ពានយុវជនអាយុក្រោម ១៥ឆ្នាំ និង ១៨ឆ្នាំ ចាប់ផ្ដើមរដូវកាលថ្មី ជាមួយកម្មវិធីប្រកួតខ្លីជាងមុន

មាស សុផាណារ៉ុង November 2, 2020


 

ឧត្តរមានជ័យ៖ ការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និង ១៨ឆ្នាំ ប្រចាំឆ្នាំ២០២០ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាប់ផ្ដើមរដូវកាលថ្មីរបស់ខ្លួនហើយ កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិទ្យាល័យ តេជោសែន សំរោង ខេត្តឧត្តរមានជ័យ។

យោងតាមការរៀបចំ សម្រាប់ពានយុវជនអាយុក្រោម ១៥ឆ្នាំ មានក្រុមចំនួន ៣៦ចូលរួម បែងចែកចេញជា ៨ ពូល ក្នុងនោះរួមមាន ពូល A: កំពង់ឆ្នាំង, បឹងកេត, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និង កងយោធពលខេមរភូមិន្ទ។ ពូល B: អាយអេសអាយ ដង្គោរសែនជ័យ, វិសាខា, អគ្គិសនីកម្ពុជា, រាជធានីភ្នំពេញ និងអាស៊ីអឺរ៉ុបយូណាយធីត។ ពូល C: បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់ និងប៉ៃលិន។ ពូល D: ឧត្តរមានជ័យ, ព្រះវិហារ, សូលទីឡូអង្គរ, អង្គរថាយហ្គឺរ និងសៀមរាប។ ពូល E: គីរីវង់សុខសែនជ័យ, តាកែវ, កណ្ដាល និងកំពង់ស្ពឺ។ ពូល F: កំពង់ចាម, កំពង់ធំ, ត្បូងឃ្មុំ, ព្រៃវែង និង ស្វាយរៀង។ ពូល G: កោះកុង, ព្រះសីហនុ, កែប និងកំពត។ ពូល H: រតនៈគីរី, ក្រចេះ, មណ្ឌលគីរី និងស្ទឹងត្រែង។

ចំពោះពានយុវជនអាយុក្រោម ១៨ឆ្នាំវិញ មានក្រុមចំនួន ៣៩ចូលរួមប្រកួត ដោយមានការបែងចែកចេញជា ៨ ពូលដូចគ្នា ក្នុងពូលនីមួយៗមានដូចជា ពូល A: វិសាខា, អាយអេសអាយ ដង្គោរសែនជ័យ, អគ្គិសនីកម្ពុជា, រាជធានីភ្នំពេញ និងព្រះខ័នរាជស្វាយរៀង។ ពូល B: បឹងកេត, ភ្នំពេញក្រោន, សាលាតម្រង់ទិសអភិវឌ្ឍន៍ខាងជើង, កងយោធពលេខេមរភូមិន្ទ និង អាស៊ីអឺរ៉ុបយូណាយធីត។ ពូល C: បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង និងប៉ៃលិន។ ពូល D: ឧត្តរមានជ័យ, ព្រះវិហារ, សូលទីឡូអង្គរ, អង្គរថាយហ្គឺរ និងសៀមរាប។ ពូល E: គីរីវង់សុខសែនជ័យ, តាកែវ, កណ្ដាល, ស្វាយរៀង និងសាលាបាល់ទាត់ជាតិបាទី។ ពូល F: កំពង់ចាម, កំពង់ធំ, ត្បូងឃ្មុំ, ព្រៃវែង។ ពូល G: កោះកុង, ព្រះសីហនុ, កែប, កំពត និងកំពង់ស្ពឺ។ ពូល H: រតនៈគីរី, ក្រចេះ, មណ្ឌលគីរី, ព្រះវិហារ និងស្ទឹងត្រែង។

អ្វីដែលជាការចាប់អារម្មណ៍ រដូវកាលថ្មីនៃពានរង្វាន់ដដែលនេះ នឹងកាត់បន្ថយកម្មវិធីប្រកួតដោយបង្រួមមកនៅខ្លីជាងមុន ពោលគឺលេងតែ ១ជុំ ក្រោយបញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូល ការប្រកួតនឹងឈានចូលវគ្គ ១៦ក្រុមចុងក្រោយយកតែម្ដង និងជាបន្តបន្ទាប់ វគ្គ៨ក្រុមចុងក្រោយ, វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ខណៈឆ្នាំកន្លងៗមក នៅពេលបញ្ចប់វគ្គជម្រុះក្នុងពូល ត្រឹមជុំទី១ គឺបន្តទៅប្រកួតនៅជុំទី២ ដោយមានការបែងចែកពូលជាថ្មីម្ដងទៀត (រដូវកាលខ្លះមានដល់ជុំទី៣) ទើបបន្តឈានទៅប្រកួតវគ្គចាញ់ធ្លាក់ ដើម្បីសម្រេចរកក្រុមជើងឯក។

គួររំឭកថា ពានរង្វាន់នេះទើបតែបញ្ចប់ការប្រកួតរដូវកាល២០១៩ កាលពីខែសីហា កន្លងទៅថ្មីៗនេះ ដោយពានយុវជនអាយុក្រោម ១៥ឆ្នាំ ជើងឯកគឺបានទៅ U-15 ក្លិបវិសាខា និងពានយុវជនអាយុក្រោម ១៨ឆ្នាំ ជើងឯកគឺបានទៅ U-18 ភ្នំពេញក្រោន បន្ទាប់ពីបានផ្អាកជិត ៤ខែដោយសារវិបត្តិកូវីដ-១៩៕

កម្មវិធីប្រកួតទាំងស្រុង ពាន U-15៖

កម្មវិធីប្រកួតទាំងស្រុង ពាន U-18៖

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់