ហេតុផលមួយចំនួន ដែលអាចធ្វើឲ្យយុវជនបាទី ពុំត្រូវបានកាត់ចេញទៅលីគទី២ នៅរដូវកាលក្រោយ

មាស សុផាណារ៉ុង November 4, 2020


 

ភ្នំពេញ៖ ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ បានបញ្ចប់ជាផ្លូវការហើយ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ដោយក្រុមជើងឯកគឺបានទៅ ក្លិបបឹងកេត ខណៈជាមួយគ្នាផងដែរ ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំនៃសាលាបាល់ទាត់ជាតិបាទី នឹងត្រូវកាត់ទៅលីគទី២ នារដូវកាលក្រោយ។

យ៉ាងណាមិញ ក្រុមដែលបង្កើតឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះ អាចនឹងមិនត្រូវកាត់ចេញទៅប្រកួតលីគទី២ នៅរដូវកាលក្រោយឡើយ ប្រសិនបើមានករណីមួយចំនួនកើតឡើង។

  • ពាក់ព័ន្ធនឹងលីគលំដាប់ទី២ កម្ពុជា៖

ករណីចំបង បើយោងតាមការបញ្ជាក់ឲ្យដឹងពីអគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ឡាយ សុធា កាលពីថ្ងៃបើកសិក្ខាសិលា និងពិធីចាប់ឆ្នោត ការប្រកួតជម្រើសជើងឯកបាល់ទាត់លីគទី២ កម្ពុជា បានឲ្យដឹងថា ក្រុមដែលឡើងមកលីគកំពូលកម្ពុជាបាន គឺតែ ១ក្រុមប៉ុណ្ណោះ ពោលជាក្រុមជើងឯក ប៉ុន្តែអាចធ្លាក់ទៅក្រុមលេខ២ ប្រសិនបើក្រុមជើងឯក ជាក្រុមឧបសម្ព័ន្ធរបស់ក្លិបនៅលីគកំពូល ប៉ុន្តែប្រសិនបើលេខ២ ជាក្រុមឧបសម្ព័ន្ធរបស់ក្លិបនៅលីគកំពូលទៀត នោះក្រុមលេខ៣ ពុំមានសិទ្ធិឡើងមកលីគកំពូលឡើយ ហើយនឹងរក្សាក្រុមដែលត្រូវកាត់ចេញមកលេងលីគទី២។ នេះគឺជាលក្ខន្តិកៈនៃការប្រកួត។

ឧទារហណ៍៖ ប្រសិនបើក្រុមលេខ១ ឬលេខ២ ជាក្រុមរវាង U-21 ក្លិបភ្នំពេញក្រោន ឬ U-21 កងយោធពលខេមរភូមិន្ទ ដែលជាក្រុមឧបសម្ព័ន្ធរបស់ក្លិបនៅលីគកំពូល (ភ្នំពេញក្រោន និង កងយោធពលខេមរភូមិន្ទ) នោះរដូវកាល២០២១ នឹងមិនមានក្រុមឡើងមកលីគកំពូលឡើយ ដូច្នេះ U-18 សាលាបាល់ទាត់ជាតិបាទី អាចនឹងបន្តរក្សាខ្លួនប្រកួតនៅលីគកំពូលកម្ពុជា រដូវកាល២០២១ បន្តទៀត។

  • ការទទួលបានឆន្ទានុសិទ្ធិពិសេស ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖

ករណីមួយទៀត ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំនៃសាលាបាល់ទាត់ជាតិបាទី នឹងមិនត្រូវកាត់ទៅលេងនៅលីគទី២ ប្រសិនបើសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រើឆន្ទានុសិទ្ធិពិសេស ដោយរក្សា U-18 បាទី ឲ្យបន្តលេងនៅលីគកំពូលកម្ពុជា ដើម្បីឲ្យកីឡាករយុវជនមានការប្រកួតប្រជែងកាន់តែខ្ពស់ ជាការត្រៀមសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ករណីនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើម្ដងរួចមកហើយកាលពីរដូវកាល២០១៩ នៅពេលដែល U-18 បាទី ស្ថិតនៅបាតតារាង នៃលីគកំពូលកម្ពុជា ប៉ុន្តែចូលដល់រដូវកាល២០២០ ក្រុមដែលមានមូលដ្ឋាននៅខេត្តតាកែវ មួយនេះ បានទទួលឱកាសលេងនៅលីគកំពូល បន្តទៀត ហើយក្រុមលេខ១៣ ខេត្តកំពង់ចាម ត្រូវបានដកសិទ្ធិពីលីគវិញ ដោយសារនៅខ្វះខាតលក្ខខណ្ឌបច្ចេកទេសជាច្រើន។

ក្រុមបាល់ទាត់ខេត្តកំពង់ចាម នៅលីគកំពូលកម្ពុជា កាលពីឆ្នាំ២០១៩
  • គម្រោងបង្កើតឲ្យមាន​ក្លិប​បាល់ទាត់​ដាច់ដោយឡែក ត្រៀមស៊ីហ្គេម២០២៣៖

ហេតុផលពិសេសមួយទៀត គឺកាលពីមហាសន្និបាត ប្រចាំឆ្នាំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅដើមខែមិថុនា ឆ្នាំ២០២០ កន្លងទៅ បើយោងតាមប្រសាសន៍ឯកឧត្តម សៅ សុខា ដែលជាប្រធាន បានបង្ហើបពីគម្រោងបង្កើត​ក្លិប​បាល់ទាត់​ដាច់ដោយឡែក​មួយ ដើម្បី​បណ្តុះបណ្តាល​ក្រុម​ជម្រើសជាតិ​ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) ​ឆ្នាំ​២០២៣​ ដែលស្រដៀងគ្នាទៅនឹងករណីខាងលើ ប៉ុន្តែខុសត្រង់ថា អាចនឹងមានការបញ្ចូលយុវជនអាយុក្រោម ១៩ឆ្នាំពីសាលាបាល់ទាត់ជាតិបាទី (ភាគច្រើន) ហើយបូករួមជាមួយយុវជនពីក្លិបផ្សេងៗទៀត ដែលជាយុវជនកំពុងមានសក្ដានុពល ឲ្យមករួមក្រុមតែមួយ ឬអាចនិយាយបានថា ជាក្រុមយុវជនអាយុក្រោម ១៩ឆ្នាំ ហើយអាចមានសិទ្ធិចូលរួមប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣។

យ៉ាងណាមិញករណីនេះ ត្រូវបានដឹងថាគ្រាន់តែជាគម្រោង ដែលស្ថិតនៅក្នុងការសិក្សា ហើយអាចលេចចេញជារូបរាង ឬយ៉ាងណានោះ គេនៅមិនទាន់បង្ហើបឲ្យដឹងច្បាស់នៅឡើយ។

សូមរំឭកថា ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំនៃសាលាបាល់ទាត់ជាតិបាទី នៅរដូវកាល២០២០ បានបញ្ចប់ទៅដោយឈរនៅលេខ១៣ បាតតារាង ក្រោយប្រកួត ១៨ដង ឈ្នះ១ ស្មើ៤ និងចាញ់ ១៣ដង មាន ៧ពិន្ទុ ពីក្រោមក្រុមសុវត្ថិភាព អគ្គិសនីកម្ពុជា ៤ពិន្ទុប៉ុណ្ណោះ៕

 

រូបភាព៖ Metfone Cambodian League

មតិយោបល់