Paulo Victor បង្ហើបប្រាប់មូលហេតុដែលខ្លួនសម្រេចចិត្តចាកចេញពី ក្លិបភ្នំពេញក្រោន

មាស សុផាណារ៉ុង November 6, 2020


 

ភ្នំពេញ៖ កីឡាករ Paulo Victor បានសម្រេចចាកចេញពីក្លិបជាផ្លូវការ ហើយត្រឹមរដូវកាល២០២០ នេះ ក្រោយផុតកិច្ចសន្យា និងបន្ទាប់ពីចំណាយពេល ២រដូវកាលជាមួយក្លិប។

Paulo Victor បានចូលរួមជាមួយភ្នំពេញក្រោន កាលពីដើមខែធ្នូ ឆ្នាំ២០១៨ ក្នុងកិច្ចសន្យារយៈពេល ១ឆ្នាំ ដើម្បីប្រកួតក្នុងរដូវកាល២០១៩ បន្ទាប់មកបន្តបន្ថែម ១រដូវកាលទៀត ពោលគឺត្រឹមរដូវកាល២០២០ នេះផ្ទាល់តែម្ដង។

ជុំវិញការចាកចេញនេះ ខ្សែប្រយុទ្ធសញ្ជាតិប្រស៊ីល រូបនេះក៏បានបង្ហើបផងដែរអំពីមូលហេតុ គឺដោយសារហេតុផលផ្ទាល់ខ្លួន ជាមួយនឹងការថ្លែងប្រាប់សារព័ត៌មាន camsports.org យ៉ាងដូច្នេះថា៖ «កាលពីដើមរដូវកាលនេះ ខ្ញុំក៏មានសំណើរផ្សេងទៀតពីក្លិបនៅក្រៅប្រទេសកម្ពុជាផងដែរ ប៉ុន្តែខ្ញុំសំរេចចិត្តបន្តនៅរដូវកាលនេះជាមួយភ្នំពេញក្រោន មួយរដូវកាលទៀតដើម្បីព្យាយាមឈ្នះពានរង្វាន់លីគជាមួយគ្នា ជាមួយមិត្តរួមក្រុមរបស់ខ្ញុំ ប៉ុន្តែជាអកុសលខ្ញុំមិនអាចធ្វើវាឲ្យជោគជ័យបាន ដូច្នេះខ្ញុំចង់មានការប្រកួតប្រជែងថ្មី។ កីឡាករគ្រប់រូបសុបិន្តថានឹងលេងក្នុងលីគបាល់ទាត់ល្អ ហើយខ្ញុំក៏មិនខុសពីគេដែរ ដូច្នេះខ្ញុំសង្ឃឹមថានឹងលេងនៅថ្ងៃណាមួយម្ដងទៀត ដូចដែលខ្ញុំធ្លាប់បានលេងនៅលីគកំពូលកូរ៉េខាងត្បូង លីគប្រេស៊ីល … ប៉ុន្តែខ្ញុំនៅតែមិនទាន់បានកំណត់នៅឡើយ»

កីឡាករវ័យ ២៦ឆ្នាំរូបនេះបានបន្ថែមផងដែរ ជុំវិញការពុំសូវបានបង្ហាញមុខនៅរដូវកាលនេះ ថា៖ «ការទទួលរងបញ្ហារបួសខ្លះៗបានរារាំងខ្ញុំខ្លាំងក្នុងរដូវកាលនេះ និងការរងរបួសទាំងពីរលើក គឺដោយកីឡាករមកពីក្រុមផ្សេងទៀតបង្ករមកលើខ្ញុំដោយចេតនា ធ្វើឲ្យខ្ញុំខកខានជួយក្រុម ប៉ុន្តែខ្ញុំមិនបោះបង់ភ្នំពេញក្រោនទេ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នករាល់គ្នាដែលធ្វើការនៅទីនេះ។»

នៅពេលចោទសួរថា តើការចាកចេញនេះគឺជាការចាកចេញបែបណា? Paulo Victor បានឆ្លើយតបថា៖ «វាជាការសម្រេចចិត្តរបស់ខ្ញុំ ដូច្នេះគ្រួសារខ្ញុំ និងខ្ញុំបានសំរេចចិត្តស្វែងរកការប្រកួតប្រជែងថ្មីផ្សេងទៀត។ ខ្ញុំមានការសន្ទនាខ្លះៗជាមួយក្រុមនៅប្រេស៊ីលផងដែរ ទីផ្សារដោះដូរកីឡាករនឹងត្រូវបិទនៅថ្ងៃទី០៩ ហើយដោយសារកូវីដ វាពិតជាមមានការពិបាកក្នុងការធ្វើដំណើរ ខ្ញុំកំពុងតែដោះស្រាយអ្វីៗយ៉ាងស្ងប់ស្ងាត់។»

ការចាកចេញនេះផងដែរ គឺត្រូវបានអ្នកគាំទ្រនៃក្លិបធំៗជាច្រើននៅកម្ពុជា បានដាក់ការចាប់អារម្មណ៍ និងតែងតែបង្ហាញចំណាប់អារម្មណ៍ចង់ឃើញខ្សែប្រយុទ្ធរូបនេះរួមក្រុមដែលគេកំពុងគាំទ្រ ខណៈ Paulo Victor បានបង្ហើបឲ្យដឹងដូច្នេះដែរថា៖ «មានក្លិបខ្លះកំពុងសម្លឹងរកខ្ញុំដើម្បីចុះហត្ថលេខាជាមួយពួកគេ ខ្ញុំនៅតែមិនកំណត់កន្លែងដែលខ្ញុំនឹងទៅនៅឡើយទេ ភ្នាក់ងារខ្ញុំ និងខ្ញុំកំពុងសម្រេចចិត្តទៅកន្លែងណា។ ខ្ញុំមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងទេ តែភាគច្រើនទំនងជាមិនអាចឡើយ ខ្ញុំកំពុងរងចាំការហោះហើររបស់ខ្ញុំទៅកាន់ប្រេស៊ីលវិញ ហើយក៏បានឃើញអ្វីដែលល្អបំផុតសម្រាប់ខ្ញុំ និងគ្រួសារផងដែរ។ មែនហើយក្លិបខ្លះនៅទីនេះក៏ចាប់អារម្មណ៍ដែរ ប៉ុន្តែដូចដែលខ្ញុំបាននិយាយថាខ្ញុំកំពុងសម្រេចចិត្តជាមួយគ្រួសារខ្ញុំថាតើអ្វីដែលល្អបំផុតសម្រាប់ខ្ញុំ។»

គួរដឹងដែរថា ចាប់តាំងពីចូលរួមជាមួយភ្នំពេញក្រោន ចំនួន ២រដូវកាលជាប់ៗគ្នា Paulo Victor បានបង្ហាញខ្លួនបាន ៣១ប្រកួត ហើយអាចរកគ្រាប់បាល់បាន ២៥គ្រាប់ផងដែរ ជួយឲ្យក្រុមបញ្ចប់ទៅដោយឈរនៅលេខ៣ ក្នុងរដូវកាល២០២០៕

 

រូបភាព៖ ភ្នំពេញក្រោន – Phnom Penh Crown FC

មតិយោបល់