វគ្គផ្ដាច់ព្រ័ត្រ ពានសម្តេចតេជោ ហ៊ុន សែន ចាប់ផ្ដើមលក់សំបុត្រពីថ្ងៃនេះរហូតដល់ ១ថ្ងៃមុនការប្រកួតមកដល់

មាស សុផាណារ៉ុង November 3, 2020


 

ភ្នំពេញ៖ សំបុត្រចូលរួមទស្សនាការប្រកួត វគ្គផ្ដាច់ព្រ័ត្រ និងដណ្ដើមចំណាត់ថ្នាក់លេខ៣ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ត្រៀមនឹងដាក់លក់ពីថ្ងៃនេះតទៅ រហូតដល់មួយថ្ងៃមុនការប្រកួតមកដល់។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា ក្នុងនោះ ភ្នំពេញក្រោន ជាមួយ ព្រៃវែង មុនដណ្ដើមចំណាត់ថ្នាក់លេខ៣ និងបន្ទាប់មកគូដណ្ដើមជើងឯក ណាហ្គាវើលដ៍ ជាមួយ វិសាខា លើទឹកដីកណ្ដាលពហុកីឡដ្ឋានជាតិ។

តាមគម្រោងដែលប្រកាសដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ការដាក់លក់នឹងចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅការិយាល័យ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC មានអាសយដ្ឋាន អាគារលេខ២ ផ្លូវលេខ ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពីម៉ោង ៩:០០នាទីព្រឹក ដល់ ៥:០០នាទីល្ងាច ខណៈជាមួយគ្នាផងដែរអ្នកគាំទ្រត្រូវភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណ ឬប័ណ្ឌសម្គាល់ខ្លួន ដើម្បីអាចទិញសំបុត្របាន។

សូមបញ្ជាក់ថា ចំនួនអ្នកចូលទស្សនាផ្ទាល់ គណៈកម្មការ កំណត់ចំនួន ៤,៥០០នាក់ ក្នុងនោះនៅតំបន់មានដំបូល (VIP) ២,៥០០សំបុត្រ និងតំបន់គ្មានដំបូល (ធម្មតា) ២,០០០សំបុត្រ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់