បឹងកេត នៅតែចិញ្ចឹមចិត្តសាងសង់កីឡដ្ឋានផ្ទាល់ខ្លួននៅក្នុងខេត្តកំពង់ចាម – បញ្ជាក់ដោយ លោកស្រី ពុធ ធីតា

មាស សុផាណារ៉ុង October 28, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់បឹងកេត នៅតែចិញ្ចឹមចិត្តសាងសង់កីឡដ្ឋានផ្ទាល់ខ្លួននៅក្នុងខេត្តកំពង់ចាម ដែលជាទីតាំងមូលដ្ឋានដើមរបស់ក្លិបម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៤សម័យកាល មួយនេះ។

បឹងកេត ជាក្លិបមួយដែលមានប្រភពដើមមកពីការបង្កើតដោយក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត ដែលមានមូលដ្ឋាននៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប៉ុន្តែតែងតែប្រើប្រាស់ ពហុកីឡដ្ឋានជាតិ ឬក៏កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ធ្វើជាទឹកដីរបស់ខ្លួន រហូតដល់ប្រធានក្លិបថ្មីចូលមកកាន់នៅឆ្នាំ២០១៨ គឺលោកស្រី ពុធ ធីតា ក្លិបបានចាប់ផ្ដើមការសាងសង់កីឡដ្ឋានផ្ទាល់ខ្លួន នៅសង្កាត់បឹងស្នោរ ខណ្ឌច្បារអំពៅ នាឆ្នាំ២០១៩ រហូតដល់សម្រេចរួចរាល់ និងប្រើប្រាស់បានមួយរដូវកាលដ៏ជោគជ័យផងដែរ។

យ៉ាងណាមិញ ដោយហេតុថា បឹងកេត ជាក្លិបមានមូលដ្ឋានមកពីខេត្តកំពង់ចាម ម្ចាស់ក្លិបថ្មីរូបនេះក៏នៅតែចិញ្ចឹមចិត្តសាងសង់កីឡដ្ឋានផ្ទាល់ខ្លួននៅក្នុងខេត្តដើមនេះដដែល គ្រាដែលទំនាក់ទំនងជាមួយប្រធានក្លិបចាស់នៅតែល្អនឹងគ្នា។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ ប្រធានក្លិបស្ត្រីរូបនេះ បានបង្ហើបយ៉ាងដូច្នេះថា៖ «តាមពិតទៅ បឹងកេតយើងធ្វើនៅទីនេះវាអស់ច្រើនមែនទែន តាមពិតទី១ យើងត្រូវធ្វើនៅកំពង់ចាម ទេ ហើយកំពង់ចាម ក៏យើងបានទិញដី សឹងតែថាកក់លុយគេហើយៗ តែក៏មានបញ្ហាដែលយើងអត់អាចនិយាយបាន ទី២ សហព័ន្ធ គាត់អត់ឲ្យប្រើកីឡដ្ឋានជាតិ គាត់ឲ្យមានទឹកដីខ្លួនឯងនៅខាងក្រៅ អ៊ីចឹងយើងវាប្រថុចញុចមែនទែន ចឹងយើងអស់ពេលចចារជាមួយកំពង់ចាម ដើម្បីឲ្យក្លិបមានកន្លែងប្រកួត អ៊ីចឹងយើងព្យាយាមធ្វើស្តាតខ្លួនឯងដោយជួលដីគេធ្វើតែម្ដង។»

«បើមានថវិកាហ្នឹងធ្វើ គម្រោងគិត និយាយពីដើមមកតាមពិតអត់មានគម្រោងមកធ្វើនៅភ្នំពេញទេ ពីដើមគម្រោងធ្វើនៅបឹងកេត (ចំការកៅស៊ូ ក្នុងខេត្តកំពង់ចាម) ដូចខ្ញុំនិយាយអ៊ីចឹង ដោយសារប្រថុចញុចពេក តាមពិតត្រូវកក់លុយ កក់អីធ្វើហើយ ដីប៉ុន្មានហិចតាឯណោះ ច្រើនមែនទែន ក៏ប៉ុន្តែវាប្រថុចញុចពេក អ៊ីចឹងយើងក៏សម្រេចចិត្តមកធ្វើនៅទីនេះ ហើយមកទល់ឥលូវនេះខ្ញុំអត់អាចនិយាយថាបាន ប៉ុន្តែអារម្មណ៍ក្នុងចិត្ត គឺនៅតែចង់ធ្វើ តែបើយោងតាមសេដ្ឋកិច្ចអ៊ីចឹង គឺយើងមើលតាមសេដ្ឋកិច្ចពិតប្រាកដ។» លោកស្រីបានសង្គត់ធ្ងន់។

បញ្ជាក់ថា គិតត្រឹមរយៈពេល ១០ឆ្នាំចុងក្រោយនៃលីគកំពូលកម្ពុជា ក្លិបបឹងកេត អាចត្រូវបានគេចាត់ទុកថាជាក្រុមជោគជ័យមួយ បន្ទាប់ពីបានឈ្នះពានចំនួន៥ ក្នុងនោះគេបានគ្រងជើងឯកលីគកំពូលកម្ពុជា ៤សម័យកាល ពោលគឺឆ្នាំ ២០១២, ២០១៦, ២០១៧ និងចុងក្រោយឆ្នាំ២០២០ នេះ ខណៈកាលពីឆ្នាំ២០១៩ បានគ្រងម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផងដែរ៕

 

រូបភាព៖ Cambodia Airways Stadium

មតិយោបល់