លោក Lee Tae-hoon ត្រៀមត្រលប់មកកម្ពុជាវិញ ក្រោយទើបចែកផ្លូវជាមួយក្លិប Hoang Anh Gia Lai

មាស សុផាណារ៉ុង November 3, 2020


 

វៀតណាម៖ ក្លិបបាល់ទាត់ (Hoang Anh Gia Lai – HAGL) នៃលីគកំពូលវៀតណាម បានសម្រេចចែកផ្លូវជាមួយអតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae-hoon បន្ទាប់ពីចំណាយពេល ២ឆ្នាំពុំសូវទទួលបានជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន bongda24h

ការចាកចេញរបស់ លោក Lee Tae Hoon បន្ទាប់ពីដឹកនាំក្រុមប្រកួតមិនបានល្អ នៅប៉ុន្មានប្រកួតចុងក្រោយ នៃជុំទី១ លីគកំពូលវៀតណាម បន្ទាប់មកមានការតែងតាំងជំនួសគ្រូបង្វឹកជនជាតិកូរ៉េ គឺជំនួយការ ២រូប លោក Nguyen Van Dan និងលោក Duong Minh Ninh សហគ្រូបង្វឹកធ្វើការរួមគ្នា។

ភារកិច្ចរបស់ Lee Tae Hoon បន្ទាប់ពីបែកចេញពីតួនាទីជាគ្រូបង្វឹកក្រុម នឹងត្រូវទទួលតំណែងជាប្រធាននាយកបច្ចេកទេស។ នេះជាជំហរដែលអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ធ្លាប់ធ្វើកាលពីឆ្នាំដំបូង ពេលលោកចូលរួមជាមួយ HAGL នៅចុងឆ្នាំ២០១៨។

បេសកកម្មរបស់គ្រូបង្វឹកសញ្ជាតិកូរ៉េរូបនេះ គឺដើម្បីផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រ ដល់ក្រុមការងារគ្រូបង្វឹក ក្នុងការប្រកួតនីមួយៗដើម្បីធ្វើឲ្យក្រុមកាន់តែរឹងមាំ និងទទួលបានលទ្ធផលល្អប្រសើរ។ ទោះយ៉ាងណាក៏ដោយវាហាក់ដូចជាគ្រូបង្វឹកលោក Lee Tae Hoon មិនពេញចិត្តនឹងការលះបង់របស់លោកជាមួយ HAGL ដោយនៅ ២ប្រកួតចុងក្រោយរបស់ក្លិប លោកមិនមានវត្តមានជាមួយក្រុមនោះទេ។

គេដឹងថាឥឡូវនេះលោក Lee កំពុងស្ថិតនៅទីក្រុងហូជីមិញ ហើយនៅប៉ុន្មានថ្ងៃខាងមុខទៀត លោកនឹងវិលត្រឡប់មករកក្រុមគ្រួសាររបស់លោកដែលកំពុងស្នាក់នៅប្រទេសកម្ពុជាវិញ (កូនស្រីរបស់លោកត្រូវបានដឹងថាកំពុងសិក្សានៅកម្ពុជា)។

គួររំលឹកថា លោក Lee Tae Hoon បានក្លាយជានាយកបច្ចេកទេស របស់ក្លឹប Hoang Anh Gia Lai (HAGL) នៃលីគកំពូលវៀតណាម កាលពីខែធ្នូ ឆ្នាំ២០១៨ បន្ទាប់មកនៅខែមេសា ឆ្នាំ២០១៩ HAGL  ក៏ប្រកាសតែងតាំងលោកឲ្យធ្វើជាគ្រូបង្គោលវិញ និងដឹកនាំជួយឲ្យ HAGL បញ្ចប់ទៅដោយឈរនៅលេខ៨ នៃលីគកាលពីឆ្នាំទៅ។

លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមឈុតធំជម្រើសជាតិកម្ពុជា បានប្រកាសផុតកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្រោយរួមរស់ និងធ្វើការឲ្យសហព័ន្ធអស់រយៈពេល ៧ឆ្នាំ និង ៣ខែ កាលពីឆ្នាំ២០១៨។ លោកបានចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជា កាលពីចុងឆ្នាំ២០១០ តែរាល់ពេលក្រុមជម្រើសជាតិ ត្រូវបានផ្លាស់ប្ដូរគ្រូបង្វឹកថ្មី លោកមិនត្រូវបានផ្ដាច់ការងារពីសហព័ន្ធនោះទេ ជាក់ស្ដែងនៅដើមឆ្នាំ២០១៧ ក្រោយលោក Leonardo Vitorino ចូលមកដឹកនាំក្រុមគោព្រៃ សហព័ន្ធបានចាត់តាំងលោក Lee ឲ្យដឹកនាំក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៥ឆ្នាំ ផងដែរ៕

 

អានផងដែរ៖ លោក ​Lee Tae Hoon ទទួលបានតំណែងជានាយកបច្ចេកទេស ក្លឹបមួយនៅលីគវៀតណាម

អានផងដែរ៖ លោក Lee Tae Hoon យល់ព្រមដឹកនាំក្លឹប Hoang Anh Gia Lai ក្រោយធ្វើនាយកបច្ចេកទេសបាន ៤ខែ

អានផងដែរ៖ លោក Lee Tae-hoon ត្រូវបានក្លិប Hoang Anh Gia Lai ផ្លាស់ប្ដូរតួនាទីពីគ្រូបង្វឹក ទៅជានាយកបច្ចេកទេស ជាលើកទី២

 

ប្រភព៖ bongda24h

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់