គ្រូណាហ្គាវើលដ៍ មើលឃើញចំណុចល្អមួយរបស់ ព្រៃវែង ហើយចាត់ទុកថាធ្វើបានល្អជាង វិសាខា

មាស សុផាណារ៉ុង November 3, 2020


 

ភ្នំពេញ៖ គ្រូបង្វឹកនៃក្លិបបាល់ទាត់ណាហ្គាវើលដ៍ លោក មាស ចាន់ណា កាលពីពេលថ្មីៗនេះបានបង្ហើបឲ្យដឹងនូវចំណុចល្អមួយរបស់ ក្លិបបាល់ទាត់ខេត្តព្រៃវែង ហើយចាត់ទុកថាធ្វើបានល្អជាង ក្លិបបាល់ទាត់វិសាខា នៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នោះគឺពាក់ព័ន្ធនឹងការលេងចូលគ្នា។

ណាហ្គាវើលដ៍ ព្រៃវែង ក៏ដូចជាវិសាខា សុទ្ធសឹងតែជាបេក្ខភាពដែលបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០២០ បូករួមជាមួយ ភ្នំពេញក្រោន ផងដែរ ដែលបានបញ្ចប់ការប្រកួតកាលពី ២សប្ដាហ៍មុន ហើយណាហ្គាវើលដ៍ ជាមួយ វិសាខា ជាក្រុមដែលបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយឈ្នះគូប្រកួតរៀងៗខ្លួន ភ្នំពេញក្រោន និង ព្រៃវែង ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដីដូចគ្នា។

យ៉ាងណាមិញ នៅក្នុងយោបល់របស់ លោក មាស ចាន់ណា ដែលជាគ្រូបង្វឹកមានបទពិសោធ និងបាននាំក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រផងដែរនោះ បានសម្ដែងការយល់ឃើញចំពោះក្រុមពីរដែលទទួលការចាប់អារម្មណ៍ គឺវិសាខា ជាមួយ ព្រៃវែង យ៉ាងដូច្នេះថា៖ «អ្វីដែលយើងមើលឃើញទាំងអស់គ្នា ទាក់ទងនឹងវិសាខា គឺគាត់សម្បូរកីឡាករល្អច្រើន ច្រើនមែនទែន សឹងតែជម្រើសជាតិមួយក្រុមហើយ ល្អមែនទែន ជាក្រុមមួយដែលសម្បូរទៅដោយធនធានកីឡាករ ក៏ប៉ុន្តែអ្វីដែលយើងមិនរំពឹងគឺការលេងចូលគ្នាមិនទាន់បានល្អទេ ផ្ទុយទៅវិញគឺទាក់ទងនឹងព្រៃវែង គាត់សម្បូរយុវជនច្រើន ក៏ប៉ុន្តែការលេងចូលគ្នារបស់គាត់គឺល្អ បើទាក់ទងបទពិសោធកីឡាករ ព្រៃវែង នៅក្រោមវិសាខា ដោយគាត់គ្រាន់តែជាយុវជនថ្នាលមួយទើបនឹងឡើងមក អ៊ីចឹងទាក់ទងនឹងបទពិសោធ ទាក់ទងនឹងការយល់ដឹង ទាក់ទងនឹងអីផ្សេងៗគឺនៅក្រោម វិសាខា។»

«… ពួកគាត់នៅក្មេងមែន តែការលេងចូលគ្នាគឺល្អមែនទែន អ៊ីចឹងគាត់ក្រោមទាក់ទងនឹងការប៉ះទង្គិច ក្រោមនឹងល្បឿន ក្រោមនឹងភាពរហ័សរហួនទេ តែបើថាទាក់ទងនឹងកម្លាំងអំណត់ ទាក់ទងនឹងការយល់ ការលេងចូលគ្នាគឺគាត់ល្អជាងវិសាខា ផង នេះជាការមើលឃើញរបស់ខ្ញុំទេ។» គ្រូបង្វឹកវ័យ ៤០ឆ្នាំរូបនេះបានសង្គត់ធ្ងន់។

បែបនេះក៏ដោយ គួរបញ្ជាក់ថា ក្លិបណាហ្គាវើលដ៍ នឹងត្រូវប្រកួតដណ្ដើមជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ ទល់នឹង ក្លិបវិសាខា នៅម៉ោង ៦:០០ល្ងាច ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ខណៈខេត្តព្រៃវែង នឹងត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជាមួយ ភ្នំពេញក្រោន នៅថ្ងៃជាមួយគ្នាផងដែរ ប៉ុន្តែនៅម៉ោង ៣:០០នាទីរសៀល៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់