អង្គរថាយហ្គឺរ ចែកផ្លូវជាមួយកីឡាករក្នុងទ្រង់ទ្រាយធំ ២រដូវកាលជាប់ៗគ្នា

មាស សុផាណារ៉ុង October 28, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ នៅសប្ដាហ៍កន្លងទៅថ្មីៗនេះ បានធ្វើឲ្យភ្ញាក់ផ្អើលការដោះដូរកីឡាករ បន្ទាប់ពីមានការផ្លាស់ប្ដូរសមាសភាពកីឡាករ ជាបន្តបន្ទាប់ ពោលគឺជាការចាកចេញកីឡាករសំខាន់ៗជាច្រើនរូប បន្ទាប់ពីធ្វើពុំបានល្អនៅរដូវកាល២០២០ នេះ។

ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ ត្រឹមរយៈពេល ១ថ្ងៃក្រោយរដូវកាល២០២០ នៃលីគកំពូលកម្ពុជា បិទបញ្ចប់ បានប្រកាសបញ្ចប់កិច្ចសសន្យាជាមួយកីឡាករដល់ទៅ ៨នាក់ ក្នុងនោះមានកីឡាករបរទេស និងសំខាន់ៗ ២រូបផងដែរ។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ អង្គរថាយហ្គឺរ សម្រេចចែកផ្លូវគ្នាជាមួយកីឡាករ ៤រូបរួមមាន កីឡាករ ពេជ្រ សុវណ្ណខេមរិន្រ្ទ, កីឡាករ ហម​ បញ្ញា, កីឡាករ លី អាលីហ្វីន និងកីឡាករ សឹង ណារិទ្ធិ ទាំង ៤នេះសុទ្ធសឹងតែជាកីឡាករចូលរួមជាមួយក្លិបរយៈពេលយូរឆ្នាំមកហើយផងដែរ ខណៈនៅថ្ងៃទី២៧ ខែដដែល ក្លិបក៏បានប្រកាសចែកផ្លូវជាមួយកីឡាករ ៤រូបទៀតរួមមាន អ្នកចាំទី សំ ពៅ, ឆុំ ភីសា កីឡាករបរទេស Yudai Ogawa ជាមួយនិង Joichiro Sugiyama ដែលជាការប្រកាសដ៏ភ្ញាក់ផ្អើល។

កាលពីរដូវកាលមុន អង្គរថាយហ្គឺរ ក៏បានប្រកាសចែកផ្លូវជាមួយកីឡាករជាច្រើនរូបដូចគ្នាផងដែរ ក្នុងនោះរួមមាន កីឡាករ Alexis Ramos, កីឡាករ Fernando Cozar Torres និងកីឡាករ Ryota Hayashi រីឯកីឡាករខ្មែរដែលត្រូវបានក្លិបប្រកាសចែកផ្លូវមានដល់ទៅ ៧នាក់ រួមមានកីឡាករ ហែម ស៊ីម៉ៃ, ឱ សុភ័ណ, មុំ សុធាវ៉ាន់, អ៊ុំ កុម្ភៈ, ជឿន ពិសិដ្ឋ, លី វាសនា និងកីឡាករ ឆាយ រ័ត្នសេរី។

សូមបញ្ជាក់ថា អង្គរថាយហ្គឺរ នៅរដូវកាល២០២០ នេះ ហាក់ធ្វើពុំបានល្អឡើយបើធៀបទៅនឹងរដូវកាលមុនៗ ជាក់ស្ដែងគឺមិនអាចដណ្ដើមបានឱកាសប្រជែងក្នុងតំបន់ក្រុមកំពូលទាំង៦ (Top 6) ដែលជាតំបន់សម្រាប់ក្រុមខ្លាំង៦ នៅជុំទី២ ប្រជែងជើងឯកលីគ ក្រោយធ្វើបានត្រឹមចំណាត់លេខ៧។ សរុបទាំង២ជុំ អង្គរថាយហ្គឺរ បញ្ចប់ទៅដោយឈរនៅលេខ៧ ប្រកួត ១៨ដង ឈ្នះ ១១ដង ស្មើ ៣ និងចាញ់ ៤ដង មាន ៣៦ពិន្ទុ៕

 

រូបភាព៖ អង្គរថាយហ្គឺរ – Angkor Tiger Football Club

មតិយោបល់