បឹងកេត ផ្អាកគម្រោងបំពាក់ភ្លើងសម្រាប់បំភ្លឺការប្រកួតពេលយប់ ដោយសារវិបត្តិកូវីដ-១៩ និងបង្វែរទៅធ្វើទីលានហ្វឹកហាត់

មាស សុផាណារ៉ុង November 5, 2020


 

ភ្នំពេញ៖ គម្រោងបំពាក់ភ្លើងសម្រាប់បំភ្លឺការប្រកួតពេលយប់នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ របស់ក្លិបបាល់ទាត់បឹងកេត នៅរដូវកាលក្រោយ ហាក់ពុំអាចដំណើរការទៅបានឡើយ បន្ទាប់បញ្ហាវិបត្តិកូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ក្លិប។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត ផ្ទាល់។

ដើមឡើយបន្ទាប់ពីកីឡដ្ឋានមានមូលដ្ឋាននៅតំបន់បឹងស្នោរ ក្នុងខណ្ឌច្បារអំពៅ មួយនេះសាងសង់រួចរាល់ជិត ១០០ភាគរយកាលពីឆ្នាំ២០១៩ ក្លិបបានបង្ហើបពីគម្រោងចង់តម្លើងការសាងសង់បង្គោលភ្លើងសម្រាប់បំភ្លឺការប្រកួតពេលយប់ នៅរដូវកាល២០២១ ប៉ុន្តែបន្ទាប់ពីជំងឺកូវីដ-១៩ បានរាតត្បាតជាសាកល បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចក្លិបជាហេតុនាំឲ្យក្លិបបង្វែរទិសដៅផ្អាកលើគម្រោងនេះ ប៉ុន្តែយ៉ាងណាមិញ ក្លិបបានសម្រេចចិត្តសាងសង់ទីលានហ្វឹកហាត់ថ្មីផ្ទាល់ខ្លួនជំនួសវិញ ដើម្បីផ្ដោតលើប្រយោជន៍សម្រាប់កីឡាករជាមុនសិន។

ចំពោះបញ្ហាថា តើដូច្នេះក្លិបនឹងបំពាក់ភ្លើងសម្រាប់បំភ្លឺការប្រកួតពេលយប់នៅរដូវកាលក្រោយឬយ៉ាងណា? លោកស្រី ពុធ ធីតា បានបញ្ជាក់ថា ដោយសារវិបត្តិកូវីដ-១៩ បានធ្វើឲ្យរាំងស្ទះដល់ការបំពាក់ភ្លើងសម្រាប់បំភ្លឺការប្រកួតពេលយប់ បញ្ហាចំបងគឺទៅលើកញ្ចប់ថវិកា ប៉ុន្តែលោកស្រីក៏សង្ឃឹមថានៅពេលសេដ្ឋកិច្ចល្អប្រសើរ ក្លិបនឹងគិតលើបញ្ហានេះឡើងវិញ។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ លោកស្រី ពុធ ធីតា បានលើកឡើងដូច្នះថា៖ «ទាក់ទងជាមួយនឹងរឿង ធ្វើកន្លែងហាត់ខ្លួនឯង ធម្មតាយើងដឹងហើយថាកីឡាបាល់ទាត់បើកីឡាករមានគុណភាព ទាល់តែកន្លែងហាត់ល្អ អ៊ីចឹងវាសំខាន់មែនទែនទាក់ទងជាមួយនឹងគុណភាពកីឡាករបាន ទាល់តែហាត់តាក់ទិច អ៊ីចឹងហាត់តាក់ទិចបានទាល់តែមានទីលានល្អដែរ ទីលានមិនល្អហាត់ម៉េចកើត អភិវឌ្ឍន៍កីឡាករយើងម៉េចកើត ដូច្នេះហើយក៏សម្រេចចិត្តថា សុខចិត្តលុយដែលយើងគិតថាធ្វើភ្លើង យើងយកមកធ្វើអាហ្នឹងដែលសំខាន់មុន គឺយើងធ្វើកន្លែងហាត់ខ្លួនឯង ធ្វើកន្លែងហាត់ខ្លួនឯងគឺយើងមានប្រយោជន៍ច្រើនណាស់ គាត់អត់ចាំបាច់ធ្វើដំណើរ ហើយណាមួយកន្លែអរបស់យើងវាល្អ វាស្អាត ហាត់អីទៅវាមានគុណភាព។»

សូមបញ្ជាក់ថា បឹងកេត ជាក្លិបមួយដែលមានប្រភពដើមមកពីការបង្កើតដោយក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត ដែលមានមូលដ្ឋាននៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប៉ុន្តែរហូតដល់ប្រធានក្លិបថ្មីចូលមកកាន់នៅឆ្នាំ២០១៨ គឺលោកស្រី ពុធ ធីតា ក្លិបបានចាប់ផ្ដើមការសាងសង់កីឡដ្ឋានផ្ទាល់ខ្លួន (បណ្ដោះអាសន្ន) នៅសង្កាត់បឹងស្នោរ ខណ្ឌច្បារអំពៅ នេះផ្ទាល់តែម្ដង នាដើមឆ្នាំ២០១៩ រហូតដល់សម្រេចរួចរាល់ និងប្រើប្រាស់បានមួយរដូវកាលកន្លះ (ពាក់កណ្ដាលរដូវកាល២០១៩ និងពេញមួយរដូវកាល២០២០) ដ៏ជោគជ័យរហូតដល់ឈានទៅគ្រងជើងឯកលីគនៅឆ្នាំ២០២០ នេះផងដែរ៕

 

រូបភាព៖ Cambodia Airways Stadium

មតិយោបល់