U-19 ឥណ្ឌូនេស៊ី បើកយុទ្ធនាការហ្វឹកហាត់ដទៃទៀតក្នុងប្រទេសវិញម្ដង ក្រោយត្រលប់មកពីក្រូអាត

មាស សុផាណារ៉ុង November 5, 2020


 

ឥណ្ឌូនេស៊ី៖ គ្រូបង្វឹកនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម ១៩ឆ្នាំ លោក Shin Tae-yong បានធ្វើការកោះហៅកីឡាករ ៣៣នាក់ ដើម្បីចូលរួមជំរំហ្វឹកហាត់ក្នុងប្រទេសផ្ទាល់ ដែលគ្រោងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះគឺជាការហ្វឹកហាត់បន្តផ្សេងទៀត បន្ទាប់ពីកីឡាករបានឈប់សំរាកមួយសប្តាហ៍ក្រោយបញ្ចប់ជំរំហ្វឹកហាត់ នៅប្រទេសក្រូអាស៊ី (ក្រូអាត) អស់រយៈពេល ២ខែ។

នៅក្នុងការកោះហៅនេះកីឡាករស្ទើរតែទាំងអស់ គឺធ្លាប់បានចូលរួមក្នុងជំរំហ្វឹកហាត់នៅក្រូអាត ដែលត្រូវបានកោះហៅដោយគ្រូបង្វឹក Shin Tae-yong ក្រៅពីឈ្មោះថ្មីជាច្រើនដែលត្រូវបានកោះហៅដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងដដែលរូបនេះ។

សម្រាប់កីឡាករកូនកាត់ដែលប្រកបអាជីពនៅក្រៅប្រទេសដូចជា Elkan Baggott និង Witan Sulaeman មិនមានឈ្មោះក្នុងបញ្ជីកីឡាករដែលត្រូវបានកោះហៅឡើយ ដោយសារតែបច្ចុប្បន្នពួកគេកំពុងមានភារកិច្ចជាមួយក្លិបរបស់ពួកគេរៀងៗខ្លួនហើយមានពេលវេលាខុសគ្នា។ បច្ចុប្បន្ននេះ Elkan កំពុងលេងឲ្យ Ipswich Town ប្រទេសអង់គ្លេស និង Witan លេងឲ្យ FK Radnik Surdulica ប្រទេសស៊ែប៊ី។

ការហ្វឹកហាត់នៅក្នុងប្រទេសឥណ្ឌូនេស៊ី នេះគឺត្រៀមសំរាប់ការប្រកួតដណ្តើមពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championhsip) ឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើនៅដើមឆ្នាំ២០២១។ បញ្ជាក់ថា U-19 ឥណ្ឌូនេស៊ី គឺស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 កម្ពុជា និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ ក្នុងពានដដែលនេះ។ លើសពីនេះទៀត ក្រុមរហស្សនាម មហាគ្រុឌ មួយនេះនឹងត្រូវប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ដ៏ធំ គឺការប្រកួតបាល់ទាត់ពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ ដែលឥណ្ឌូណេស៊ី គឺជាម្ចាស់ផ្ទះផ្ទាល់៕

 

ប្រភព និងរូបភាព៖ pssi.org

មតិយោបល់