័យនិងភាគច្រើនព្យួរមិនឲ្យប្រកួត ៣ខែ ដោយសារការប្រើហិង្សានៅលើទីលាន

មាស សុផាណារ៉ុង November 6, 2020


 

ភ្នំពេញ៖ គណៈកម្មការវិន័យ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចដាក់ទណ្ឌកម្មលើកីឡាករចំនួន ៧រូប រវាងក្លិបបាល់ទាត់ខេត្តព្រៃវែង និង ក្រុមបាល់ទាត់ U-21 របស់ក្លិបភ្នំពេញក្រោន បន្ទាប់បានធ្វើឲ្យមានការប៉ះទង្គិចគ្នានៅលើទីលាន ឈានទៅដល់ការប្រើហិង្សា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក្នុងជំនួបសប្ដាហ៍ទី៤ នៃពានរង្វាន់លីគលំដាប់ទី២ កម្ពុជា។

កីឡាករទាំង ៧រូបនោះ រួមមានពីក្លិបបាល់ទាត់ខេត្តព្រៃវែង ចំនួន ៥រូប និងពីក្រុម U-21 ភ្នំពេញក្រោន ចំនួន ២រូប ហើយភាគច្រើនរងទណ្ឌកម្មព្យួរមិនឲ្យប្រកួតរយៈពេល ៣ខែ និងពិន័យជាប្រាក់ ២៥០,០០០រៀល ស្របពេលដែលសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ក៏ទទួលការព្រមានពីសហព័ន្ធដូចគ្នា ជាមួយនឹងការពិន័យជាប្រាក់ ១លានរៀល លើកំហុស ឥរិយាបថមិនសមរម្យរបស់ក្រុម។

ចំពោះកីឡាករទាំង ៥រូបដែលរងទណ្ឌកម្មមកពីក្លិបបាល់ទាត់ខេត្តព្រៃវែង មានដូចជា៖ គី រីណា, វុធ តុលា, ពៅ ចាន់ថេត និង លីន តារាវិទ្យ រងទណ្ឌកម្មព្យួរមិនឲ្យប្រកួតរយៈពេល ៣ខែ និងពិន័យជាប្រាក់ ២៥០,០០០រៀល លើកំហុសចូលរួមជម្លោះវាយតប ខណៈ វឿន វ៉ា រងទណ្ឌកម្មព្យួរមិនឲ្យប្រកួតចំនួន ២ប្រកួត លើកំហុសជនបង្កហេតុ។ ដោយឡែកកីឡាករ ២រូបរបស់ U-21 ភ្នំពេញក្រោន វិញរួមមានអ្នកចាំទី គឹម ចាន់ធី ជាមួយកីឡាករ មន រួង រងទណ្ឌកម្មព្យួរមិនឲ្យប្រកួតរយៈពេល ៣ខែ និងពិន័យជាប្រាក់ ២៥០,០០០រៀល លើកំហុសចូលរួមជម្លោះវាយតបដូចគ្នាផងដែរ។ ដូច្នេះកីឡាករទាំង ៧រូបនេះ នឹងពុំមានវត្តមានជាមួយក្រុមរបស់គេរៀងៗខ្លួនប្រកួតក្នុងលីគទី២ រហូតដល់ចប់រដូវកាល២០២០ នេះ។

គួររំឭកថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក្នុងជំនួបសប្ដាហ៍ទី៤ នៃពានរង្វាន់លីគលំដាប់ទី២ កម្ពុជា នៅទឹកដីកីឡដ្ឋានខេត្តព្រៃវែង ក្រុមទាំងពីរបានប៉ះទង្គិចគ្នានៅចុងវគ្គទី១ បន្ទាប់ពីកីឡាករ វឿន វ៉ា (ព្រៃវែង) បានព្យាយាមយកជើងទៅទាត់បាល់ពីដៃអ្នកចាំទី គឹម ចាន់ធី (U-21 ភ្នំពេញក្រោន) ដែលជាហេតុនាំឲ្យមានការប្រទុះសារ៉ាយគ្នា រហូតឈានដល់មានការវាយតបគ្នាផ្ទាល់តែម្ដង។

ជាការសម្រេចចិត្តភ្លាមៗ កីឡាករ ២នាក់នៃក្រុមទាំងសងខាង បានទទួលកាតក្រហមម្នាក់មួយសន្លឹក គឺកីឡាករ វុធ តុលា (ព្រៃវែង) និង គឹម ចាន់ធី (U-21 ភ្នំពេញក្រោន) ហើយលទ្ធផលបញ្ចប់នៅ ៩០នាទីពេញ គឺក្រុមទាំងពីរបានត្រឹមស្មើគ្នា ២ទល់២៕

 

រូបភាព៖ Cambodian League 2

មតិយោបល់