លោកស្រី ពុធ ធីតា ជុំវិញបញ្ហាក្លិបធ្លាក់ចូលវិបត្តិហិរញ្ញវត្ថុ ប៉ុន្តែនៅតែអាចឈានទៅលើកពានលីគ

មាស សុផាណារ៉ុង October 27, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់បឹងកេត បានឈ្នះពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ និងទទួលពានជាផ្លូវការហើយនៅត្រឹមយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងឧបសគ្គ អំឡុងរដូវកាលដែលមិននឹកស្មានដល់ពេលវិបិត្តកូវីដ-១៩ កើតឡើងជាសាកលដែលជាហេតុនាំឲ្យមានផលប៉ះពាល់ស្ទើរគ្រប់វិស័យ បូករួមទាំងវិស័យកីឡាបាល់ទាត់ថែមទៀតផង។

ក្លិបរហស្សនាម ‘នាគខៀវ’ ក៏ត្រូវបានដឹងថារងផលប៉ះពាល់ក្នុងអំឡុងវិបត្តិកូវីដ-១៩ ដូចគ្នា ជាពិសេសប៉ះពាល់ដល់បញ្ហាហិរញ្ញវត្ថុរបស់ក្លិប រហូតដល់ឈានទៅសម្រេចកាត់បន្ថយប្រាក់បៀវត្ស ៥០ភាគរយ ទាំងថ្នាក់ដឹកនាំ, ក្រុមគ្រូបង្វឹក, កីឡាករ រួមទាំងបុគ្គលិកគ្រប់ផ្នែក រហូតដល់ស្ថានការណ៍កូវីដ-១៩ នឹងនរវិញនៅកម្ពុជា។

យ៉ាងណាក៏ដោយក៏ក្លិបមួយនេះនៅតែអាចជំនះពុះពាររហូតដល់អាចលើកពានលីគកំពូលកម្ពុជា ជាលើកទី៤ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ខណៈលោកស្រី ពុធ ធីតា ដែលជាប្រធានក្លិបបានបង្ហើបថា គឺមានតែបេះដូងដែលផ្ដល់ឲ្យគ្នាទៅវិញទៅមក ទើបនាំឲ្យក្លិបអាចហែរឆ្លងដំណាក់កាលដ៏លំបាកនេះ។

ថ្លែងនៅក្រោយបញ្ចប់ពិធីប្រគល់ពានរង្វាន់ កាលពីយប់ថ្ងៃទី២៦ ម្សិលមិញ នៅពហុកីឡដ្ឋានជាតិ លោកស្រី ពុធ ធីតា បានលើកកឡើងដូច្នេះថា៖ «បើនិយាយពីរឿងនេះ ខ្ញុំក៏សុំអរគុណដល់កីឡាករខ្ញុំទាំងអស់ វិបត្តិសេដ្ឋកិច្ចនេះដូចបិទក្បាលម៉ាស៊ីនអ៊ីចឹង ហើយក៏យើងនឹកស្មានមិនដល់ថារឿងអ៊ីចឹងៗកើតឡើង យើងអត់បានត្រៀមខ្លួន ក្រុមហ៊ុនក៏អត់បានត្រៀមខ្លួន ក្រុមហ៊ុនយើងភាគច្រើន ឥវ៉ាន់យើងដែលផ្គត់ផ្គង់ភាគច្រើនទាក់ទងជាមួយនឹងយន្ដហោះទាំងអស់។ យើងស៊ូ ប្រមូលអស់ហើយ និយាយរួមធនធាន ប្រមូលអស់តែម្ដង ហើយណាមួយកីឡាករក៏គាត់យល់ចិត្តដែរ យើងក៏អត់បានផ្ដល់ឲ្យគាត់ពេញលេញដែរ តែគាត់នៅតែនៅជាមួយ យើងមានបេះដូងឲ្យគាត់ គាត់ក៏មានបេះដូងអោយយើងដូចគ្នា អ៊ីចឹងយើងតស៊ូជាមួយគ្នា ហើយស្មានមិនដល់ថា ការតស៊ូរបស់យើង ឆ្លងកាត់នូវភាពលំបាក លំបាកមែនទែន គាត់នៅជាមួយយើង យើងនៅជាមួយគាត់ ដូចថាលុយមិនមានច្រើនទេ យើងមានតែបេះដូង បេះដូងដែលពោរពេញទៅដោយក្ដីស្រលាញ់ចំពោះពួកគាត់ ហើយស្រលាញ់វិស័យកីឡានេះខ្លាំង គឺការស្រលាញ់នេះហើយដែលនាំឲ្យយើងមានថ្ងៃនេះ។»

«មិនជាការងាយស្រួលទេ ក៏ប៉ុន្តែសំខាន់ការជោគជ័យនេះ គឺដោយសារធ្វើអ្វីក៏ដោយ អោយតែមានឆន្ទះ មានឆន្ទះនឹងធ្វើ ធ្វើដោយបេះដូង អ្វីដែលជោគជ័យនឹងមកតាមក្រោយ គឺសំខាន់គឺលើយើងធ្វើដោយឆន្ទះពិតប្រាកដ ស្រលាញ់ពិតប្រាកដ ព្យាយាមពិតប្រាកដ អ្វីៗនឹងជោគជ័យ។» លោកស្រី បានលើកឡើងជុំវិញការទទួលជោគជ័យក្នុងនាមជាប្រធានក្លិបស្រ្តីដំបូង ដែលឈ្នះលីគកំពូលកម្ពុជា។

លោកស្រី ពុធ ធីតា និងលោកឧកញ្ញា ឬទ្ធី សំណាង ក្នុងពិធីប្រគល់ពានកាលពីម្សិលមិញ

សូមបញ្ជាក់ថា ក្លិបបាល់ទាត់បឹងកេត បានឈ្នះជើងឯកលីគកំពូលកម្ពុជា រដូវកាល២០២០ ដោយមិនរងបរាជ័យសូម្បីតែ ១ប្រកួត ពោលគឺប្រកួត ១៧ដង ឈ្នះ ១២ដង និងស្មើ ៥ដង មាន ៤១ពិន្ទុ ហើយទទួលបានកៅអីជាក្លិបតំណាងឲ្យកម្ពុជា ចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី លំដាប់ទី២ (2021 AFC Cup) នៅឆ្នាំ២០២១ វគ្គចែកពូល ថែមទៀតផង៕

 

រូបភាព៖ ក្លិបបឹងកេត – Boeung Ket Football Club

មតិយោបល់